ក្រសួងពាណិជ្ជកម្ម ផ្តល់​សិទ្ធិ​បន្ថែម​សម្រាប់​អ្នក​នាំចេញ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព ដើម​ទំនិញ

0

ក្រសួងពាណិជ្ជកម្ម បានផ្តល់​សិទ្ធិ​បន្ថែមទៀត​ដល់​អ្នក​នាំចេញ និង​ផលិតករ​នៅ​កម្ពុជា​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ចាប់ពី​ថ្ងៃទី៦ ខែកញ្ញា​នេះ​ទៅ។

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការកែសម្រួល​និង​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ដល់​ផលិតករ និង​អ្នក​នាំចេញ ដោយ​សម្រេច​ផ្តល់​សិទ្ធ​បន្ថែម​ដល់​ថ្នាក់​នាយកដ្ឋាន​នាំចេញ-នាំចូល និង​ថ្នាក់​អគ្គនាយកដ្ឋាន​សេវាកម្ម ក្នុងការ​ពិនិត្យ និង​អនុម័ត​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុ​ផា​រី បាន​ថ្លែងថា ក្រសួងពាណិជ្ជកម្ម បានសម្រេច​ផ្តល់​សិទ្ធ​បន្ថែម ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចាប់ពី​ថ្ងៃទី ៦ខែកញ្ញា​នេះ​ទៅ ហើយ​ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​សម្រួល​ដល់​ការនាំចេញ​នាំចូល​ទំនិញ​ពី​កម្ពុជា ទៅ​ក្រៅប្រទេស។ កញ្ញា​អ្នកនាំពាក្យ បន្ថែមថា ថ្ងៃក្រោយ​នៅពេលដែល​កម្ពុ​ជាមាន​ដៃគូ​ពាណិជ្ជកម្ម​ហើយ​បើសិន​ជាមាន​កិច្ចព្រមព្រៀង​ទៀត​នោះ​នឹង​សម្រួល​ដល់​ការនាំ​ចេញពី​កម្ពុជា​ឲ្យ​កាន់តែ​ងាយស្រួល​បំផុត។

សម្រាប់ លោក ជាង បូរ៉ា អគ្គ​នាយក្រុម​ហ៊ុន​រ៉ា​គឹម​ឡុង បាន​ថ្លែងថា បច្ចុប្បន្ននេះ ផលិតករ​កម្ពុ​ជាមាន​ច្រើន ហើយ​មិនបាន​យល់​ពី​បែបបទ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៅឡើយ​ទេ ហើយ​ក្រសួង​គួរតែមាន​ការបើក​ឲ្យ​ទូលាយ​ថែមទៀត​កុំ​ឲ្យ​មានការ​ពន្យា​ពេល​បន្ថែម។ លោក បានបញ្ជាក់​ទៀតថា កន្លងមក​ផលិតករ និង​អ្នក​នាំចេញ​ជួប​បញ្ហា​ច្រើន ហើយ​ស្នើសុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បើក​វគ្គ​បណ្តុះបណ្តាល​ឲ្យ​បាន​ច្រើន​បន្ថែមទៀត។

សេចក្តីជូនដំណឹង​ពី​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹងថា  ការកែសម្រួល និង​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ដល់​ផលិតករ​និង​អ្នក​នាំចេញ ដោយបាន​សម្រេច​ផ្តល់​សិទ្ធ​បន្ថែម​ដល់​ថ្នាក់​នាយកដ្ឋាន​នាំចេញ-នាំចូល​និង​ថ្នាក់​អគ្គនាយកដ្ឋាន​សេវាកម្ម។

ក្រសួងពាណិជ្ជកម្ម​នឹង​កែសម្រួល​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ជា​បន្តទៀត ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​បង្កើត​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ៕

