តើទំហំទឹកប្រាក់ចំនួន១លានដុល្លារអាមេរិកអាចទិញបានផ្ទះទំហំប៉ុណ្ណានៅក្នុងទីផ្សារអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេលើពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ប្រសិនបើមានថវិកាចំនួន១លានដុល្លារអាមេរិក អតិថិជនអាចទិញបានផ្ទះប្រណីតទំហំ២២ម៉ែត្រការ៉េនៅក្នុងទីក្រុងហុងកុង ឬផ្ទះទំហំ៣២ម៉ែត្រការ៉េនៅក្នុងប្រទេសសិង្ហបុរី។

តួលេខនេះបានធ្វើឱ្យទីក្រុងហុងកុងក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេបំផុតនៅតំបន់អាស៊ី។នេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិឆ្នាំ២០២៥ “Wealth Report 2025”ដែលបានចេញផ្សាយដោយក្រុមហ៊ុន Knight Frank។

ប៉ុន្តែ ប្រសិនបើគិតនៅទូទាំងពិភពលោក ទីក្រុងហុងកុងបានឈរនៅលេខរៀងទី២ បន្ទាប់ពីប្រទេសម៉ូណាកូ។ ទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញផ្ទះទំហំ១៩ម៉ែត្រការ៉េនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ។

របាយការណ៍ខាងលើបង្ហាញទៀតថា ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ ខណៈទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញបានផ្ទះទំហំ៣២ម៉ែត្រការ៉េនៅក្នុងប្រទេសកូនកោះមួយនេះ។

ដោយឡែក ទីក្រុងបុមបៃ(Mumbai)របស់ប្រទេសឥណ្ឌាបានជាប់ឈ្មោះជាទីផ្សារអចលនទ្រព្យ ដែលមានតម្លៃទាបជាងគេបំផុត។ ទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញបានផ្ទះទំហំ៩៩ម៉ែត្រការ៉េនៅក្នុងទីក្រុងបុមបៃ។

អំណាចនៃការទិញនៅទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្ថិតក្នុងសភាពទ្រឹងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលធ្វើឱ្យអតិថិជនងាយស្រួលក្នុងការចរចាតម្លៃ។

ដោយឡែក ទីផ្សារអចលនទ្រព្យនៅទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសបានធ្លាក់ចុះ។តួយ៉ាង ទំហំទឹកប្រាក់ចំនួន១លានដុល្លារអាចទិញបានផ្ទះទំហំ៣៤ម៉ែត្រការ៉េនៅទីក្រុងឡុងដ៍កាលពីឆ្នាំមុន បើធៀបនឹង២៣ម៉ែត្រការ៉េក្នុងឆ្នាំ២០១៤៕ប្រភព: Vnexpress៕

ទីផ្សារអចលនទ្រព្យរបស់កម្ពុជាកំពុងទទួលរងឥទ្ធិពលមកពីកត្តាខាងក្រៅ និងកត្តាក្នុងស្រុក

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: បើទោះបីជាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើងចំនួន៥,៨ភាគរយនៅក្នុងឆ្នាំ២០២៥នេះយ៉ាងណាក្តី ក៏ប៉ុន្តែទីផ្សារអចលនទ្រព្យរបស់កម្ពុជានៅមិនទាន់ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅឡើយនោះទេ។

កត្តាចម្បងនានា ដែលបាននិងកំពុងបង្កបញ្ហាប្រឈមដល់វិស័យអចលនទ្រព្យនៅកម្ពុជា រួមមានដូចជា ការកើនឡើងថ្លៃដើមសំណង់ និងការដាក់ចេញបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងក្នុងគោលបំណងគ្រប់គ្រងការទិញអចលនទ្រព្យស្តុកទុកដើម្បីទាញយកផលចំណេញនាពេលអនាគត។

ទោះជាយ៉ាងណាក្តី ការបើកដំណើរគម្រោងអគារពាណិជ្ជកម្មប្រណីតៗដូចជាអគារ Maritime Tower និងអគារ Maline Office Park ក្នុងរាជធានីភ្នំពេញ ជាសញ្ញាវិជ្ជមានមួយបង្ហាញថា “ការិយាល័យប្រកបដោយគុណភាពខ្ពស់នៅតែមានតម្រូវការល្អប្រសើរ”។

