ផ្សារទំនើប The Bridge បិទទ្វារស្ទើរទាំងស្រុងស្របពេលការផ្គត់ផ្គង់ផ្សារទំនើបលើសតម្រូវការ

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ នៅពេលអ្នកដើរទៅចូលទៅកាន់ផ្សារទំនើប The Bridge អ្នកអាចមានអារម្មណ៍៍ភ័យខ្លាច ហើយបើអ្នកខ្លាចខ្មោចលងវិញ អ្នកអាចនឹងព្រឺក្បាល ដោយសារភាពស្ងប់ស្ងាត់ នៅក្នុងបរិវេវណផ្សារទំនើប The Bridge ដែលមានកំពស់បីជាន់ និងស្ថិតនៅខាងក្រោមអាគារខុនដូ កំពស់ ៤៥ជាន់របស់គំរោង The Bridge។

ស្តង់ផ្សារទំនើបដែលមានកំពស់ពីរជាន់ គឺជាន់ទី១ ទី២ និងជាន់ទី៣នេះ ស្តង់ទាំងអស់ត្រូវបានបិទ លើកលែងតែបន្ទប់ផ្នែកខាងមុខ ដែលបានជួល និងបើកដំណើរការដោយជនជាតិចិនភាគច្រើន និងនៅចំហៀងផ្នែក
ខាងលិចជាហាងកាហ្វេ ដែលបានបើកដំណើរការមកដល់សព្វថ្ងៃនេះ។

បុគ្គលិកហាងទូរស័ព្ទ Hauwei ជាហាងតែមួយគត់ដដែលបានបើកដំណើរការ និងត្រូវបានសាកសួរកាលពីសប្តាហ៍មុន បាននិយាយឲ្យដឹងថា ផ្សារនេះមិនដំណើរការនោះទេ លើកលែងតែផ្នែកខាងមុខ ហើយស្តង់ទាំងអស់នៅផ្នែកខាងក្នុង បានបិទទ្វារអស់ជាយូរមកហើយ។

និយាយបណ្តើរលើកដៃចង្អុលទៅកាន់ជណ្តើរយន្តបណ្តើរ យុវតីដែលជាបុគ្គលិកហាងលក់ទូរស័ព្ទបានបន្តថា សូម្បីតែជណ្តើេយន្តក៏បានបិទ លែងដំណើរការជាយូតរមកហើយ ហើយគ្មានអ្នកណាហ៊ានដើរឡើងទៅលើទេ ព្រោះមានសភាពងងឹតគួរឲ្យខ្លាច។

អគារលំនៅដ្ឋាន និងពាណិជ្ជកម្មប្រភេទ SOHO (ការិយាល័័យបូកខុនដូ) ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុន World Bridge Land Group និងក្រុមហ៊ុន Oxley Holding ដែលជាក្រុមហ៊ុនលំដាប់យក្សមួយ របស់ប្រទេសសឹង្ហបុរី ដែលបានបោះទុនវិនិយោគ ប្រមាណ៣០០លានដុល្លារអាមេរិក។

ការផ្គត់ផ្គង់ផ្សារទំនើបនៅរាជធានីភ្នំពេញ បានកើនដល់ទំហំប្រមាណ​៨០០,០០០ម៉ែត្រការ៉េហើយ។ កំនើននេះ បានធ្វើឲ្យការប្រកួតប្រជែងកើនឡើង ជាលទ្ឋផលផ្សារទំនើបស្តង់ដា ក្នុងស្រុកមួយចំនូនបានបិទទ្វារ ដូចជាផ្សារសុវណ្ណា ផ្សារទំនើប Paragorn, City Mall បានបិទផ្នែកភាគច្រើន ខណៈផ្សារមួយចំនួនទៀត បានបិទទ្វារ និងប្រឈមការបិទទ្វារផងដែរ។

ជាមួយគ្នានេះ ផ្សារទំនើបក្នុងគំរោង The Bridge ក៏ហាក់មិនបានសិក្សាពីស្តង់ដាច្បាស់លាស់ និងមិនបំពេញបានតាមតម្រូវការ រសនិយម និងស្តង់ដានៃការលំហែរ ឲ្យបានគ្រប់គ្រាន់តាមស្តង់ដាអន្តរជាតិនៅឡើយ។

ងាកទៅកាន់គំរោងដ៏ខ្ពស់ស្កឹមស្កៃ ដែលបានពន្យាពេលសាងសង់យឺតជាង១ឆ្នាំ គឺគំរោង The Peak កំពស់ ៥៥ជាន់ និងចំណាយទុនវិនិយោគ៥៥០លានដុល្លារ និងវិនិយោគដោយក្រុមហ៊ុនសាងសង់គំរោង The Bridge ផងដែរនោះ ក៏កំពុងដោះស្រាយបញ្ហាសំណង​ដល់អ្នកទិញខុនដូ ស្តង់ក្នុងផ្សារទំនើប និងអ្នកទិញការិយាល័័យនៅក្នុងគំរោងនេះផងដែរ។

