រដ្ឋាភិបាលរៀបចំផែនការមេសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរី នាពេលអនាគត

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ជាមួយផែនការមេអភិវឌ្ឍន៍៍វិស័យទេសចរណ៍រយៈពេលវែងឆ្នាំ២០២១ ២០៣៥ រដ្ឋាភិបាលបានដាក់ចេញផែនការមេ ក្នុងការកសាងផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរីនាពេលអនាគត។

យោងតាមផែនការលំអិតអភិវឌ្ឍន៍ វិស័យទេសចរណ៍ឆ្នាំ២០២១ ២០៣៥ សម្រាប់ខេត្តមណ្ឌលគិរី នៅក្នុងចំណុចទី៣ នៃៃការតភ្ជាប់តាមផ្លូវគោក សម្រាប់ផែនការមេដដែលនេះ រដ្ឋាភិបាលបានជំរុញឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿន (High way) តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ ដែលមានកំណត់នៅក្នុងចក្ខុវិស័យដល់ឆ្នាំ២០៣៥។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ត្រូវបានធ្វើឡើងដោយផ្ទាល់ និងប្រយោលតាម Zoom ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានការចូលរួមពីឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិកាជាតិដឹកនាំអនុវត្តផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តមណ្ឌលគិរី​។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នេះ នឹងអនុញ្ញាតឲ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសច​រណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដ ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដោយមានខេត្តមណ្ឌលគិរីជាស្នូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

ជាមួយគ្នានេះ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរន៍បានបញ្ជាក់ដែរថា បំណងប្រាថ្នាសំខាន់របស់ផែនការមេនេះ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កាស្រស់ បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

លោកបន្តថា “ដូច្នេះខេត្តមណ្ឌលគិរី ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ស្របពេលដែលបញ្ហាប្រឈមថ្មីៗក្នុងពិភពលោក ដូចជា ភាពតានតឹងនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងហេតុការណ៍ដែលកើតឡើងឥតគ្រោងទុក ដូចជាករណីវិបត្តិជំងឺកូវីដ-១៩ជាដើម ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន”។

លោកថោង ខុន បានបន្តថា ផែនការមេនេះ នឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here