ដោយៈសុផារី
ភ្នំពេញៈ កំណើនការទិញលក់ និងផលចំណេញបានទាក់ទាញស្រ្តីឱ្យប្រលូកក្នុងវិស័យអចលនទ្រព្យយ៉ាងច្រើន។ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញបណ្តាថ្នាក់ដឹកនាំជាស្រ្តីជាច្រើនរូប បានទទួលនូវភាពជោគជ័យក្នុងវិស័យនេះផងដែរ ដោយសារស្ត្រីមានលក្ខណៈពិសេស ដែលជំរុញភាពជោគជ័យការងារនៅក្នុងផ្នែកនេះ។
អ្នកនាង ឆយ ហ្រ្វីដា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Angel Realty Co., Ltd មានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមរយៈកិច្ចសម្ភាសពិសេសមួយថា ស្ត្រីដែលចង់ទទួលបានជោគជ័យនៅក្នុងវិស័យនេះ គួរមានលក្ខណៈសម្បត្តិមួយចំនួន។
ជាស្រ្តីថ្នាក់ដឹកនាំមួយរូបផងដែរនោះ អ្នកនាងមើលឃើញពីកំណើនរបស់ស្រ្តីនៅក្នុងគ្រប់វិស័យ មិនត្រឹមតែនៅក្នុងវិស័យអចលនលទ្រព្យប៉ុណ្ណោះទេ។ នៅក្នុងសតវត្សរ៍ទី២១ នេះ ស្រ្តីត្រូវបានផ្តល់ឱកាសច្រើន មិនមែនត្រឹមតែក្នុងវិស័យអចលនទ្រព្យ តែនៅក្នុងវិស័យសហគ្រិនភាពក៏មានការរីកចម្រើនច្រើន ជាពិសេស ក៏មានអាជីវកម្មនៅក្នុងដៃច្រើនទៀតផង។|
អ្នកនាងឆយ ហ្រ្វីដាបានបន្តថា នៅកម្ពុជា មានស្រ្តីជាច្រើនបានប្រឡូកក្នុងវិស័យអចលនទ្រព្យ ដោយបើកដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនផង ធ្វើជាភ្នាក់ងារអចលនទ្រព្យផ្ទះល្វែង ដីឡូត៍ ខុនដូ ជាដើម ដោយក្នុងនោះមានអ្នកខ្លះទទួលបានជោគជ័យខ្លាំង និងអ្នកខ្លះក៏មិនសូវទទួលបានជោគជ័យណាស់ណាដែរ។
អ្នកនាងណែនាំដល់ស្រ្តីគ្រប់រូប ដែលបាននិងកំពុងប្រឡូកក្នុងវិស័យនេះ ដើម្បីទទួលបានជោគជ័យ នៅក្នុងអាជីពការងារនៃវិស័យអចលនទ្រព្យ ស្ត្រីគួររៀបចំខ្លួន រៀបចំការស្លៀកពាក់ ឱ្យបានសមស្របទៅតាមកាលៈទេសៈ ត្រូវមានចំណេះ និងជំនាញច្បាស់លាស់ នៅក្នុងផ្នែកនៃការទទូលខុសត្រូវលើការងាររបស់ខ្លួន។
ជាពិសេស អ្នកនាងណែនាំឱ្យជ្រើសរើសផ្តោត ទៅលើការងារនៃផ្នែកណាមួយឱ្យច្បាស់ ដូចជា ការងារការលក់-ជួល ការងារវាយតម្លៃ និងការងារផ្តល់ព្រឹក្សាអចលនទ្រព្យជាដើម។ ហើយនៅក្នុង ការងារមួយផ្នែកៗ មានបែងចែកជាច្រើនផ្នែក ដូចជា ផ្នែកផ្តោតទៅលើលំនៅឋាន ខុនដូ ដីឡូតិ៍ ឃ្លាំង ជាដើម។
បើនិយាយពីតួនាទីរបស់ស្ត្រីនៅក្នុងវិស័យអចលនទ្រព្យ អ្នកស្រីបានបញ្ជាក់ថា “ស្ត្រីដើរតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការសម្របសម្រួលកិច្ចការងារទិញលក់អចលនទ្រព្យ”។
អ្នកនាងមានអះអាងថា “សក្តានុពលរបស់អ្នកលក់អចលនទ្រព្យ រវាងស្រ្តី និងបុរសសុទ្ធតែមានសក្តានុពលដូចគ្នា ប៉ុន្តែស្រ្តីមានភាពទន់ភ្លន់ជាង ពូកែនិយាយជាង ស្រ្តីអាចបិទការលក់បានច្រើនជាង”។ អ្នកនាងបន្តថា “និយាយពីភាពឆ្លាតវៃរបស់ស្រ្តី នៅក្នុងការលក់អចលនទ្រព្យ ការងារ Close Deal ស្រ្តីមានកំណើនជាងបុរស ព្រោះការងារបិទការលក់ស្រ្តីមានការឈានមុខជាងបុរស”៕