វិភាគៈសម្តេចតេជោៈ តារារះនៅទិសឧត្តរ”​ ទស្សនទាននិងសក្តានុពលអ្វីខ្លះ កំពុងមាននៅតំបន់នេះ?

0

      ដោយៈសុផារី

        តំបន់ឧត្តរទិសៈ បន្ទាប់ពីប្រសិទ្ឋនាមតារារៈនាទិសនារតី សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសិទ្ឋនាមតំបន់ថ្មីមួយទៀតជា “តារារះនាទិសឧត្តរ” ដែលផ្នែកខ្លះនាំតំបន់នៅលង់លក់នៅឡើយ។

ប៉ុន្តែព្រះអាទិត្យថ្មី ចាប់ផ្តើមរះនៅតំបន់នេះហើយ ដែលតំបន់នេះភាគ​ច្រើនបានបង្កប់នូវដោយធនធានធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្ត ពិសេសសំណង់ប្រាសាទដ៏មានតម្លៃ និងជាសម្បត្តិបេតិកភ័ណ្ឌមនុស្សជាតិ បន្ទាប់ពីប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីរបេតិកភ័ណ្ឌវប្បធ៌មរបស់អង្គការយូណេស្កូុជាបន្តបន្ទាប់។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងពិធីចុះពិនិត្យដំណើរកាេសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កា​លពីថ្ងៃទី៣ មេសា ដោយប្រសិទ្ឋនាមតំបន់ភាគខាងជើងបប្រទេសជា “តារារះនាទិសឧត្តរ” ដែលតំបន់នេះនឹងគ្របដណ្តប់ លើខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងផ្នែកខ្លះនៃខេត្តព្រះវិហារ។

ទស្សនទានសេដ្ឋកិច្ចពីអ្នកវិភាគ

        ការរីកចម្រើន នៃសេដ្ឋកិច្ចសង្គមរបស់តំបន់ណាមួយ វាផ្អែកលើទីតាំងភូមិសាស្រ្ត សក្តានុពលនៅមូលដ្ឋាននានា និងកត្តាប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋផងដែរ។

លោក​បណ្ឌិត​ ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​​ បាន​មាន​ប្រសាសន៍ថា​ ខេត្តសៀមរាបជាខេត្តមួយ ដែលមានសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត ជាយូរមកហើយ។ ការចង្អុលបង្ហាញទិសរបស់សម្តេចតេជោ មិនមែនត្រឹមតែសំដៅទៅលើប៉ូលខេត្តសៀមរាបមួយនោះទេ ប៉ុន្តែក៏សំដៅដល់តំបន់ជុំវិញ ដែលមានភាពពាក់ព័ន្ធ មានខេត្តព្រះវិហារ ប៉ូលសេដ្ឋកិច្ចនានាជាប់បឹងទន្លេសាប តំបន់ចុងឃ្នាស ជាដើម។

លោក​បណ្ឌិត​បន្តថា “កាលពីមុនសេដ្ឋកិច្ចរបស់ខេត្តមួយនេះ មួយផ្នែកធំពឹងផ្អែកលើវិស័យទេសចរណ៍ ទាំងចំណូលផ្ទាល់និងប្រយោល ព្រមទាំងបាន​ផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា”។

ការប្រសិទ្ធិនាមថ្មីដល់ខេត្តសៀមរាប និងបណ្តាខេត្តនៅជុំវវិញ គឺចង់បង្ហាញថាតំបន់នេះ នឹងមានសក្តានុពលដូចកាលពីមុនអញ្ចឹង ដោយសារតែកន្លងមក ឥទ្ធិពលនៃជំងឺរាតត្បាតបានជះឥទ្ធិពល ដល់ចំណូលក្នុងវិស័យទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ឱ្យ​មានការធ្លាក់ចុះយ៉ាងគំហុក សឹងតែដល់សូន្យ ជាពិសេសលើអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មពាក់ព័ន្ធនឹងទេសចរណ៍។

