ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ គំរោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម BOOYOUNG TOWN តម្លៃ ១៦០លានដុល្លារអាមេរិក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ នឹងប្រកាសលក់នៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ខាងមុខ។
យោងតាមប្រភពព៌តមានរបស់ក្រុមហ៊ុន BOOYOUNG GROUP បានឲ្យដឹងនាព្រឹកថ្ងៃទី១១ តុលានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាគារភ្លោះចំនួន៤ ដែលមានកំពស់ជាង២៣ជាន់ កំពុងដំណើរការយ៉ាងសកម្ម និងគ្រោងបញ្ចប់តាមផែនការរបស់ខ្លួន ។គំរោងនេះនឹងប្រើប្រាស់ចម្រុះ ដែលរួមនមានលំនៅដ្ឋានបែបសហកម្មសិទ្ឋ ផ្សារទំនើបមជ្ឈមណ្ឌលសិល្បៈ មជ្ឈមណ្ឌលកីឡាផងដែរ។
រហូតមកទល់ពេលនេះការសាងសង់ជាន់ក្រោមដីចំនួន៤ជាន់ បានបញ្ចប់ហើយ និងកំពុងសាងសង់ឡើងមកជាន់ទីមួយ។
ប្រភពដដែលបានបន្តឲ្យដឹងថា គំរោងនេះមានខុនដូប្រមាណ១៨០០យូនីត ដែលដាក់លក់ដោយ ផ្តោតលើអតិថិជនគោលដៅបីប្រភេទ គឺអតិថិជនមានជីវភាពមធ្យម អតិថិជនមានជីវភាពមធ្យមកម្រិតខ្ពស់ និងខុនដូប្រណីតដែលផ្តោតលើអ្នកមានជីវភាពធូរធារខ្លាំង។
BOOYOUNG GROUP ជាក្រុមហ៊ុនយក្សមួយ មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលបានវិនិយោគគំរោងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។
ទីផ្សារខុនដូបច្ចុប្បន្ននៅកម្ពុជាកំពុងមានកំនើនខ្ពស់ ខណៈតម្រូវការស្ថិតក្នុងសភាពយឺតៗនៅឡើយ ប៉ុន្តែខុនដូដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម នៅតែមានការគាំទ្រ ពិសេសប្រជាពលរដ្ឋក្នុងស្រុក។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងថា ទោះបីជាចំនួនខុនដូដាក់ចូលក្នុងទីផ្សារបន្តកើនឡើងច្រើនក្តី ប៉ុន្តែគំរោងខុនដូដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍មានកេរ្ត៍ឈ្មោះល្បី ជាគំរោងមានភាពទាក់ទាញ និងស្ថិតនៅទីតាំងល្អ នៅតែមានសក្តានុពលក្នុងការលក់នៅឡើយ។
បច្ចុប្បន្នតំបន់នេះកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដោយមានគំរោងធំៗកំពុងសាងសង់ឡើងស្របគ្នាជាមួយគំរោង Booyoung Town ផងដែរ ដូចជាគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះ Prince International Plaza និងគំរោងខុនដូរបស់ក្រុមហ៊ុនជប៉ុន ARAKAWA ផងដែរ៕