The Capital ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើប លំដាប់អន្តរជាតិរបស់សឹង្ហបុរី បានដកខ្លួនចេញពីគំរោងនេះ និងជំនួសមកវិញដោយក្រុមហ៊ុន Blue Bell Group ដែលមានការគ្រប់គ្រងជាលក្ខណៈគ្រួសារទៅវិញ។

អ្នកជំនាញផ្នែកផ្សារទំនើបលំដាប់អន្តរជាតិ ដែលគ្រាន់តែប្រាប់ខ្លួនឯងងថា ឈ្មោះ Sunny បានលើកឡើងថា ផ្សារទំនើបក្នុងគំរោង The PeAk អាចនឹងពិបាកទទួលបានជោគជ័យផងដែរ ដោយសារបញ្ហាទី១ គឺចំណតមិនគ្រប់គ្រាន់ និងតូចចង្អៀតនៅផ្នែកខាងមុខ ទី២ ដោយសារស្តង់របស់ផ្សារនេះ ត្រូវបានលក់ឲ្យអតិថិជន ដែលធ្វើឲ្យក្រុមហ៊ុនមកគ្រប់គ្រងផ្សារទំនើបនេះ ពិបាកនឹងធ្វើការជាមួយពួកគេ ព្រោះអ្នកទិញចង់មានភាពឯករាជ្យ លើការរៀបចំស្តង់របស់ពួកគេ។

បញ្ហាប្រឈមថ្មីមួយទៀតរបស់ The PeAk គឺក្រុមហ៊ិន EAON Mall Group បាននិងកំពុងចំណាយទុនប្រមាណ៦០លានដុល្លារ ដើម្បីកែលំអរ និងពង្រីកកន្លែងលក់រាយរបស់ពួកគេ នៅផ្សារទំនើប AEON Mall1 ដែលនៅក្បែរនោះផងដែរ។

ជាមួយនឹងបញ្ហាជម្លោះជាមួយក្រុមហ៊ុនសាងសង់ គំរោង The PeAk បានពន្យាពេលបញ្ចប់រយៈពេលប្រមាណ២ឆ្នាំ ដែលរហូតមកទល់ពេលនេះ ការសាងសង់មានសភាពយឺតៗ និងអាចចំណាយពេលកាន់តែយូរថែមទៀត ដែលល្បឿននៃការរៀបចំនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ឬបើអាច ពន្យាពេលរហូតដល់ឆ្នាំ២០២៣។

អ្នកឧកញ៉ាសៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land Group បានមានប្រសាសន៍ឲ្យដឹងកាលពីឆ្នាំមុនថា គំរោង The PeAk នឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក ប៉ុន្តែជាលទ្ឋផលគំរោងនេះ មិនបានបញ្ចប់តាមការលើកឡើងរបស់លោកឡើយ។

លោកបាននិយាយជាមួយស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia នាពេលកន្លងមកថា លោកមិនមានភាពចាំបាច់ ត្រូវនិយាយជាមួយសារព៌តមានក្នុងស្រុកទេ ព្រោះវាអាចធ្វើឲ្យទម្លាក់ស្តង់ដារបស់លោក។

លោកបន្តថា “សារព៌តមានអន្តរជាតិ លោកស្វាគមន៍ ព្រោះវាជួយលើកកំពស់កេរ្ត៍ឈ្មោះរបស់លោក ប៉ុន្តែការនិយាយជាមួយអ្នកសារព៌តមានក្នុងស្រុកគឺទាញទម្លាក់រូបភាពរបស់លោកទៅវិញ”។

អ្នកស្រីអាន សុធីតា អគ្គនាយិកកាក្រុមហ៊ុន PropNex Cambodia ធ្លាប់បានលើកឡើងថា ការវិនិយោគផ្សារទំនើប ផ្តល់ផលចំណេញពីការវិនិយោគលឿន ប៉ុន្តែអ្នកវិនិយោគចាំបាច់ត្រូវធ្វើការកែលំអរ រៀងរាល់បីទៅ៥ឆ្នាំម្តង ដើម្បីធ្វើឲ្យមានភាពទាន់សម័យ និងទាក់ទាញ។

អ្នកស្រីបន្តថា “ទោះជាយ៉ាងណាបច្ចុប្បន្នទំហំផ្សារទំនើប បានកើនឡើងលើសតម្រូវការរួចទៅហើយ ដែលធ្វើឲ្យទំហំនៃការផ្គត់ផ្គង់បានលើសពីអ្វី ដែលទីផ្សារអាចស្រូបយកបានហើយ”។

អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ផ្សារទំនើបនៅកម្ពុជាភាគច្រើន មិនមានស្តង់ដានោះទេ ហើ​យចរន្តនៃការប្រកួតប្រជែងកំពុងកើនឡើង ហេតុនេះផ្សារទំនើបទំហំតូចៗឬកម្រិតមធ្យម គួរផ្តោតលើការលក់ផលិតផលអ្វីមួយផ្តាច់មុខ ដូចជាសម្លៀកបំពាក់ ឬគ្រឿងអេឡិកត្រូនិកជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here