លោក​បណ្ឌិតហុង វណ្ណៈបានបន្តថា “សម្តេចមានប្រសាសន៍នេះ ជាក្តីរំពឹងរបស់លោកគិតថា ស្ថានភាពកូវីដរបស់កម្ពុជាក៏បានថមថយ ស្របពេលការបើកប្រទេស និងការបន្ធូរបន្ថយលក្ខខណ្ឌទេសចរណ៍ ដើម្បីធ្វើឱ្យមានសកម្មភាពទេសចរណ៍បរទេស មកទស្សនានៅកម្ពុជា​ជាប្រក្រតីបណ្តើរៗវិញ”។

លោក​បណ្ឌិតបន្តថា វិស័យទេសចរណ៍នៅ​ក្នុង​ខេត្ត​សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ជា​ចលករ​សំខាន់​បំផុត​ ដែល​បានជំរុញដល់​វិស័យផ្សេងៗទៀតជា​ច្រើន ដូចជា វិស័យសំណង់ វិស័យអចលនទ្រព្យ វិស័យធនាគារ ជាដើមឱ្យ​ដំណើរ​ការ​ទៅ​​ដោយ​រលូន​។ ​

លោកយល់ថា “ការរំពឹងរបស់ប្រមុខរាជរដ្ឋាភិបាល លើការប្រសិទ្ធិនាមថ្មីនេះ គឺរំពឹងថាចរន្តសេដ្ឋកិច្ចរបស់ខេត្តសៀមរាប នឹងវិលត្រឡប់មកប្រក្រតីវិញនៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ”។

សក្តានុពលវិស័យអចលនទ្រព្យ

        ក្នុងចំណោមបណ្តាខេត្តនៅភូមិភាគឧត្តរ ខេត្តសៀមរាបមានភាពលេចធ្លោជាងគេ លើការអភិវឌ្ឍវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្នមានសំណង់បុរីធំៗ មានខុនដូ អាផាតម៉ិន រមណីយដ្ឋានកែច្នៃជាដើម ប៉ុន្តែខេត្តដទៃទៀតដូចជាកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ល្បឿននៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅមានកម្រិត។

 

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បាន​មាន​ប្រសាសន៍ថា ការប្រសិទ្ធិនាមជាចំណុចចាប់ផ្តើមនៃការទាក់ទាញវិនិយោគិន នាំឱ្យវិនិយោគិនស្គាល់ច្រើន ដើម្បីសម្រេចចិត្តក្នុងការធ្វើការវិនិយោគឬទេ។

លោក​បញ្ជាក់ថា “ការប្រសិទ្ធិនាម “តារារះនៅទិសឧត្តរ”​ ប្រៀបដូចជា Brand (ស្លាកយីហោ) ឱ្យខេត្តសៀមរាប។ ឈ្មោះដែលចាប់អារម្មណ៍ ជាចំណុច ចាប់ផ្តើមនាំឱ្យមានការនិយាយអំពីខេត្តច្រើន ការចង់ឬមិនចង់វិនិយោគជាចំណុចបន្ទាប់”។

យ៉ាងណាក្តី លោកប្រធាន​សមាគម​​យល់​​ឃើញ​ថា ការប្រសិទ្ធិនាមល្អ​និង​ងាយ​ស្រួល​ក្នុង​ការ​ចងចាំ​នេះ ជាចំណុចចាប់ផ្តើមនៃការទាក់ទាញចំណា​ប់អារម្មណ៍របស់សាធារណជន និងអ្នកវិនិយោគផងដែរ​។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ខេត្ត​សៀមរាប និងបណ្តាខេត្តជុំវិញឱ្យ​ស័ក្តិសម​នឹង​ឈ្មោះ​ដ៏​អស្ចារ្យ​ លោក​សុខនីម​បាន​មាន​ប្រសាសន៍​ថា ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធជា​កត្តា​ចំបាច់ ​និង​សារទរ​ចំពោះ​ខេត្ត​ទេសចរណ៍​មួយ​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ការសាងសង់ខ្សែក្រវាត់ ឬហេដ្ឋារចនាសម្ព័ន្ធផ្លូវនានា ជាការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ សម្រាប់ប្រជាជននៅក្នុងខេត្ត និងគាំទ្រនូវវិស័យទេសចរណ៍នាពេលអនាគត ក្រោយពេលកូវីដបានបញ្ចប់ទៅ”។ លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ធ ដែលបានបញ្ចប់ និងដាក់ឱ្យដំណើរការរួចរាល់ ជាសញ្ញានៃការទទួលបាន និងប្រសិទ្ធភាពនៃកិច្ចការងារគាំទ្រដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូន។ ជាពិសេស វាជាយន្តការនៃការអភិវឌ្ឍ និងមុខមាត់ប្រទេសកម្ពុជាផងដែរ”។