រដ្ឋាភិបាល និង​សហជីព​ខ្វែងគំនិត​គ្នា​ជុំវិញ​ប្រាក់​ឈ្នួល​អប្បបរិមាណ​ឆ្នាំ២០១៨

0

ភ្នំពេញ៖ ភាគី​រដ្ឋាភិបាល និង​សហជីព​នានា កំពុងមាន​ការខ្វែងគំនិត​គ្នា​ជុំវិញ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមាណ​នៅ​ឆ្នាំ២០១៨ខាងមុខនេះ ខណៈ​រដ្ឋាភិបាល និង​តំណាង​ភាគី​និយោជក បានកំណត់​តួលេខ​ចំនួន ១៦១ដុល្លារ​អាមេរិក ដោយឡែក​ភាគី​សហជីព​បានកំណត់​យក​តួលេខ​ចំនួន១៧៦ដុល្លារ​អាមេរិក។

មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន ក្រោយ​ចប់​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ដើម្បី ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៨ នៅ​រសៀល​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅ​ទីស្តីការក្រសួង​ការងារ ឯកឧត្តម ហេង សួរ បានបញ្ជាក់​បន្ថែមថា ក្នុង​កិច្ច ប្រជុំ​រយៈពេល​ជាង៥ម៉ោង​នា​ព្រឹក​ថ្ងៃនេះ ភាគីនីមួយៗបានបញ្ជាក់​ពី​គោលជំហរ​ផ្លូវការ​របស់ខ្លួន​ចំពោះមុខ​គ្នា ជាមួយនិង​ហេតុផល​បឋម​ក្នុងការ​សម្រេចយក​តួលេខ​ខាងលើនេះ។

ឯកឧត្តម​បន្តថា ក្រុមការងារ​នឹង​បើក​កិច្ចប្រជុំ​បន្ត​ជា​លើក​ទី២អំពី​ប្រាក់​ឈ្នួល នឹង​ប្រព្រឹត្ត​ទៅនា​ល្ងាច​ថ្ងៃ​សុក្រ ទី២៨ខែកញ្ញា​ទៀត ដើម្បី​កំណត់​យក តួលេខ​សមស្រប​ណាមួយ​ក្នុង​ការកំណត់​នូវ​កាលបរិច្ឆេទ​ដើម្បី​បោះឆ្នោត​សម្រេច​ជា​ផ្លូវការ។

ទាក់ទិន​នឹង​កិច្ចចរចា​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ២០១៨នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ប្រើប្រាស់​រូបមន្ត​ចាស់ គឺ​គ្រប់ភាគី​ទាំងអស់​រួមមាន ត្រូវ​ប្រើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច។ ផ្នែក​សង្គម​គឺ​ត្រូវ​ពិនិត្យ​លើ​ស្ថានភាព​គ្រួសារ ការចំណាយ​ក្នុងការ​រស់នៅ។ ចំណែក​ផ្នែក​សេដ្ឋកិច្ច គឺ​ផ្តោតលើ​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស និង​ស្ថានភាព​ទីផ្សារ។

ការសម្រេច​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​សម្រាប់​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ នឹងត្រូវ​ធ្វើឡើង​នៅ​ខែតុលា ហើយ​នៅ​ថ្ងៃទី១មករា​ឆ្នាំ២០១៨ គឺជា​ថ្ងៃ​ដែល​ប្រាក់​ឈ្នួល​អប្បបរមា​ចូល​ជា​ធរមាន។

បច្ចុប្បន្ន ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និ​យោ​ជិ​ក​ផ្នែក​កាត់ដេរ​សំលៀកបំពាក់​និង​ផលិត​ស្បែកជើង​មាន​ចំនួន១៥៣ដុល្លារ​អាមេរិក។ ប្រាក់​ឈ្នួល​នេះ​បាន​កើនឡើង​ប្រមាណ​ជាង១៣ដុល្លារ បើ​ធៀប​ទៅនឹង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ២០១៦៕

អ្នកវិនិយោគ​អចលនទ្រព្យធំៗ កម្ដៅ នយោបាយ​បច្ចុប្បន្ន​មិន​ប៉ះពាល់​ដល់​វិស័យនេះ​ទេ

0

អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យធំៗនៅ​កម្ពុជា បាន​លើកឡើងថា ការឡើង​កម្ដៅ​នយោបាយ នៅ​មុនពេល​បោះឆ្នោត​នៅ​ឆ្នាំ២០១៨ មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ប៉ុន្តែ​ពួកគេ​ទាមទារ​ឲ្យ​អ្នកនយោបាយ​ទាំងអស់​មាន​ភាព​អត់ធ្មត់។

លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាននិងកំពុង​វិនិយោគ​គម្រោង​ខុន​ដូ THe Bridge, The PeAk, និង​គម្រោង អចលនទ្រព្យ​ជាច្រើន​ទៀត​នៅ​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃទី៤ កញ្ញា​នេះ​ថា លោក​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ការបោះឆ្នោត​នេះ នឹង​ដំណើរការ​ដោយ​រលូន។ លោក បន្តថា យើង​ជា​អ្នករកស៊ី យើង​ត្រូវការ​ស្ថិរភាព ដែលជា​អ្វី​សំខាន់បំផុត ប៉ុន្តែ​ប្រជាជន​តែងតែមាន​ការបារម្ភ​ហើយ តែ​សម្រាប់​លោក​ដែល ជា​អ្នកវិនិយោគ លោក​មានការ​ជឿជាក់។

លោក បន្តថា លោក​គិតថា ការបោះឆ្នោត​ឆ្នាំក្រោយ មិនមាន​បញ្ហា​អ្វី​នោះទេ វា​ជា​អារម្មណ៍​របស់​ប្រជាជន​ប៉ុណ្ណោះ។ អ្នកវិនិយោគ​បរទេស ពួកគេ​មិន​និយាយ​មែន​តែ​ពួកគេ​មិន​បារម្ភ​ទេ ព្រោះ​អ្នកវិនិយោគ​ពូកែ​ជា​អ្នក​ពូកែ​ឆក់​ឱកាស ហេតុនេះ បើ​មាន​អ្នកណា​ហ៊ាន អ្នកនោះ​នឹង​ទទួលបាន​ជោគជ័យ។

ភាគ​ហ៊ុ​និក​នៃ​ក្រុមហ៊ុន​លំនៅឋាន L កម្ពុជា​ភ្នំពេញ​លោក ទុយ ប៊ុន បាន​ថ្លែងថា ស្ថានភាព​នាពេលនេះ​មិនមាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកវិនិយោគ​លោក​ស្នើសុំ​ឲ្យ​អ្នកនយោបាយ​រួបរួមគ្នា និង​ធ្វើ​អ្វី​យក​ច្បាប់​មក​និយាយ​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​សុខ និង​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ។លោក បន្តថា យើង​រង់​ចាំមើល​ទាំងអស់គ្នា តែ​អ្វី​ជាការ​កត់សំគាល់​របស់​លោក គឺ​ស្ថានភាព​មិនមាន​អ្វី​ប្លែក​គួរ​ឲ្យ​បារម្ភ​ទេ ព្រោះ​វា​ហាក់​កើតឡើង​ដដែល បន្ទាប់មក​វា​ក្លាយជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​របស់​យើង។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងថា ការបោះឆ្នោត​ឆ្នាំ២០១៨ មិនមាន​បញ្ហា​អ្វី​ឡើយ ទោះជា​មានការ​បារម្ភ​តិចតួច​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ក្តី ប៉ុន្តែ​វា​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។លោក បន្តថា ទោះជា​យ៉ាងណា​ក៏​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត នឹងមិន​ឡើងថ្លៃ​នោះទេ ព្រោះ​វា ជា​ពេលដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ហើយ​វា​ជា​អារម្មណ៍​ធម្មតា​របស់​ពួកគាត់៕

ការនាំចេញ​ទិន្នផល​ដូងប្រេង មានការ​កើនឡើង​ក្នុង ឆ្នាំ២០១៧

0

ភ្នំពេញ ៖ ការនាំចេញ​ដូងប្រេង​របស់​ក្រុមហ៊ុន​ម៉ុង រិទ្ធី​គ្រុប បាន​កើនឡើង​ក្នុង​ចន្លោះ១៥ ទៅ២០ភាគរយ ក្នុង​រយៈពេល​បី​ត្រីមាស ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

