ដោយៈ សុផារី
សៀមរាបៈ គម្រោងផ្លូវ៣៨ខ្សែ ដែលទើបបើកសម្ភោធដាក់ឱ្យប្រើប្រាស់ គម្រោងព្រលានយន្តហោះសៀមរាប អង្គរថ្មី និងការប្រកាសពីលទ្ធភាព នៃការបង្កើតក្រុងថ្មីមួយ នៅភាគខាងជើងនៃស្រុកសូត្រនិគម ត្រូវបានអ្នកជំនាញមើលឃើញថា ជាកម្លាំងចលករជម្រុញសក្តានុពលលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច អចលនទ្រព្យ ពាណិជ្ជកម្ម ទេសចរណ៍ ជាដើម។
លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីថ្ងៃទី៤ ខែមេសាកន្លងមកថា ស្រុកសូទ្រនិគម ជាទីតាំងមានហេដ្ឋរចនាសម័ន្ធពិសេសគឺទីតាំង “ព្រលានយន្តហោះសៀមរាបអង្គរថ្មី” ខេត្តសៀមរាប ដែលជាប្រភេទព្រលានយន្តហោះលំដាប់4Eអាច ឱ្យយន្តហោះឆ្លងទី្វបគ្រប់ប្រភេទចុះចតបាន។
លោកបានលើកឡើងថា “គម្រោងព្រលានយន្តហោះថ្មីនេះ នឹងប្រែតំបន់ជុំវិញព្រលានយន្តហោះ ទៅជាកូនទីក្រុងអភិវឌ្ឍន៍ពាណិជ្ចកម្មដ៏រីកចំម្រើនមួយនាពេលអនាគត ជាពិសេសស្រុកសូត្រនិគមនឹងមានសក្តានុពល តាមរយៈព្រលានយន្តហោះថ្មី ក្នុងការទាក់ទាញលំហូរការវិនិយោគ ពាណិជ្ជកម្ម និងការដឹកជញ្ចូន”។
មួយវិញទៀត សម្រាប់វិស័យទេសចរណ៍ លោកថា ទីតាំងរមណីយដ្ឋានទេសចរណ៍នានា នឹងផុសឡើងនៅតំបន់ជុំវិញនេះ ច្រើន ជាពិសេស នៅក្នុងស្រុកសូទ្រនិគម ជាទីតាំងជាប់បឹងទន្លេសាប និងជាទីតាំងរបស់សហគមន៍ នៅលើទឹកធំជាងគេបំផុតតាមមាត់បឹងទន្លេសាប គឺ “សហគមន៍កំពង់ឃ្លាំង”។
លោកបន្តថា តាមរយៈ“សហគមន៍កំពង់ឃ្លាំង” ដែលជារមណីយដ្ឋាន ដ៏មានសក្តានុពលបែបធម្មជាតិ វប្បធម៌ សហគមន៍ ដែលគួរឱ្យគយគន់ដ៏ធំនេះ នឹងទទួលបានប្រជាប្រិយភាព កាន់តែច្រើនពីភ្ញៀវទេសចរណ៍ អាចមកទស្សនាកំសាន្ត ជិះទូក ទស្សនាជីវភាពរស់នៅព្រៃលិចទឹកនិងសត្វស្លាប ជាដើម។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អាចនឹងមានក្រុងរណបថ្មីមួយនៅភាគខាងជើង នៃតំបន់ព្រលានយន្តហោះ សៀមរាប អង្គរថ្មី ដែលគម្រោងអភិវឌ្ឍន៍នានា ដូចជា លំនៅដ្ឋាន ពាណិជ្ជកម្ម ទេសចរណ៍ នឹងអាចកើតមានឡើងនាពេលអនាគត។
លោកសុធារ៉ា បានមានប្រសាសន៍ថា “បើការបង្កើតទីក្រុងថ្មីនៅស្រុកនេះអាចកើតឡើងមែន វានឹងធ្វើអោយវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាបទាំងមូល មានសន្ទុះឡើងខ្លាំង ដោយវានឹងក្លាយជាចំនុចរួមផ្សំបន្ថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និង អន្តរជាតិអោយមកវិនិយោគ ក្នុងទឹកដីដ៏អច្ឆរិយៈមួយនេះ បន្ថែមពីផ្លូវ៣៨ខ្សែ ដែលទើបតែសម្ភោធរួចរាល់ហើយ កាលពីថ្ងៃទី០៤ ខែមេសានេះ”។
សម្តេចតេជោបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ គឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ ក្នុងការតភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលនៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ។
បន្ថែមលើសនេះ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក៏បានចូលរួមលើកកម្ពស់មុខមាត់ខេត្តសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី៣ រួមមាន ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលជាគោលដៅទេសចរណ៍វប្បធម៌ បូជនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយ សក្តានុពលសេដ្ឋកិច្ច សម្បូរណ៍បែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនចូលមកទស្សនា៕