ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងថា ដរាបណាស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុនៅតែផ្តល់កម្ចី ទីផ្សារអចលនទ្រព្យនៅតែដំណើរការ។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាក់ស្តែងទោះបីជាកម្ពុជាមានវិបត្តិជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកក៏ដោយ ក៏អំឡុងពេលផ្ទុះជម្ងឺនេះ ការទិញលក់អចលនទ្រព្យ ពិសេសផ្នែកដីធ្លីនៅតែបន្តមាន គ្រាន់តែមានសកម្មភាពតិចជាងមុន និងការទិញលក់ក្នុងអចនទ្រព្យ ដែលមានតម្លៃល្អ និងមានឱកាសប្រមូលផលចំណេញបាន។
លោកបន្តថា “ទីផ្សារអចលនទ្រព្យកម្ពុជា នៅតែមានសភាពធន់ទ្រាំ និងបន្តរីកចម្រើន និងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ធៀបជាមួយបណ្តាប្រទេសនានា”។ លោកបន្តថា “ការរីកចម្រើនវិស័យនេះ មួយផ្នែកដោយសារគោលនយោបាយរបស់រដ្ឋាភិបាល មួយផ្នែកទៀតដោយសារស្ថេរភាពនយោបាយ និងមួយផ្នែកទៀតដោយសារលំហូរសាច់ប្រាក់ នៅតែបន្តមាន ដែលធ្វើឥ្យទីផ្សារនៅតែដំណើរការ ហើយចរន្តទិញលក់មិនប្រឈមមុខនឹងភាពជាប់គាំង”។
លោកច្រឹក សុខនីមបានបន្តថា ការរីកចម្រើនជីវភាពប្រជាពលរដ្ឋក្នុង ទីក្រុង ការពង្រីកទីក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយលើកកំពស់វិស័យនេះ និងជម្រុញការរីកចម្រើនក្នុងវិស័យនេះកាន់់តែខ្លាំង ជាក់ស្តែងនៅពេលហេដ្ឋារចនាសម្ព័ន្ឋបានសាងសង់ទៅដល់តំបន់ណា តំបន់នោះតែងតែមានភាពរីកចម្រើន ទីផ្សារអចលនទ្រព្យនឹងកើនឡើងជាស្វ័យប្រវត្តិ៕