ផ្លូវជាតិលេខ៣កាន់តែទាក់ទាញដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្ម

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីផ្លូវជាតិលេខ៣ ត្រូវបានជួសជុលស្ថាបនាឡើងវិញ និងពង្រីកឱ្យធំជាងមុន ពីពីរគន្លងទៅ៤គន្លះ បានធ្វើឱ្យការធ្វើដំណើរតាមផ្លូវនេះកាន់តែមានភាពងាយស្រួល និងសម្រួលដល់ការដឹកជញ្ចូន ហើយអ្វីដែលពិសេសនោះ តំបន់តាមបណ្ដោយផ្លូវជាតិលេខ៣ បាននិងកំពុងមានភាពទាក់ទាញលើអចលនទ្រព្យដីធ្លី សម្រាប់វិស័យឧស្សាកម្មកាន់តែខ្លាំងបន្ថែមទៀត។

អ្នកជំនាញវិស័យអចលនទ្រព្យ ជាច្រើនបានលើកឡើងផងថា ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ វានឹងផ្ដល់នូវប្រយោជន៍ ដល់វិស័យអចលនទ្រព្យ។ ជាក់ស្ដែងផ្លូវជាតិលេខ៣ ក្រោយពីរដ្ឋាភិបាលបានជួសជុលស្ថាបនារួចរាល់ធ្វើឱ្យផ្លូវនេះកាន់តែ មានភាពទាក់ទាញបន្ថែមទៀតជាពិសេសទៅលើវិស័យឧស្សាហកម្ម ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ផ្លូវជាតិលេខ៣នឹងបន្តហុចសក្ដានុពលដល់វិស័យដីធ្លី សម្រាប់បំពេញតម្រូវការ លើការសាងសង់ឃ្លាំងរោងចក្រ សង់រោងចក្រ និងមួយផ្នែកផ្គត់ផ្គង់សម្រាប់សាងសង់លំនៅឋាន ដោយឃើញមានក្រុមហ៊ុនមួយចំនួន បានចាប់ផ្ដើមសាងសង់លំនៅឋាន សម្រាប់ផ្គត់ផ្គង់បំពេញទៅតាមទីផ្សារផងដែរ ។

លោកបន្តថា “បច្ចុប្បន្ននេះផ្លូវជាតិលេខ៣ ក៏បាននិងកំពុងតភ្ជាប់ទៅកាន់ផ្លូវលេខ លេខ២ លេខ ១ លេខ៤ លេខ៥ លេខ៦ តាមរយៈផ្លូវក្រវ៉ាត់ក្រុងទី៣”។ លោកបន្តថា “ដូច្នេះការដឹកជញ្ជូន ការធ្វើដំណើរទៅកាន់បណ្ដាខេត្តនានា ក៏កាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ម្យ៉ាងទៀតផ្លូវជាតិលេខ៣ ក៏អំណោយផលដល់ការដឹកជញ្ជូនទំនិញ ដែលផលិតនៅតាមបណ្ដាខេត្តរោងចក្រនានា ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ហើយអនាគត កំពង់ផែទេសចរណ៍ខេត្តកំពតក៏បានសាងសង់រួច”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance វិញក៏បានលើកឡើងផងដែរថា តាមផ្លូវជាតិលេខ៣ លេខ២ និងលេខ៤ជាតំបន់ ដែលចាត់ទុកថាមានសក្ដានុពលលើវិស័យឧស្សាហកម្ម ហើយជាក់ស្ដែងយើងឃើញថា មានរោងចក្រឧស្សាហកម្ម ជាច្រើនបានបោះទីតាំងនៅតំបន់នោះ នឹងគ្រោងមានរោងចក្រជាច្រើនទៀត ត្រៀមខ្លួនក្នុងការបោះទីតាំងនៅតំបន់នោះផងដែរ ។

រីឯលោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky ក៏បានឱ្យដឹងផងដែរថា ដីធ្លីនៅជុំវិញរាជធានីភ្នំពេញ៥០គីឡូម៉ែត្រ នៅតែមានសក្ដានុពលខ្ពស់នៅក្នុងវិបត្តិកូវីដ១៩ ហើយតម្លៃក៏នៅតែល្អប្រសើរដែរ និងអាចបន្តឡើងថ្លៃបន្ថែមទៀតនៅពេលខាងមុខ ខណៈផែនការពង្រីកក្រុងភ្នំពេញបានរំកិលបន្តិចម្ដងៗ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here