ដោយៈ សុខុម
សៀងហៃ: បុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់ផុងក្នុងបំណុល China Evergrande Group បានទម្លាយឱ្យដឹងថា ពេលនេះ៩៥%នៃគម្រោងទាំងអស់របស់ក្រុមហ៊ុន Evergrande ទូទាំងប្រទេសចិន បានចាប់ផ្ដើមការងារសាងសង់វិញហើយគិតត្រឹមចុងខែមីនា។
ក្រុមហ៊ុន Evergrande បានបន្តការងារឡើងវិញ នៅក្នុងគម្រោងអភិវឌ្ឍន៍ចំនួន៧៣៤ ក្នុងចំណោមគម្រោងទាំងអស់ នៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃទី២៧ ខែមីនា។ នេះបើយោងតាមផូសមួយបង្ហោះកាលពីថ្ងៃសៅរ៍ ទី០២ ខែមេសា លើ WeChat ផ្លូវការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ Pearl River Delta របស់ក្រុមហ៊ុនអភិវឌ្ឍន៍ Evergrande។
ទោះជាយ៉ាងណា ការលើកឡើងនោះមិនបានផ្តល់តួលេខ សម្រាប់ចំនួនសរុបជាក់លាក់ នៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Evergrande នោះទេ។
ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេ បំផុតរបស់ពិភពលោកជាមួយនឹងបំណុលរហូតដល់ ទៅជាង៣០០ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះកំពុងដុនដាបខ្លាំង នៅក្នុងសងបំណុលថ្លៃសញ្ញាប័ណ្ណ ឬមូលបត្របំណុល ធនាគារ អ្នកផ្គត់ផ្គង់ និងប្រគល់ផ្ទះទៅឱ្យអ្នកទិញ។
យោងតាមផូសនោះបង្ហាញថា ក្រុមហ៊ុន Evergrande នឹង “បន្តរក្សាការសាងសង់ធម្មតានៃគម្រោង ទាំងនោះដើម្បីប្រគល់ជូនផ្ទះដល់អតិថិជនជាមួយនឹងការធានាគុណភាព និងបរិមាណទោះក្នុងតម្លៃណាក៏ដោយ”។
លោក Hui KaYan ប្រធានក្រុមហ៊ុន Evergrande បានសន្យាជាច្រើនដងមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២១ថា ក្រុមហ៊ុននឹងបន្តការងារសាងសង់ឡើងវិញពេញលេញ ដើម្បីធានាបាននូវការប្រគល់ផ្ទះជូនអតិថិជន។
លោក Hui បានប្រាប់បុគ្គលិករបស់លោកកាលពីខែកុម្ភៈថា ក្រុមហ៊ុនមានបំណងប្រគល់ផ្ទះ ឱ្យបានចំនួន៦០០.០០០យូនីត ក្នុងឆ្នាំ២០២២។ នេះបើយោងតាមប្រភពស្និទ្ធនឹងបញ្ហានេះ និងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ៕ Reuters៕