អ្នកជំនាញលើកឡើងខុសគ្នាពីការរីកចម្រើននៃទីផ្សារខុនដូនៅកម្ពុជា

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មកដល់ឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយសារតែមតិមួយចំនួនបានលើកឡើងពីកំណើន នៃវិស័យខុនដូនៅកម្ពុជា។

ជាមួយគ្នានេះ មានមតិផ្សេងទៀតបានលើកឡើង ពីភាពអវិជ្ជមានក្នុងវិស័យនេះ ក្នុងឆ្នាំ២០២២នេះ ។ តើមតិទាំងពីរនេះ បានលើកឡើងយ៉ាងដូចម្ដេច ?។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងពីប្រសើរ នៃទីផ្សារខុនដូក្នុងប្រទេសកម្ពុជា ដោយនិយាយថា ទីផ្សារខុនដូ ក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមប្រសើរឡើង ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរប្រទេសឡើងវិញ នៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ សកម្មភាពនៃការទិញលក់ខុនដូ ក្នុងទីផ្សារប្រទេសកម្ពុជាបានចាប់ផ្ដើមកម្រើកឡើងវិញ។

លោកបន្តថា “នៅពេលបើកប្រទេស ប្រជាពលរដ្ឋមានពេលវេលា និងអាចចេញចូលប្រទេសឡើងវិញ ការទិញខុនដូ ជាពិសេសនៅអំឡុងខែមករា កុម្ភៈ ឬមីនា សកម្មភាពទិញលក់ខុនដូ បានប្រសើរឡើងជាបន្តបន្ទាប់”។​លោកបន្តថា “យើងរំពឹងថាចាប់ពីខែ មេសានេះតទៅការទិញលក់នឹងកាន់តែប្រសើរឡើងបន្ថែមទៀត ដោយសារតែបណ្ដាអាជីវកម្មមួយចំនួនបានបើកឡើងវិញ និងបានធ្វើឱ្យប្រជាជន មានចំណូលល្អប្រសើរឡើងវិញ មានលទ្ធភាពក្នុងការទិញខុនដូសម្រាប់វិនិយោគបានច្រើន”។

ងាកត្រលប់ទៅមតិផ្ទុយវិញម្ដងឃើញថា ក្រុមហ៊ុន CBRE Cambodia បានបង្ហាញពីរបាយការណ៍ និងការសិក្សារបស់ខ្លួនជុំវិញទីផ្សារខុនដូនេះដែរ ដោយបានលើកឡើងថា ការផ្គត់ផ្គង់ខុនដូនៅក្នុងត្រីមាសទី១ឆ្នាំ ២០២២នេះមានចំនួនតិចតួចនៅឡើយ ធៀបនឹងការរំពឹងទុកកាលពីដើមឆ្នាំ២០២២ ក្នុងនោះការផ្គត់ផ្គង់បានសម្រេចត្រឹមតែ៥ភាគរយនៃការរំពឹងថានឹងមានការផ្គត់ផ្គង់១៣ពាន់យូនីតក្នុងឆ្នាំ២០២២នេះ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃ CBRE Cambodia បានឡើងលើកថា ដោយសារតែអវត្តមានជនជាតិបរទេសនៅក្នុងប្រទេសកម្ពុជា ឬរំហូវិនិយោគិននិងទេសចរជនជាតិបរទេស ធ្វើឱ្យតម្រូវការខុនដូទាំងជួល និងការទិញខុនដូនៅមានកម្រិត ។

ចំណែកលោករិន ច័ន្ទរឹទ្ធ អគ្គនាយកក្រុមហ៊ុន DNZ ក៏បានឱ្យដឹងផងដែរថា ដោយសារតែស្ថានភាពមិនទាន់ច្បាស់លាស់ ទោះបីជាអាជីវកម្មមួយចំនួនបានត្រលប់មកវិញក្ដី តែក៏មួយចំនួនមិនទាន់ប្រថុយ ក្នុងការបណ្ដាក់ទុនលើអចលនទ្រព្យ ដូចជា ខុនដូវិញភ្លាមៗដែរ ពីព្រោះថារយៈពេល២ឆ្នាំមកហើយ ដែលពួកគាត់បាត់បង់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ ដូច្នេះពួកគាត់ត្រូវការ រកចំណូលត្រលប់មកវិញបានច្រើនសិន ទើបមានការវិនិយោគលើខុនដូក៏ដូចជាអចលនទ្រព្យទាំងមូល ។

លោកបន្តថា “តាមពិតទៅមកដល់បច្ចុប្បន្ននេះ ស្ថានភាពខុនដូចង់ពិបាកជាងកាលពេលបិទខ្ទប់ទៅទៀត ដោយសារតែ អ្នកមានលុយទិញខុនដូគាត់បានទិញរួចអស់ហើយ”។ លោកបន្តថា “ដូច្នេះអ្នកទិញខុនដូថ្មីៗមិនទាន់មាននៅឡើយ ទើបថ្វើឱ្យការលក់ខុនដូមិនថាខ្ញុំ ឬគេសុទ្ធតែជួបការលំបាកទាំងអស់គ្នា”។

ទាំងនេះគឺជាមតិផ្ទុយគ្នា រវាងអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា យ៉ាងណាក្ដីអ្នកអានរបស់យើងអាចធ្វើការថ្លឹងថ្លែង និងពិចារណាចំពោះអ្វី ដែលបានកើតឡើងជាក់ស្ដែង នៅក្នុងទីផ្សារខុនដូក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here