ជាអ្នកមានមូលដ្ឋាននៅខេត្តសៀមរាប និងកំពុងវិនិយោគលើវិស័យអចលនទ្រព្យ លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសន៍ថា ការលើកឡើងរបស់សម្តេចតេជោ ដែលចាត់ទុកខេត្តសៀមរាបជា “តារារះនៅទិសឧត្តរ” នឹងក្លាយជាចំនុចទាក់ទាញមួយដ៏អស្ចា   រ្យ ដោយសារនេះ​សរ​បញ្ជាក់ថា រដ្ឋាភិបាលរបស់យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រែមុខមាត់ខេត្តសៀមរាប ឱ្យ​កាន់តែប្រសើរឡើង ក្នុងចំណោមខេត្ត សក្តានុពលដទៃទៀតរបស់ប្រទេសកម្ពុជាយើង។

វិស័យទេសចរណ៍

        ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ សុទ្ឋតែមានភាពលេចធ្លោ និងសក្តានុពលផ្សេងៗគ្នា ក្នុងវិស័យទេសចរណ៍ គ្រាន់តែអ្វីសំខាន់តើរដ្ឋាភិបាល និងវិស័យឯកជន បានទាញយកមកប្រើប្រាស់ឲ្យអស់លទ្ឋភាព នូវធនធានទាំងនោះហើយឬនៅ?។

ជាអ្នកជំនាញទេសចរណ៍ជើងចាស់មួយរួប លោក ហូ វណ្ឌី ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​​ បានលើកឡើងថា “បើ​និយាយពី​តំបន់​នេះ ក្រុងអង្គរ ដែលប្រមូលផ្តុំនូវប្រាង្គប្រាសាទជាប្រព័ន្ធ និងជាសួនឧទ្យានប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយ ក្នុងពិភពលោកទាំងមូល។

លោកបន្តថា “មិនមានប្រទេសណាមួយ ដែលមានប្រាង្គប្រាសាទពោរពេញទៅដោយសួនឧទ្យាន ដែល​អជ្ញាធរអប្សរាបានកំណត់យុទ្ធសាស្ត្រវែងឆ្ងាយប្រកបដោយនិរន្តរភាព ក្នុងការទាក់ទាញភ្ញៀវទេសចរបែបវប្បធម៌”។​

លោកបន្តថា ជាការពិតណាស់ ប្រទេសកម្ពុជា ជាពិសេសប្រាង្គប្រាសាទបុរាណទាំងឡាយនៃក្រុងអង្គរ ត្រូវបានបណ្ដាញសារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយនានា ក្នុងពិភពលោកបានកោតសរសើរស្ញប់ស្ញែង និងផ្តល់តម្លៃនិងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន។

លោក​បញ្ជាក់ថា “តារារះនាទិសឧត្តរ”  គឺជាប្រសិទ្ធិនាមថ្មីរបស់ខេត្តសៀមរាប និងបណ្តាខេត្តជុំវិញ ដែលជាទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក មកឈ្វេងយល់ពីកម្ពុជា”។

លោកវណ្ឌីមានប្រសាសន៍បន្ថែម​ថា ស្ថានភាពនៃវិស័យទេសចរណ៍នៅក្នុងឆ្នាំ២០២២នេះ មានសភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និង២០២១ ដែលរងផលប៉ះពាល់ពីការលុកលុយ នៃមេរោគកូវីដ១៩កន្លងមក។ លោកសង្ឃឹមថា ចាប់ពីពេលនេះតទៅ អាជីវកររកស៊ីនៅក្នុងវិស័យទេស​ចរណ៍ និងបដិសណ្ឋារកិច្ច នឹងមានក្តីសង្ឃឹមច្រើនជាងឆ្នាំទៅ។