ជាមួយគ្នានេះ លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ជាពិសេសមកពីប្រទេសចិននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់កម្ពុជា។

និន្នាការនេះនឹងបន្តកើតមាន ស្របពេលដែលការវិនិយោគផ្ទាល់ពីបរទេសកើនឡើង ដោយរាជធានីភ្នំពេញកំពុងក្លាយជាគោលដៅសំខាន់មួយសម្រាប់ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន។

នាពេលបច្ចុប្បន្ន បណ្តាវិនិយោគិនក្នុងតំបន់កំពុងបន្តរង់ចាំអ៊ុតមើលទិសដៅគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក ដែលអាចជះឥទ្ធិពលលើគោលជំហររបស់ធនាគារកណ្តាលនៃបណ្តាប្រទេសនានាក្នុងតំបន់អាសុី។

ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសក្ដានុពលនៃវិស័យអចលនទ្រព្យក្នុងតំបន់។ បណ្តាវិនិយោគិនផ្តោតជាពិសេសលើការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសចិន ដោយសារកត្តាទាំងនេះអាចឆ្លុះបញ្ចាំងពីនិន្នាការសម្រាប់តំបន់ទាំងមូល៕ប្រភព: Asia Property Awards៕

Singapore, Hong Kong face growth risks over US tariff war with China

0

Economists lowered the growth outlook for Singapore and Hong Kong in the second half of this year, on increased uncertainties from US President Donald Trump imposing higher tariffs on China’s exports, according to the median of a Bloomberg survey.

Singapore’s growth is likely to slow to 1.3% in the third quarter, and to 1.6% in the fourth quarter, the survey showed. In comparison, growth is estimated at 4.1% in the first quarter and 3.9% in the second quarter — raised from 3.5% for each period from the December survey. The annual outlook stayed the same at 2.6%, though analysts are warning of risks.

“The full-year outlook faces considerable downside risks, especially from rising geopolitical tensions due to higher tariffs, and elevated trade policy uncertainty under Trump 2.0,” said Han Teng Chua, a senior economist at DBS Bank.

Singapore and Hong Kong are among the most exposed to China’s economy via commodity and trade links.

Hong Kong’s growth outlook was cut by economists to 2.6% from 3.2% for the third quarter, and to 2.4% from 3.1% for the fourth quarter, according to the survey. Meanwhile, forecasts were raised by almost 0.5 percentage point to 1.7% for the first quarter, and 1.8% for the second quarter.

Source: Bloomberg

មន្រ្តីជាន់ខ្ពស់អះអាងដោយសុទិដ្ឋិនិយមពីកំណើននៃការធ្វើដំណើរតាមផ្លូវអាកាសនៅឆ្នាំនេះ ខណៈជើងហោះហើរថ្មីៗនឹងត្រូវបន្ថែម

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​  ប្តេជ្ញាជំរុញការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសឱ្យបាន៧,៥លានាក់ ជាមួយនឹងទំនិញ៨០ពាន់តោន ក្នុងឆ្នាំ២០២៥

លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ បានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ដែលធ្វើឡើងកាលពីសប្តាហ៍មុន។

លោកបញ្ជាក់ថា កម្ពុជា បានអនុវត្តគោលនយោបាយបើកចំហជើងមេឃ តាំងពីឆ្នាំ១៩៩៩​ មកទល់សព្វថ្ងៃ។ មានរយៈពេល២៦ឆ្នាំហើយ ក្នុងការជួយជំរុញឱ្យមានសន្ទុះរីកចម្រើន ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស”។លោលបន្ថែមថា “ការណ៍នេះ គឺដើម្បីឆ្លើយតបតម្រូវការ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌កម្ពុជាទៅកាន់អន្តរជាតិ និងអន្តរជាតិមកកាន់កម្ពុជា”។

បច្ចុប្បន្នកម្ពុជា​ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលក្នុងប្រទេស។  គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍។ ក្នុងនោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។

ដើម្បីសម្រេចគោលដៅលើការដឹកជញ្ជូន អ្នកដំណើរ​បាន៧,៥លាននាក់ ក្នុងឆ្នាំ២០២៥​ លោកម៉ៅ ហាវណ្ណាល់ បានដាក់ចេញផែនការសកម្មភាពការងារមួយចំនួន។ ក្នុងនោះ មានការជំរុញការចរចា កែសម្រួល និងចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយប្រទេសហ្វីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស និងប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និងនូវែលសេឡង់។​ នេះបើតាមការចុះផ្សាយរបស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​។

