ដោយៈជេស៊ីកា
ព្រះសីហនុៈ បន្ទាប់ពីការចាកចេញរបស់អ្នកវិនិយោគចិនយ៉ាងលឿន ព្រះអាទិត្យបានលិចនីលើទឹកដីក្រុងព្រះសីហនុ សំណង់ជាច្រើនបានជាប់គាំង តារារះនាទិសនារតីហាក់ស្រអ័ព្ទពន្លឺបន្តិច ប៉ុន្តែអ្វីៗ នឹងមានភាពប្រសើរឡើងវិញនាពេលអនាគត។
ហេដ្ឋារចនាសម្ព័ន្ឋច្រើនជាង៣៨ខ្សែ ការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនៅអំឡុងខែមិថុនា ឬកក្កដាខាងមុខនេះ ព្រលានយន្តហោះលំដាប់អន្តរជាតិ ការរៀបចំផែនការមេដើម្បីកសាងទីក្រុងនេះ ជាទីក្រុងពហុបំណង និងការពង្រីកកំពង់ផែទឹកជ្រៅ ក៏ជាផ្នែកសំខាន់ដែលនឹងជម្រុញសក្តានុពលទីក្រុងនេះឡើងវិញ។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ទោះបីកម្ពុជាបានបើកប្រទេសទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ក៏ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ នៅមិនទាន់មានដំណើរការល្អឡើងវិញនោះទេ។
បច្ចុប្បន្ន ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
អ្នកជំនាញបានប្រមើលមើលថា ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ ២០១៩ មកដល់ពេលនេះ គឺនៅស្ងប់ស្ងាត់ដដែល ដោយគេអាចនិយាយថា សកម្មភាពទីផ្សារធ្លាក់ចុះជាង ៩០ ភាគរយបើធៀបនឹងអំឡុងឆ្នាំ ២០១៦-២០១៨។ មានកត្តាចម្បងចំនួន ២ ដែលធ្វើឱ្យទីផ្សារនេះធ្លាក់ចុះ គឺទី ១ ការបិទបញ្ចប់រាល់ប្រតិបត្តិការល្បែងភ្នាល់ តាមប្រព័ន្ធអនឡាញនៅកម្ពុជា (ចាប់ពីឆ្នាំ ២០១៩) និងទី ២ ការទទួលរងផលប៉ះពាល់ពីការឆ្លងរាលដាលជំងឺកូវីដ ១៩។
ដោយសារអចលនទ្រព្យនៅខេត្តព្រះសីហនុ មានតម្លៃខ្ពស់រួចទៅហើយកាលពីអំឡុងឆ្នាំ ២០១៦-២០១៨ ហេតុនេះការទិញក្នុងពេលនេះស្ទើរតែមិនមាន (ប្រជាជនក្នុងស្រុក)។ វានឹងអាចមានសកម្មភាពឡើងវិញ ប្រសិនបើអ្នកវិនិយោគបរទេស ពិសេសជនជាតិចិនបន្តចូលមកទីនោះសាជាថ្មី។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បានមានប្រសាសន៍ឲ្យដឹងថា ថា នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុ នៅមិនទាន់មានអ្វីប្រែប្រួលខ្លាំង គួរឱ្យកត់សម្គាល់ទេបើធៀបនឹងចុងឆ្នាំ ២០២១។
លោកបន្តថា “ទោះយ៉ាងណាតម្លៃ និងសកម្មភាពទីផ្សារនេះ អាចនឹងមានការប្រែប្រួលភ្លាមៗ ប្រសិនបើចំនួនអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេស ធ្វើដំណើរមកកម្សាន្តនៅទីនោះក្នុងចំនួនច្រើន”។
លោកបានថ្លែងថា បើនិយាយក្នុងពេលនេះ គឺមិនទាន់មានធ្វើប្រែប្រួលទេ ប៉ុន្តែនៅពេលខាងមុខឆាប់ៗនេះអ្វីៗអាចនឹងមានការប្រែប្រួលខ្លាំង ព្រោះប្រទេសយើងបាននិងកំពុងបើកដំណើរការគ្រប់វិស័យ រួមទាំងជើងហោះហើរអន្តរជាតិផងដែរ។
លោកឌឹត ចណ្ណាបានបន្តថា លោកទើបទទួលបានព័ត៌មានថ្មីៗថា មានអ្នកវិនិយោគបរទេសជាច្រើនកំពុងចាប់អារម្មណ៍ក្នុងការបណ្តាក់ទុន សហការ ឬទិញគម្រោងអភិវឌ្ឍន៍ដែលជាប់គាំង យកទៅអភិវឌ្ឍបន្ត។
លោកបញ្ជាក់ថា “ខ្ញុំគិតថាមិនយូរទៀតទេវិស័យអចលនទ្រព្យ ក្នុងខេត្តព្រះសីហនុនឹងមានសម្ទុះខ្លាំងដូចដើមវិញ (អំឡុងមុនឆ្នាំ ២០១៨)”។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ពិតជាត្រូវការពេលវេលាច្រើនថែមទៀត ដើម្បីឲ្យទីផ្សារអាចស្រូបយកនូវអ្វីដែលបានដាក់ចូលទីផ្សារជាច្រើនរួចមកហើយ៕