អនុប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ដូងប្រេង​របស់​ឧកញ៉ា ម៉ុង រិទ្ធី លោក ប្រា​ចាក់ កង​តាណ​ម​ថា​ម​Prachak Kongtanomtham បាន​ឲ្យ​ដឹង នា​ថ្ងៃទី ១២ ខែកញ្ញា ម្សិលមិញ​នេះ​ថា ការនាំចេញ​នៃ​ទិន្នផល​ដូងប្រេង ឆ្នាំនេះ មានការ​កើនឡើង ក្នុង​ចំនួន​ខាងលើនេះ ដោយ​ទំហំ​នៃ​ការនាំចេញ​បាន​កើន​ឡើងដល់៣០,០០០តោន និង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា២៣លាន​ដុល្លារ​អាមេរិក។

លោក បាន​បន្ថែមថា ទោះបីជា​មានការ​កើនឡើង​នូវ​ចំនួន​នាំចេញ​ក្ដី តែ​បញ្ហា​តម្លៃ​លក់​ចេញ​មិនមាន​ភាពប្រែប្រួល​នោះទេ ព្រោះថា​សព្វថ្ងៃ​ទិន្នផល​ដូងប្រេង១តោន លក់បាន​ក្នុងតម្លៃ​ត្រឹមតែ​ប្រមាណ​ជាង៦២០ ដុល្លារ​ប៉ុណ្ណោះ ដែល​តម្លៃ​នេះ មាន​ភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន។

លោក បន្តថា ការកើនឡើង​នូវ​ការនាំចេញ​ទិន្នផល​ដូងប្រេង​នេះ គឺ​ដោយសារតែ​ខាង​ក្រុមហ៊ុន​បាន​សិក្សា​យ៉ាង​ម៉ត់ចត់​ពី​គុណភាព​ដី ស្ថានភាព​ទឹកភ្លៀង​មាន​ភាព​អំណោយផល និង​ស្របពេល ដែល​ដើម​ដូងប្រេង កំពុងតែ​ពេញវ័យ​ក្នុង​ការផលិត។

សព្វថ្ងៃ​ប្រទេស​កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន កែច្នៃ​ផលិតផល​សម្រេច​ចេញពី​ដូងប្រេង នោះទេ ដែល​ធ្វើ​ឲ្យ​ទិន្នផល​ទាំងអស់​ត្រូវ​បញ្ជូនទៅ​លក់​បរទេស ដោយ​ក្នុងនោះ​មាន​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ស្វី​ស ប្រទេស​ចិន ប្រទេស​កូរ៉េ ប្រទេស​ប៉ា​គី​ស្ថាន និង​ប្រទេស​ម៉ាឡេស៊ី។ ក្នុងចំណោម​ទីផ្សារ​អន្តរជាតិ​ទាំងនេះ ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស ដែល​នាំចូល​ផលិតផល​ដូងប្រេង​ពី​កម្ពុជា​ធំជាងគេ។

ជុំវិញ​ការកើនឡើង​នៃ​ការនាំចេញ​ទិន្នផល​ដូងប្រេង ទៅកាន់​បរទេស​នេះ ទីប្រឹក្សា​ជាន់ខ្ពស់ ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​លើកឡើងថា វា​ជាការ​ធ្វើ​ពិពិធ​កម្ម​លើ​ផលិតផល​កសិកម្ម ដែល​យើង​មិន​ពឹង​ផ្អែកលើ​ការនាំចេញ​នូវ​ផលិតផល​ស្រូវ អង្ករ​តែមួយ​មុខ។ ក្នុងនោះ​លោក ង៉ែត ជូ ក៏បាន​បន្ថែមថា បើសិនជា​មានលទ្ធភាព ក្រុមហ៊ុន​គួរតែបង្កើត​ក្រុមហ៊ុន​កែច្នៃ​ផលិតផល​សម្រេច ដើម្បី​ផ្ដល់​ការងារ​បាន​កាន់តែច្រើន​ជូន​ប្រជាជន​កម្ពុជា។

សព្វថ្ងៃ​ក្រុមហ៊ុន​ដូងប្រេង​របស់លោក​ឧក​ញ៉ា ម៉ុង រិទ្ធី មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជា ១៦, ០០០ហិច​តា ដែលមាន​ទីតាំង​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយ​ក្រុមហ៊ុន​នេះ ក៏បានផ្ដល់​ការងារ​ដល់​ប្រជាជន ប្រមាណ​ជា២០០០នាក់​ផងដែរ៕