ជាមួយគ្នានេះ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ នឹងព្យា​យា​មរៀបចំឱ្យទាន់ពេលវេលា លើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដើម្បីទទួលនូវកម្មវិធីសវនកម្មត្រួតពិនិត្យ សុវត្ថិភាពរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO Coordinated Validation Mission/ICVM) ដែលនឹងប្រព្រឹត្តឡើងពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។  រួមទាំង ផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋានឱ្យទាន់ពេលវេលា និងរៀបចំផ្ទេរជើងហោះហើរទាំងអស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងបើកដំណើរការនៅខែកក្កដា។​

ក្រៅពីកិច្ចខាងលើ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តខិតខំស្វែងរកប្រភពទុនវិនិយោគ អាចជារូបភាព ដៃគូរដ្ឋ និងឯកជន (Public and Private Partnership – PPP) ដើម្បីសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរី និងបាត់ដំបង និងបន្តជួយគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកអាចមានលទ្ធភាពកាន់តែទូលំទូលាយ ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិ។

លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល  នឹងជំរុញរួមទាំងសម្រួលនីតិវិធីនានា ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់ភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់អំពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យជម្លោះពាណិជ្ជកម្មកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៧ភាគរយដល់២៩៨៦,៤០ដុល្លារក្នុងមួយអោន។ ចំណែក តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២ភាគរយដល់២៩៩៥,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៣,៧០ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម១០៣,៧២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣១ភាគរយដល់៣៤,៣២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២៣ភាគរយដល់១០១៥,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៩ភាគរយដល់៩៧២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

សេដ្ឋកិច្ចរបស់ទីក្រុងសិង្ហបុរី និងហុងកុងប្រឈមមុខនឹងហានិភ័យខ្ពស់ពីសង្គ្រាមពន្ធគយរវាងអាមេរិក និងចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមសេដ្ឋវិទូបានបន្ទាបទស្សនវិស័យកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសសិង្ហបុរី និងទីក្រុងហុងកុងរបស់ប្រទេសចិន ស្របពេលដែលមានភាពមិនច្បាស់លាស់លើគោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។

យោងតាមការស្ទង់មតិរបស់កាសែត Bloomberg ទៅលើក្រុមសេដ្ឋវិទូបានបង្ហាញថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនឹងកើនឡើង៤,១ភាគរយនៅក្នុងត្រីមាសទី១ និងកើនឡើង៣,៩ភាគរយនៅក្នុងត្រីមាសទី២ មុននឹងធ្លាក់ចុះមកនៅត្រឹមអត្រា១,៣ភាគរយនៅត្រីមាសទី៣ និងអត្រា១,៦ភាគរយនៅត្រីមាសទី៤ ឆ្នាំ២០២៥”។

លោក Han Teng Chua សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ DBS Bank បានអះអាងថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់សិង្ហបុរីកំពុងប្រឈមមុខនឹងហានិភ័យពីការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ដោយសារតែការដំឡើងពន្ធខ្ពស់ និងការកើនឡើងនូវភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក្រោមរដ្ឋបាលលោក ត្រាំ”។

ទីក្រុងសិង្ហបុរី និងរដ្ឋបាលតំបន់ពិសេសហុងកុងអាចប្រឈមមុខនឹងហានិភ័យខ្ពស់ ប្រសិនបើកំណើនសេដ្ឋកិច្ចចិនដាំក្បាលចុះ ព្រោះទីក្រុងទាំង២នេះមានទំនាក់ទំនងដោះដូរពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយចិនដីគោក។

ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងកើនឡើង១,៧ភាគរយ នៅត្រីមាសទី១ និងកើនឡើង១,៨ភាគរយនៅត្រីមាសទី២។

យ៉ាងណាមិញ ក្រុមសេដ្ឋវិទូបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងសម្រាប់ត្រីមាសទី៣មកនៅត្រឹម២,៦ភាគរយ បើប្រៀបធៀបនឹងការព្យាករណ៍ពីមុនចំនួន៣,២ភាគរយ។

