តើអគារណាខ្លះ ដែលមានរចនាបថប្លែកៗនៅលើពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលបច្ចេកវិទ្យា និងនវានុវត្តន៍បន្តបោះជំហានឆ្ពោះទៅមុខ បណ្តាប្រទេសនានាលើពិភពលោកបានសាងសង់អគារខ្ពស់ៗកប់ពពកជាច្រើន ដែលមានរចនាបថ និងការកែច្នៃខុសៗប្លែកពីគេ។ការណ៍នេះជាការបង្ហាញពីសក្តានុពលទៅកាន់ពិភពលោក។

ខាងក្រោមនេះជាអគារខ្ពស់ៗចំនួន៥មកពីជុំវិញពិភពលោក ដែលមានភាពលេចធ្លោលើការរចនាឌីហ្សាញដ៏ប្លែក។ អគារកប់ពពកទាំងនេះមិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពច្នៃប្រឌិត និងគោលគំនិតផងដែរ៖

ទី១: អគារ CCTV Headquarters

អគារ CCTV Headquarters ជាទីស្នាក់ការកណ្តាលរបស់ទូរទស្សន៍រដ្ឋចិន CCTV ដែលមានទីតាំងនៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។អគារនេះមានកម្ពស់២៣៤ម៉ែត្រ ដែលរចនាឡើងដោយស្ថាបត្យករហូឡង់លោក Rem Koolhaas។

ទី២: អគារ The Big Bend

គម្រោងអគារ The Big Bend ត្រូវបានស្នើសាងសង់ឡើងក្នុងកម្ពស់ជាង១.២០០ម៉ែត្រនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio។គម្រោងអគារនេះមានរាងជាអក្សរ“U”ស្ថិតលើផ្លូវ 57th Street។

ប្រសិនបើត្រូវបានសាងសង់ឡើងមែន នោះអគារ The Big Bend នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតមិនធ្លាប់មាននៅលើពិភពលោក។

ទី៣: អគារ Absolute World Towers

អគារ Absolute World Towers នៅទីក្រុង Mississauga ក្នុងប្រទេសកាណាដាមានប៉មចំនួន២។ ប៉មទី១មានកម្ពស់១៧៩ម៉ែត្រ ខណៈប៉មទី២មានកម្ពស់១៥៨ម៉ែត្រ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម MAD Architects។ ប៉មទាំង២នេះមានរាងរមួល និងរាងកោងដូចទៅនឹងដងខ្លួនរបស់មនុស្ស។

ទី៤: អគារ Capital Gate

អគារ Capital Gate មានទីតាំងស្ថិតនៅទីក្រុងអាប៊ុយដាប៊ីរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។អគារនេះមានកម្ពស់១៦៥ម៉ែត្រ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម RMJM។

លក្ខណៈពិសេសប្លែកស្ថិតនៅត្រង់ថា អគារ Capital Gate មានទំនោរផ្អៀង១៨ដឺក្រេទៅទិសខាងលិច ខ្លាំងជាងអគារ Tower of Pisa ដ៏ល្បីល្បាញនៅប្រទេសអុីតាលីទៅទៀត។

ទី៥: អគារ MahaNakhon Tower

អគារខ្ពស់កប់ពពក MahaNakhon Tower ជាអគារដ៏ល្បីល្បាញនៅទីក្រុងបាងកកនៃប្រទេសថៃ។អគារនេះមានកម្ពស់៣១៤ម៉ែត្រ ដែលរចនាឡើងដោយស្ថាបត្យករអាល្លឺម៉ង់លោក Ole Scheeren។អគារនេះជានិមត្តិរូបក្នុងយុគសម័យសម័យឌីជីថលទំនើប៕

អភិបាលខេត្តព្រះសីហនុបានដឹកនាំវេទិការជម្រុញការវិនិយោគមកកាន់កម្ពុជាជាមួយអ្នកធុរកិច្ចចិនរាប់រយនាក់

