ដោយៈជេស៊ីកា
ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបាននិងកំពុងសាងសង់យ៉ាងសកម្ម និងខិតទៅរកការបញ្ចប់ការស្ថាបនា១០០ភាគរយហើយ។
យោងតាមផេកផ្លូវការរបស់គំរោងសាងសង់ផ្លូវល្បឿនលឿនទី១ នៅកម្ពុជានេះបានបង្្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុជាផ្លូវល្បឿនលឿន ដំបូងគេក្នុងប្រទេសកម្ពុជា គម្រោងនេះត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅខែមិថុនាឆ្នាំ២០២២នេះ។
ផេកដដែលនេះបានសរសេរបន្តថា “50 ឆ្នាំនៃប្រតិបត្តិការ 50ឆ្នាំនៃភាពដៃគូ! ធ្វើការរួមគ្នាដើម្បីកសាងកំពង់ផែមាសដ៏ស្រស់ស្អាត”។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសជ្រើសរើស បុគ្គលិកសំរាប់បំពេញការងារនៅពេលគំរោងនេះបើកដំណើរការផងដែរ។ យើងនឹងផ្តល់ឱ្យអ្នកនូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ យើងមានរៀបចំការបណ្តុះបណ្តាលការងារមុន រួមជាមួយរយៈពេលសាកល្បងការងារ 3 ខែ។ បន្ទាប់ពីឆ្លងកាត់រយៈពេលសាកល្បងរួច អ្នកនឹងក្លាយជាបុគ្គលិកផ្លូវការ។
ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ជាផ្លូួវប្រវត្តិសាស្រ្ត ដែលបញ្ជាក់ពីចំណងមិត្តភាពកម្ពុជា ចិន ដែលផ្លូវនេះស្ថិតក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់១ ផ្លូវ១របស់ប្រទេសចិន។
ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះ សាងសង់ឡើងដោយចំណាយទឹកប្រាក់រហូតដល់២០០០លានដុល្លារអាមេរិក ដែលទំហំចំណាយនេះធំមែនទែន បើធៀបនឹងការសាងសង់ផ្លួវដទៃទៀតនៅកម្ពុជា៕