ចំណែក ការព្យាករណ៍កំណើនសេដ្ឋកិច្ច្ចហុងកុងសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ត្រូវបានបន្ទាបចុះមកនៅត្រឹម២,៤ភាគរយ បើប្រៀបធៀបនឹងការព្យាករណ៍ពីមុនចំនួន៣,១ភាគរយ៕ប្រភព: Bloomberg៕

កំណើនទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌារំពឹងហក់ឡើងខ្ពស់ និងវ៉ាដាច់អត្រាកំណើន GDP

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌាបានឈានចូលមកដល់ចំណុចរបត់មួយ ដែលនឹងសម្រេចបានកំណើនយ៉ាងលឿនឆាប់រហ័សមិនធ្លាប់មានទាំងផ្នែកលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។

តួយ៉ាង តម្រូវការលំនៅដ្ឋាននៅប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងនៅតែមានសភាពរឹងមាំ ដោយសារការផ្លាស់ប្តូរនៃកត្តាប្រជាសាស្រ្ត និងការរីកចម្រើននៃកំណើនសេដ្ឋកិច្ច។

ខណៈដែលប្រទេសឥណ្ឌាបានបង្ហាញមហិច្ឆិតាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតមធ្យម និងកម្រិតខ្ពស់ វិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះត្រូវបានគេរំពឹងថា នឹងបន្តរីកចម្រើនប្រកបដោយចីរភាពនៅទសវត្សរ៍ក្រោយ។

ទំហំទីផ្សារលំនៅដ្ឋានឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនប្រចាំឆ្នាំចន្លោះពី១២ភាគរយទៅ១៥ភាគរយ ដែលនឹងវ៉ាដាច់អត្រាកំណើនសេដ្ឋកិច្ចឥណ្ឌាចំនួន៧ភាគរយ។

ការណ៍នេះនឹងជួយរួមចំណែកដល់ការបង្កើនទំហំផលទុនជាតិសរុប(GDP)របស់ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក។

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក៏នឹងបន្តរីកចម្រើនផងដែរ ដោយផ្តោតលើគម្រោងអភិវឌ្ឍន៍អគារប្រើប្រាស់ចម្រុះ ដែលរួមបញ្ចូលគ្នានូវលំនៅដ្ឋាន ពាណិជ្ជកម្ម និងការលក់រាយ។ ការចាប់យកបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឆ្លាតវៃនឹងបង្កើនភាពទាក់ទាញនៃគម្រោងអភិវឌ្ឍន៍ទាំងនេះ។

ជាងនេះទៅទៀត ភាពជឿនលឿនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ជាយុទ្ធសាស្ត្ររវាងអ្នកប្រើប្រាស់ជាមួយនឹងសេវាកម្ម និងការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មថ្មីៗ នឹងជំរុញទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ឥណ្ឌាបន្ថែមទៀត។

ដោយឡែក ការពង្រីកសមត្ថភាពផលិតកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបានគេរំពឹងថា នឹងជំរុញទីផ្សារអចលនទ្រព្យឧស្សាហកម្ម។

ការបន្តបោះទុនវិនិយោគរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការបង្កើតសួនឧស្សាហកម្មភស្តុភារ និងច្រករបៀងសេដ្ឋកិច្ចនឹងកាត់បន្ថយនូវថ្លៃដើមសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបង្កើនប្រសិទ្ធភាព និងជួយកាត់បន្ថយតម្លៃផលិតផលប្រហែល៥ភាគរយ៕ប្រភព: BW Businessworld៕

ប្រទេសថៃព្រមានដល់ជនបរទេស ដែលទិញខុនដូ ដើម្បីដាក់ជួលជាលក្ខណៈសណ្ឋាគារប្រចាំថ្ងៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលថៃបានធ្វើការព្រមានដល់ជនបរទេស ដែលបានទិញខុនដូនៅក្នុងប្រទេសថៃ ដើម្បីដាក់ជួលជាលក្ខណៈសណ្ឋាគារ ព្រោះសកម្មភាពនេះជាការរំលោភបំពានច្បាប់របស់ប្រទេសថៃ។

ការព្រមាននេះបានកើតមានឡើង ក្រោយពីអាជ្ញាធរថៃរកឃើញមាន​ករណីជាច្រើន ដែលជនជាតិចិនបានជួលបន្ទប់ខុនរបស់ខ្លួនទៅឱ្យភ្ញៀវទេសចរណ៍តាមរយៈកម្មវិធី Airbnb។

