អចលនទ្រព្យថៃឈានទៅកាន់ការទិញលក់ដីឡូតិ៍នៅក្នុងពិភពនិម្មិតនៅក្នុងទីក្រុងបាងកក

0

ដោយៈ សុផារី

ប្រទេសថៃៈ អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ ចំនួនប្រាំបួននៅក្នុងប្រទេសថៃកំពុងចរចាទិញដីឡូតិ៍ ក្នុងពិភពសម្បនិម្មិតនៅក្នុងទីក្រុងបាងកក (Bangkokverse) ក្នុងគោលបំណងជំរុញវត្តមានរបស់ពួកគេ នៅក្នុងការផ្លាស់ប្តូរ វិស័យអចលនទ្រព្យថៃទៅកាន់ពិភពនិម្មិត។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ចុះផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា Bangkokverse គឺជាប្រព័ន្ធនិម្មិតដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើងដោយអ្នករចនា ៣D កំពូលរបស់ថៃដូចជាក្រុមហ៊ុន DOF DECMedia OwlStudio និង Jom3D ដែលបានធ្វើការរួមគ្នា ដើម្បីធ្វើឱ្យទីក្រុងនិម្មិត និងអគារនៅក្នុងពិភពនោះមើលទៅដូចការពិតបំផុត។

នៅក្នុងអត្ថបទមួយរបស់ប្រព័ន្ធផ្សព្វផ្សាយ Thansettakij កាលពីសប្តាហ៍មុនបានឱ្យដឹងថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យចំនួនប្រាំបួនគឺ (១) AssetWise (២) Frasers Property (Thailand) (៣) Raimon Land (៤) Charn Issara Development (៥) Eastern Star Real Estate (៦) Grand Unity Development (៧) Origin Property (៨) SCOPE និង TCC Assets បាននិងកំពុងសិក្សា និងចរចាការទិញដីឡូតិ៍និម្មិតខាងលើនេះ។

យោងតាមផែនការមេ Bangkokverse មានផ្ទៃដីនិម្មិតសរុបចំនួន៨៧៦រ៉ៃ បែងចែកជា៨៤៨ឡូតិ៍នឹងត្រូវដាក់លក់។ ទោះជាយ៉ាងណាក៏ដោយ តំបន់សំខាន់ឬ (superblock) ដែលមានទីតាំងនៅជាប់នឹងឧទ្យានធំមួយ មានត្រឹមតែប្រាំបីឡូតិ៍តែប៉ុណ្ណោះ។

អ្នកអភិវឌ្ឍន៍ជឿជាក់ថា នេះជាឱកាសមួយ ធ្វើឱ្យពិភពអចលនទ្រព្យរបស់ប្រទេសថៃ ឈានទៅកាន់មុខមាត់ថ្មីមួយកម្រិតទៀត។

ទោះបីជាតម្លៃនៃដីឡូតិ៍និម្មិតទាំងនេះ មិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ វាត្រូវបានគេរំពឹងថានឹងមានតម្លៃខ្ពស់ខ្លាំង ហើយអាចនឹងកើនឡើងនាពេលអនាគត ប្រសិនបើវេទិកានេះទទួលបានជោគជ័យ។

អ្នកអភិវឌ្ឍន៍ Bangkokverse បាននិយាយថា ទីក្រុងនិម្មិត ត្រូវបានគេរំពឹងថានឹងបើកដំណើរការ នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ។

បណ្តាញផ្សព្វផ្សាយ Thansettakij គិតថា Bangkokverse នឹងប្រែក្លាយទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ទោះបីជាអ្នកសង្កេតការណ៍មួយចំនួនជឿថា វាគ្រាន់តែជានិន្នាការថ្មី ដែលអាចនឹងបាត់បង់ក្នុងពេលឆាប់ៗនេះក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here