ដោយៈសុផារី
សៀមរាបៈ តំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺតែងតែទទួលបានការអភិវឌ្ឍ និងការវិនិយោគពីបណ្ដាវិនិយោគិនក្នុង និងក្រៅប្រទេស ដែលជាកត្តាជម្រុញតម្រូវការដីធ្លី បណ្តាលឱ្យតម្លៃដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍នោះមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។
គម្រោងអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ត្រូវបានមើលឃើញថា បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នេះ និងតំបន់ជុំវិញមានការហក់ឡើងខ្ពស់មិនធ្លាប់មានកន្លងមក។ អ្នកជំនាញបានបង្ហើបពីតម្លៃនៃដីធ្លី នៅតំបន់ខាងលើនេះថា អាចមានការកើនឡើងខ្លាំង បើធៀបនឹងកាលពីគម្រោងមិនទាន់ចាប់ផ្តើម។
លោកកែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសនឲ្យដឹងនៅក្នុងសប្តាហ៍នេះថា ដីធ្លីនៅតំបន់ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មានតម្លៃប្រែប្រួលបែងចែកជាបីដំណាក់កាល គឺដំណាក់កាលមិនទាន់ស្គាល់ទីតាំង ដំណាក់កាលគម្រោងទីតាំងសាងសង់ និងដំណា ក់កាលក្រោយគម្រោងសាងសង់រួចរាល់។
លោកបានប្រាប់ថា នៅក្នុងដំណាក់កាលទី១ នៅពេលចេញគម្រោងដំបូង ប៉ុន្តែទីតាំងមិនទាន់ត្រូវបានបង្ហើបឱ្យស្កាល់ តម្លៃដីធ្លីមានចន្លោះពី ៥.០០០ដុល្លារ ទៅ១០.០០០ដុល្លាក្នុងមួយហិចតា ស្មើនឹង០,៥ដុល្លាទៅ១ដុល្លាក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ដោយតម្លៃខាងលើនេះអាស្រ័យលើទីតាំង និងបត្រ័កម្មសិទ្វិនៃដីធ្លី។
គម្រោងអាកាសយានដ្ឋាន តម្លៃប្រមាណ៨៨០លានដុល្លារនេះ បានសម្រេចការសាងសង់បានប្រមាណ២២ភាគរយ និងគ្រោងដំណើរការលើកដំបូងនាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
លោកសុធារ៉ាបានលើកឡើងថា “ក្រោយមកនៅពេលដែលទីតាំងនៃគម្រោងដ៏ធំនេះបានចេញជាផ្លូវការ ហើយទីតាំងគម្រោងសាងសង់ត្រូវបានបង្ហើប តម្លៃដីធ្លី ចន្លោះពី២ទៅ១០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងបត្រ័កម្មសិទ្វិផងដែរ”។
នៅពេលដែលគម្រោងនេះ ត្រូវបានសាងសង់រួចក្នុងឆ្នាំ២០២៣ លោកបានព្យាករណ៍ថា តម្លៃដីធ្លីនៅក្នុងតំបន់នេះ និងតំបន់ក្បែរៗនឹងហក់ឡើងដល់ទៅ ចន្លោះ ៣០ទៅ៥០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងបត្រ័កម្មសិទ្វិផងដែរ។ យ៉ាងណាក្តី តម្លៃដីធ្លីនៃការប៉ាន់ស្មាននេះ ត្រូវសង្គេតមើលស្ថានភាព ក្រោយឆ្នាំ២០២៣បន្តទៀត ដោយហាងឆេងនឹងអាចប្រែប្រួលផ្អែកទៅលើសេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែងនាពេលនោះផងដែរ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃអាទិត្យនេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយប្រទេសចិន នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា នៅពេលវាដំណើរការនៅចុងឆ្នាំ២០២៣។ ក្រៅពីនេះ គម្រោងខាងលើនេះ ក៏នឹងអាចមានការកកើតឡើង នូវទីក្រុងរណបប្រមូលផ្តុំនូវហេដ្ឋារចនាសម្ព័ន្ធ គម្រោងលំនៅដ្ឋានជាច្រើន។
លោកសុធារ៉ាបានមានប្រសាសន៍ថា “គម្រោងនេះ នឹងធ្វើអោយវិស័យអចលនទ្រព្យ ក្នុងខេត្តសៀមរាបទាំងមូលមានសន្ទុះឡើងខ្លាំង ដោយវានឹងក្លាយជាចំនុចរួមផ្សំបន្ថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិអោយមកវិនិយោគក្នុងទឹកដីដ៏អច្ឆរិយៈមួយនេះ”៕