អ្នករស់នៅក្នុងអគារខុនដូមួយចំនួន ជាពិសេសនៅតំបន់ Sukhumvit បានត្អូញត្អែរអំពីសំឡេងរំខានរបស់ភ្ញៀវស្នាក់នៅបន្ទប់ជិតខាង ដែលមកស្នាក់នៅក្នុងរយៈពេលខ្លី។

យោងតាមពាក្យបណ្ដឹងពីអ្នករស់នៅក្នុងអគារខុនដូ ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមបានឱ្យដឹងថា ភ្ញៀវទេសចរណ៍បានជួលបន្ទប់ខុនដូសម្រាប់ស្នាក់នៅក្នុងរយៈពេលខ្លី ដោយកក់តាមរយៈ​ប្រព័ន្ធកម្មវិធីអនឡាញ។ខុនដូទាំងនោះ ​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន។

លើសពីនេះ ភ្ញៀវទេសចរណ៍ ដែលចូលមកស្នាក់នៅខុនដូទាំងនោះមានសិទ្ធិយកកូនសោអេឡិចត្រូនិកសម្រាប់ចូលក្នុងខុនដូ។ កូនសោនោះត្រូវបានដាក់ក្នុងប្រអប់សោរួម ដែលមានលេខកូដសម្ងាត់ឌីជីថល។

ក្នុងករណីនេះ ការិយាល័យគ្រប់គ្រងខុនដូមួយចំនួន​ បានហាមឃាត់មិនឱ្យម្ចាស់បន្ទប់ខុនដូជាជនជាតិចិនប្រើប្រាស់ប្រអប់សោរួម ព្រោះថា មានតែអ្នករស់នៅក្នុងអគារខុនដូប៉ុណ្ណោះទើបអាចមានសិទ្ធិដឹងពីលេខកូដសម្ងាត់របស់ប្រអប់សោនោះ។

ជនបរទេសដែលទិញខុនដូដើម្បីដាក់ជួលជាប្រចាំថ្ងៃ តាមរយៈកម្មវិធី Airbnb ដោយមិនមានការអនុញ្ញាត ជាការរំលោភបំពានច្បាប់ស្តីពីសណ្ឋាគារឆ្នាំ២០០៤ របស់ប្រទេសថៃ។

ចំណែក អ្នកបំពានច្បាប់នឹងត្រូវទទួលរងការផាកពិន័យក្នុងទំហំទឹកប្រាក់ប្រមាណ៥៩៥ដុល្លារអាមេរិក និងបូកបន្ថែមចំនួន២៩៥ដុល្លារជារៀងរាល់ថ្ងៃ រហូតដល់ជនល្មើសបញ្ឈប់សកម្មភាព៕ប្រភព: The Nation៕

ព្រែកជីកប៉ាណាម៉ាគ្រោងសាងសង់បំពង់បង្ហូរមួយដើម្បីនាំចេញឧស្ម័នមកកាន់តំបន់អាសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានគ្រប់គ្រងប្រតិបត្តិការព្រែកជីកប៉ាណាម៉ា លោក Ricaurte Vasquez បានប្រកាសថា ព្រែកជីកនេះកំពុងពិចារណាសាងសង់បំពង់បង្ហូរមួយ ដើម្បីនាំចេញឧស្ម័នប្រេងរាវ (LNG)ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសជប៉ុន ដែលជាអតិថិជនដ៏មានសក្ដានុពលខ្ពស់ក្នុងការបញ្ជាទិញឧស្ម័ន។

ព្រែកជីកប៉ាណាម៉ាជាច្រកពាណិជ្ជកម្មតាមផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ខណៈអាជ្ញាធរគ្រប់គ្រងព្រែកជីកនេះគ្រោងនឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីបង្កើនប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ជាក់ស្តែង កន្លងមក បញ្ហាគ្រោះរាំងស្ងួតបានកាត់បន្ថយចំនួននាវាឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ បច្ចុប្បន្ន អាជ្ញាធរគ្រប់គ្រងព្រែកជីកប៉ាណាម៉ាគ្រោងសាងសង់អាងស្តុកទឹកនៅតំបន់ក្បែរនោះ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតទឹកនារដូវប្រាំង។

