ដោយៈសុខុម
គូឡាឡាំពួ: អគារភ្លោះ Petronas Towers ដ៏ល្បីល្បាញនៅក្នុងទីក្រុងគូឡាឡាំពួ គឺជាអគារខ្ពស់បំផុតប្រចាំប្រទេសម៉ាឡេស៊ី ប៉ុន្តែប្រទេសកាន់សាសនាឥស្លាមមួយនេះ បាននិងកំពុងឈានមួយជំហ៊ានទៀត ដោយបាននិងកំពុងសាងសង់ អាគារពាណិជ្ជកម្មកប់ពពកលំដាប់ទី២លើពិភពលោក។
ទោះជាយ៉ាងណា អគារថ្មី Merdeka 118 ដែលស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ នឹងវ៉ាឈ្នះអគារភ្លោះ Petronas Towers ក្លាយជាអគារខ្ពស់បំផុត ប្រចាំប្រទេសម៉ាឡេស៊ី និងខ្ពស់បំផុតទី២ក្នុងពិភពលោកជាផ្លូវការ នៅពេលសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២២ខាងមុខនេះ។
នេះសរបង្ហាញពីការរីកចម្រើនឥតឈប់ឈរ ក្នុងវិស័យសំណង់របស់ម៉ាឡេស៊ី ដែលជាសមាជិកមួយ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយក៏ជាមុខមាត់ថ្មីគួរឱ្យស្ញប់ស្ញែង សម្រាប់ប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន ដែលមានប្រជាជនសរុបជាង ៣២,៧លាននាក់មួយនេះផងដែរ។
អគារ១១៨ជាន់ Merdeka 118 ឬ PNB 118 ដែលមានកម្ពស់៦៤៤ម៉ែត្រជាមួយនឹងរចនាប័ទ្ម ស្អាតប្លែកអស្ចារ្យបែបថ្ងៃអនាគតនេះ ត្រូវបានចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ២០១៤ ហើយកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ។
យោងតាមសារព័ត៌មាន The Star ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ការងារសាងសង់អគារខ្ពស់កប់ពពកនេះ សម្រេចបានប្រមាណជាង៨០ភាគរយ ហើយគ្រោងនឹងរួចរាល់ជាស្ថាពរនៅត្រីមាសទី២ ឆ្នាំ២០២២។
អគារដែលចំណាយអស់ទឹកប្រាក់១,៥ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន PNB Merdeka Ventures Sdn Bhd ខាងលើនេះ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអូស្ត្រាលី Fender Katsalidis សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មម៉ាឡេស៊ី RSP KL និងទទួលសាងសង់ ដោយក្រុមហ៊ុនម៉ៅការកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនម៉ៅការម៉ាឡេស៊ី UEM Group។
ដោយមានផ្ទៃក្រឡាសរុប២៩២.០០០ម៉ែត្រការ៉េ អគារនេះគឺជាអគារបំរើសេវាកម្មពហុគោលបំណង ដែលនឹងមានលំនៅដ្ឋានសម្រាប់ពួកអភិជន ការិយាល័យកម្រិត A សណ្ឋាគារប្រណីត និងកន្លែងគយគន់ទេសភាពដ៏អស្ចារ្យ៕ The Star៕