ដីធ្លីតំបន់ជុំវិញក្រុងភ្នំពេញនឹងបន្តឡើងថ្លៃបន្ថែមក្រោយការអភិវឌ្ឍ កាន់តែរីកសាយ

0

     ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តំបន់ជាយៗរាជធានីភ្នំពេញ នៅតែបន្តមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដូចជាការអភិវឌ្ឍលំនៅឋាន ការអភិវឌ្ឍឧស្សាហកម្ម សំណង់នានាជាដើម ដែលធ្វើឱ្យដីធ្លីនៅតំបន់ជុំវិញក្រុង នៅតែបន្តឡើងថ្លៃបន្ថែមទៀត។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានមានប្រសាសន៍តាមទូរសព្ទ កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នដីធ្លីនៅតំបន់ជុំវិញក្រុងភ្នំពេញ នៅតែបន្តមានឱកាសក្នុងការឡើងថ្លៃបន្ថែមទៀត ស្របពេលការអភិវឌ្ឍនៅតំបន់ជាយក្រុង ក៏កាន់តែមានសន្ទុះ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ជាក់ស្ដែងដូចបានឃើញ សំណង់ផ្ទះល្វែង ជាច្រើនបានរីកកាន់តែខ្លាំង ទៅកាន់តំបន់ជាយៗរាជធានីភ្នំពេញ ដែលធ្វើឱ្យសក្ដានុពលនៅតំបន់ជាយៗក្រុងកាន់តែប្រសើរបន្ថែមទៀត ។

លោកបន្តថា “តម្លៃដីធ្លីនៅជុំវិញ មិនក្រោម៥០ដុល្លារអាមេរិកទេ ក្នុងមួយម៉ែត្រការ៉េ ហើយតំបន់ខ្លះទៀតក៏មានតម្លៃខ្ពស់ជាងនេះ អាស្រ័យទៅលើទីតាំង និងសក្ដានុពលនៃការអភិវឌ្ឍនៅតំបន់នោះ ហើយតំបន់ខ្លះទៀត មានតម្លៃរហូតដល់រាប់រយដុល្លារអាមេរិក ក៏មានដែរក្នុងមួយម៉ែត្រការ៉េ”។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvanceRealty ក៏បានឱ្យដឹងផងដែរថា តំបន់ជុំវិញក្រុងភ្នំពេញ ត្រូវបានបែក​ចែកការអភិវឌ្ឍផ្សេងៗគ្នា ដោយយើងឃើញស្រាប់នៅតំបន់ខាងជើង ខាងត្បូង និងខាងកើត ត្រូវបានបែកចែកលើការអភិវឌ្ឍលំនៅឋាន តំបន់ខាងលិចក៏មានការអភិវឌ្ឍលំនៅឋានដែរ តែមួយផ្នែកធំគឺទៅលើវិស័យឧស្សាហកម្ម ដោយសារតែតំបន់ខាងលិច មានអំណោយផលទៅលើការដឹកជញ្ជូន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដឹកទៅកាន់តំបន់ព្រំដែនកម្ពុជាថៃជាដើម ។

លោកបន្តថា “ការរីកចម្រើននៃតំបន់ជាយក្រុងនេះហើយ ដែលជំរុញ ឱ្យតម្លៃដីធ្លីនៅតំបន់ទាំងនោះ បន្តឡើងថ្លៃបន្ថែមទៀត ហើយដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះផងដែរ ក៏បានជំរុញឱ្យតម្លៃដីធ្លីមានសន្ទុះបន្ថែមមួយកម្រិតទៀត”។

លោកបន្តថា ដោយឡែកសម្រាប់នៅតំបន់កណ្ដាលក្រុងវិញ ការកើនឡើងតម្លៃដីធ្លីនឹងមិនសូវខ្ពស់នោះទេ ពីព្រោះថាតម្លៃដីនៅកណ្ដាលក្រុងឬជិតក្រុង បានហក់ឡើងខ្ពស់ស្រាប់ទៅហើយ ដូច្នេះហើយអ្នកចង់វិនិយោគលើដីធ្លី គួរងាកទៅតំបន់ជាយៗក្រុង ហើយតំបន់កាន់តែឆ្ងាយតម្លៃកាន់តែធូរនិងអាចមានឱកាសចំណេញខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here