ប្រទេសជប៉ុនជាប្រទេសប្រើប្រាស់ឧស្ម័នប្រេងរាវ (Liquefied Petroleum Gas) ដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក ខណៈប្រទេសជប៉ុនប្រើប្រាស់ថាមពលទាំងនោះសម្រាប់បម្រើដល់វិស័យផលិតកម្ម និងឧស្សាហកម្មក្នុងស្រុកសំខាន់ៗផ្សេងទៀត។

ចំណាត់ការរបស់ព្រែកជីកប៉ាណាម៉ាបានធ្វើឡើង ស្របពេលដែលប្រទេសប៉ាណាម៉ាកំពុងប្រឈមមុខនឹងភាពតានតឹងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញគោលបំណងទាមទារព្រែកជីកប៉ាណាម៉ាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។

កាលពីដើមខែមីនានេះ សម្ព័ន្ធក្រុមហ៊ុនមួយ ដែលដឹកនាំដោយក្រុមហ៊ុនអាមេរិក BlackRock បានសម្រេចទិញកំពង់ផែចំនួន២ទីតាំងស្ថិតនៅអមសងខាងព្រែកជីកប៉ាណាម៉ាពីក្រុមហ៊ុនហុងកុង CK Hutchison Holding។កិច្ចព្រមព្រៀងនេះមានទំហំទឹកប្រាក់ចំនួន២២,៨ពាន់លានដុល្លារអាមេរិក៕ប្រភព: Reuters៕

តម្រូវការផ្ទះ​វីឡា និង​ផ្ទះ​ Townhouse នៅក្នុងទីក្រុងហូជីមិញដាំក្បាលចុះ ខណៈអ្នកអភិវឌ្ឍន៍ជាច្រើនលក់មិនចេញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាកំពុងជួបប្រទះស្ថានភាពលំបាកក្នុងការលក់ផ្ទះវីឡា និងផ្ទះ Townhouse នៅភាគខាងត្បូងប្រទេសវៀតណាម ដោយសារតែផ្ទះទាំងនោះមានតម្លៃខ្ពស់កប់ពពក។

ជាក់ស្តែង ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានកត់សម្គាល់ឃើញមានការទិញផ្ទះចំនួន៧៥យូនីតប៉ុណ្ណោះក្នុងចំណោមផ្ទះវីឡា និងផ្ទះប្រភេទ Townhouse សរុប៥.០០០យូនីត ដែលត្រូវបានប្រកាសដាក់លក់នៅទីក្រុងហូជីមិញ និងតំបន់ជុំវិញនោះ។

យោងតាមរបាយការណ៍មួយរបស់វេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានឱ្យដឹងថា ទីផ្សារអចលទ្រព្យវៀតណាមបានបង្ហាញសញ្ញានៃការងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២៥នេះ ស្របពេលមានកំណើននៃតម្រូវការដីធ្លី និងអាផាតមុិន។ផ្ទុយទៅវិញ តម្រូវការផ្ទះ​វីឡា និង​ផ្ទះ​ Townhouse បានដាំក្បាលចុះ។

ការស្រាវជ្រាវស្វែងរកផ្ទះ​វីឡា និង​ផ្ទះ​ Townhouse (Search)នៅក្នុងទីក្រុងហូជីមិញតាមរយៈវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានគ្របដណ្តប់ចំណែកតិចជាង២ភាគរយនៃចំនួនអ្នកសាកសួរព័ត៌មានសរុប។

លោក Vo Hong Thang អគ្គនាយករងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានវាយតម្លៃថា “ការដាំក្បាលចុះនៃតម្រូវការផ្ទះ​វីឡា និង​ផ្ទះ​ Townhouse បណ្តាលមកពីផ្ទះទាំងនោះគ្មានភាពទាក់ទាញ និងមានតម្លៃខ្ពស់កប់ពពក”។

តួយ៉ាង ផ្ទះវីឡា និងផ្ទះប្រភេទ Townhouse នៅទីក្រុងហូជីមិញមានតម្លៃចាប់ពី៥,៣ពាន់លានដុងដល់៧០០ពាន់លានដុង(ប្រហែល២០៧.៦៤០ដុល្លារទៅ២៧,៤លានដុល្លារ)ក្នុងមួយយូនីត។តម្លៃខ្ពស់កប់ពពកនេះបានធ្វើឱ្យបណ្តាអ្នកវិនិយោគស្ទាក់ស្ទើរក្នុងការទិញ៕ប្រភព: Vnexpress៕