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានអញ្ជើញដឹកនាំវេទិកាជំរុញ ការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះ មានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សមាគមអភិវឌ្ឍន៍សហគ្រិនកម្ពុជា-អាស៊ាន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង២០០នាក់។

ថ្លែងបើកវេទិកានេះ លោកម៉ាង ស៊ីណេតបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំ លើកកម្ពស់ទំនាក់ទំនងមិត្តភាព ជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នា រវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោកប្រធានាធិបតី ស៊ី ជីនពីង។

ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រ​ទេសចិន ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ រួមទាំងខេត្តអានហ៊ួយ ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥លន្លងមកនេះ។

វេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ នាពេលនេះ គឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ព្រមទាំងស្វែងរកដៃគូវិនិយោគ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូននិងវិស័យមួយចំនួនទៀតដែលមានសក្តានុពល។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា “រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគ នូវការផ្តល់សេវាឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានព័ត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ”។

បន្ថែមពីលើនេះលោកម៉ាង ស៊ីណេតក៏មានប្រសាសន៍លើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបញ្ជាក់ថា ព័ត៌មានទាំងនោះគឺជាព័ត៌មាន មិនពិតប្រាកដទេ លោកធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរ ព្រោះថាបេសកម្មរបស់រដ្ឋបាលខេត្តគឺ៖

“សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ” ហើយ “ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ”។

ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិន ពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ៕

តើអគារខុនដូថ្លៃជាងគេបំផុតទាំង៥ នៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីនមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ទីផ្សារខុនដូប្រណីតរបស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានអគារខុនដូខ្ពស់ៗជាច្រើនបានបំបែកកំណត់ត្រាតម្លៃខ្ពស់បំផុតក្នុងមួយម៉ែត្រការ៉េ។

ខាង​ក្រោម​នេះ​ជា​បញ្ជី​នៃ​អគារ​ខុនដូ​ថ្លៃ​បំផុត​ទាំង​៥ នៅរដ្ឋធានីម៉ានីល (Metro Manila) ដែល​ចាត់​ថ្នាក់​ដោយ​ផ្អែកលើតម្លៃ​ជាមធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ៖

ទី១: អគារ Banyan Tree Residences

អគារខុនដូ Banyan Tree Residences មានទីតាំងនៅតំបន់ពាណិជ្ជកម្មកណ្តាល Makati របស់ទីក្រុងម៉ានីល។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៨០មុឺនបេ៉សូ(ប្រមាណ១៤.៣៨០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ Banyan Tree Residences នេះផ្តល់នូវការរស់នៅដ៏ប្រណីត ជាមួយនឹងសេវាកម្ម និងគ្រឿងបរិក្ខារទំនើបៗលំដាប់ពិភពលោក។

ទី២: អគារ The Suites

អគារខុនដូ The Suites មានទីតាំងនៅតំបន់ពាណិជ្ជកម្ម Bonifacio Global City។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៥៦៦.០០០បេ៉សូ(ប្រមាណ១០.១៧២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ អគារខុនដូខ្ពស់កប់ពពកនេះផ្តល់ឱ្យអតិថិជននូវទិដ្ឋភាពរបស់ទីក្រុងម៉ានីលបែប Panoramic និងគ្រឿងបរិក្ខារលំដាប់កំពូល។

ទី៣: អគារ Two Roxas Triangle

អគារ Two Roxas Triangle មានទីតាំងនៅតំបន់ពាណិជ្ជកម្មកណ្តាល Makati របស់ទីក្រុងម៉ានីល។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៤៥២.០០០បេ៉សូ(ប្រមាណ៨.១២៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។អគារខុនដូនេះផ្តល់ជូននូវបន្ទប់ធំទូលាយ និងបរិក្ខារពិសេស។