ជាមួយគ្នានេះ លោក បេ តៃសែ ប្រធានស្ដីទីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិសំបូរព្រៃគុក បាន​លើកឡើង​ថា ​បើ​និយាយ​ពី​តំបន់​ឧត្តរ​ ខេត្ត​សំខាន់​ៗ ​ដែល​មា​នសក្តានុពល​ទេសចរណ៍​ខ្លាំង ​បំផុតមាន​ចំនួន​៤ គឺ​ ​ខេត្ត​សៀមរាប ខេត្ត​កំពង់​ធំ​ ឧត្តរមានជ័យ និង​ខេត្ត​ព្រះ​វិហារ​។

ខេត្ត​ទាំង​បី​នេះ​ មាន​តំបន់ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិជាច្រើន​។​​​ នៅ​ក្នុង​ខេត្ត​សៀមរាប​មាន​ ប្រាសាទ​អង្គរវត្ត​ ប្រាង្គ​ប្រាសាទ​បុរាណ​នានា​ ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ និង​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​ខ្លាំង។​ ក្រៅ​ពី​សម្បត្តិ​បុរាណ ក៏​មាន​ការ​បង្កើត​​​តំបន់ទេសចរណ៍​កែច្នៃជា​ច្រើន​ផងដែរ​។​​ ​ចំណែកខេត្ត​កំពង់​ធំ​ក៏​មាន​​ ប្រាសាទ​សំបូរព្រៃ​គុក ដែ​លត្រូវ​បាន​ដាក់​ជា​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោកកាលពី​ឆ្នាំ​២០១៧។​

សម្រាប់​ខេត្ត​ព្រះ​វិហារ មាន​ប្រាសាទ​​ព្រះ​វិហារ ដែល​ត្រូវបាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០០៨​ ​ និង​​ប្រាសាទ​ព្រះ​ខ័ន ដែល​កំពុង​ត្រូវ​បាន​រៀបចំ​ ដាក់​ចូល​​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ​និង​ប្រាសាទ​កោះកេរ ដែល​បាន​ស្នើ​ដាក់ចូល​​ជា​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោកផងដែរ​។​​​

លោកបន្តថា ក្រៅពីនេះ​ តំបន់បឹង​ទន្លេ​សាប​ក៏​ជា​តំបន់ ​ដែល​មាន​សក្តានុពល​ខ្ពស់ ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនាកំសាន្ត​ នៅ​ក្នុង​តំបន់ផងដែរ​។​

លើសពីអ្វីដែលអ្នកជំនាញលើកឡើង តារារះនាទិសនារតី ជាអ្វីដែលប្រសិទ្ឋនាមដោយសម្តេចតេជោ គឺមានន័យលើសពីនេះ គឺរាជរដ្ឋាភិបាល នឹងរៀបចំផែនការ គោលនយោបាយថ្មីៗបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលលើបណ្តាខេត្តទាំងនេះ ដើម្បីជម្រុញការរីកចម្រើនសេដ្ឋ​កិច្ច សង្គម ពិសេសការធ្វើយ៉ាងណា ឲ្យល្បាយនៃការអភិវឌ្ឍន៍ ឬការវិនិយោគ​បានសាយភាយទៅគ្រប់ទិសទីនៃប្រទេស តាមរយៈការវិភាជន៍ថវិកាជាតិ ដើម្បីកសាងនូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋ កសាងនិងពង្រឹងនូវសក្តានុពល និងទាញយកធនធាន ដែលមានស្រាប់យកមកប្រើប្រាស់ ឲ្យអស់សក្តានុពល និងកសាងមូលដ្ឋានសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសតំបន់ឆ្ងាយៗខិតកាន់តែកៀកនឹងទីក្រុង និងពង្រីកនូវល្បឿននៃការអភិវឌ្្ឍន៍ឲ្យបានគ្រប់ទិសទី។

តារារះៈនាទិសនារតី បាននិងកំពុងរះហើយ ប៉ុន្តែតារារះនាទិសឧត្តរ” ក៏បាននិងកំពុងរៀបចំបញ្ចេញពន្លឺផងដែរ ដើម្បីស្នាមញញឹម សុខមាលភាព​និងវិបុលភាព របស់ប្រជាពលរដ្ឋនាពេលអនាគត ដែលមើលឃើញនូវពន្លឺឺដ៏ត្រចះត្រចង់មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here