ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកចង់វិនិយោគលើអចលនទ្រព្យភាគច្រើនគិតថា ការវិនិយោគក្នុងវិស័យនេះ ទាមទារមានទ្រព្យឬសាច់ប្រាក់ច្រើន ប៉ុន្តែតាមពិតវាអាចមានអ្វីលើសពីនេះ និងងាយស្រួលជាងនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានបង្ហើបពីយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីជោគជ័យលើការវិនិយោគ និងចំណេញបានប្រាក់ច្រើនពីក្នុងវិស័យនេះ។
យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានគេយកមកអនុវត្ត និងទទួលបានលទ្ធផលល្អមានដូចជា៖
ទី១ ការវិនិយោគជាលក្ខណៈបុគ្គល
ការវិនិយោគបែបនេះ គឺជាទម្រង់នៃកិច្ចសហការ ជាដៃគូចាប់ពី២នាក់ រហូតដល់១០នាក់ ដែលធ្វើឡើងដោយការចូលបដិភាគទុនវិនិយោគ ដើម្បីទិញអចលនទ្រព្យទុក សម្រាប់វិនិយោគបន្តទទួលយកប្រាក់ចំណេញនៅពេលអនាគត។
ការវិនិយោគបែបនេះ មានការបែងចែងភាគលាភ ទៅតាមភាគរយនៃដើមទុន ដែលបានចូលរួម។
តើត្រូវមាននីតិវិធីដូចម្ដេច ដើម្បីអាចជៀសផុតពីហានិភ័យ ហើយមានអត្រាជោគជ័យខ្ពស់? ចម្លើយគឺត្រូវមានមូលដ្ឋាន ដើម្បីចងក្រងជាក្រុមដោយមានការចែកបែងចែក នូវអំណាចនៃការអនុវត្ត ការទទួលខុសត្រូវ និងការបំណែងចែកការងារ។
ការចងក្រងជាក្រុម គឺអាចជួយដុសខាត់ និងបណ្តុះចំណេះដឹងដល់សមាជិកក្នុងក្រុម ក្នុងការចេះសម្លឹងមើលពីបរិបទ ទីផ្សារកាន់តែទូលាយ និងមានឱកាសរីកចម្រើនលឿន។
ទី២ការវិនិយោគជាលក្ខណៈក្រុមតូចៗ
ការវិនិយោគបែបនេះ ភាគច្រើនក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ មានសិទ្ធិក្នុងការគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ ដែលប្រមូលបានពីការសហការចូលរួមវិនិយោគពីដៃគូតូចៗមកបង្កើតជាដើមទុន សម្រាប់វិនិយោគទៅលើគម្រោងធំ ដែលអាចមានលទ្ធភាព ទទួលបានប្រាក់ចំណេញច្រើន ដោយមានការសន្មត់ពីថេរវេលាយ៉ាងច្បាស់លាស់ ពីក្រុមហ៊ុនមានអជ្ញាប័ណ្ណ ដែលជាអ្នកគ្រប់គ្រងមូលនីធិហិរញ្ញវត្ថុ។
លោកច្រឹក សុខនីម បានបញ្ជាក់ថា នៅក្នុងចំណោមមូលដ្ឋានវិនិយោគទាំង២ខាងលើនេះ សុទ្ធតែមានឱកាសទទួលបានភាគលាភដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ មុនពេលសម្រេចចិត្តវិនិយោគ នៅក្នុងចំណែកណាមួយ ចាំបាច់បំផុតត្រូវមានការសិក្សា ស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធឱ្យមានគ្រប់គ្រាន់ ឬអាចមានមេធាវីក្នុងការរក្សា និងការពារផលប្រយោជន៍។
លោកបន្តថា “អ្វីដែលសំខាន់ជាងទៅទៀត សម្រាប់ប្រភពព័ត៌មាន និងការរៀបចំឯកសារពាក់ព័ន្ធនានា លោកអ្នកក៏អាចប្រឹក្សាបន្ថែមជាមួយសមាជិក សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដោយមិនមានតម្រូវចំណាយថវិកានោះទេ”។
ទី៣ ការវិនិយោគរួមជាមួយក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ គ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ
ការវិនិយោគលើទម្រង់នេះ អ្នកវិនិយោគត្រូវមានរូបមន្ត ក្នុងការស្វែងរកប្រភពព័ត៌មាន ដែលស័ក្ដិសមទៅនឹងលទ្ធភាព នៃការវិនិយោគរបស់ខ្លួន នៅក្នុងតំបន់ ឬប្រភេទអចលនទ្រព្យរបស់ខ្លូន ដែលមានលក្ខណៈដូចជាប្រភេទលំនៅដ្ឋាន ឬជាដីធ្លី ឬជាប្រភេទអាពាណិជ្ជកម្ម។
ការវិនិយោគប្រភេទនេះ ចាំបាច់ត្រូវអាស្រ័យទៅលើចំណូលចិត្ត និងការប្រឹក្សាយោបល់បន្ថែម ពីអ្នកជំនាញភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលស្ថិតនៅក្នុងសមាគម ដែលមានជាង១២០ក្រុមហ៊ុន និងជាង៣០០០ភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា៕