ទី៤: អគារ Grand Hyatt Residences

អគារ Grand Hyatt Residences មានទីតាំងនៅតំបន់ពាណិជ្ជកម្ម Bonifacio Global City។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៤៥១.០០០បេ៉សូ(ប្រមាណ៨.១០៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ Grand Hyatt Residences ជាផ្នែកមួយនៃគម្រោង Grand Hyatt complex ដោយរួមបញ្ចូលគ្នានូវការរស់នៅដ៏ប្រណីតជាមួយនឹងសេវាកម្មប្រៀបដូចជាសណ្ឋាគារ។

ទី៥: អគារ Aurelia Residences

អគារ Aurelia Residences ក៏មានទីតាំងនៅតំបន់ពាណិជ្ជកម្ម Bonifacio Global City ផងដែរ។ខុនដូនៅអគារនេះមានតម្លៃជាមធ្យមចំនួន៤៣១.០០០បេ៉សូ(ប្រមាណ៧.៧៤៧ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ Aurelia Residences កើតចេញពីកិច្ចសហការរវាងក្រុមហ៊ុន Shang Properties និងក្រុមហ៊ុន Robinsons Land ដោយយកលំនាំរចនាបថបែបអុីតាលី និងបំពាក់ទៅដោយគ្រឿងបរិក្ខារពិសេសៗ៕

តើវិស័យអ្វីមានសក្តានុពលក្នុងការវិនិយោគនៅប្រទេសជប៉ុន នាពេលនេះ?

0

ដោយៈ ម៉ាណា

    ជប៉ុនៈ ការវិនិយោគនៅក្នុងប្រទេសជប៉ុននាពេលនេះ ផ្តល់នូវឱកាសគួរឱ្យទាក់ទាញមួយចំនួន ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ការផ្លាស់ប្តូរគោលនយោបាយ និងការវិវត្តនៃនិន្នាការអ្នកប្រើប្រាស់ និងបច្ចេកវិទ្យា។

ទាំងអស់នេះ គឺជាវិស័យដែលមានសក្តានុពលបំផុត សម្រាប់ការវិនិយោគនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ 2025 ដោយផ្អែកលើសញ្ញាម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយរបស់រដ្ឋាភិបាល ការផ្លាស់ប្តូរប្រជាសាស្រ្ត និងតម្រូវការសកលលោក។
🇯🇵 1. Advanced Manufacturing & Robotics

  • ហេតុអ្វី

ប្រទេសជប៉ុននៅតែជាប្រទេសឈានមុខគេ លើពិភពលោកក្នុងការផលិតភាពជាក់លាក់ មនុស្សយន្ត និងស្វ័យប្រវត្តិកម្ម។ ជាមួយនឹងការកើនឡើងជាសកល និងតម្រូវការស្វ័យប្រវត្តិកម្មកើនឡើង ក្រុមហ៊ុនជប៉ុនដូចជា Fanuc, Yaskawa, Keyence និង SMC មានទីតាំងល្អណាស់។

  • និន្នាការសំខាន់ៗ

កម្លាំងពលកម្មដែលមានវ័យចំណាស់ៈ តម្រូវការស្វ័យប្រវត្តិកម្មតម្រូវការសកល សម្រាប់ការផលិតប្រកបដោយប្រសិទ្ធភាពខ្ពស់។

  1. Green Energy & Clean Tech
  • ហេតុអ្វី

ប្រទេសជប៉ុនកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័សពីនុយក្លេអ៊ែរ និងឥន្ធនៈហ្វូស៊ីលទៅជាថាមពលស្អាត។ គោលនយោបាយរបស់រដ្ឋាភិបាល (ដូចជា GX League និងគោលដៅអព្យាក្រឹតកាបូន 2050) គឺគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលព្រះអាទិត្យ ខ្យល់ អ៊ីដ្រូសែននិងEV។

  • ក្រុមហ៊ុនដែលត្រូវមើល

ENEOS ក្រុមហ៊ុន Mitsubishi Heavy Industries (អ៊ីដ្រូសែន) Panasonic Energy (អាគុយ EV) និងJERA (ខ្យល់នៅឆ្នេរសមុទ្រ)។

  • ប្រាក់រង្វាន់

សន្ទុះនៃការវិនិយោគ ESG គឺខ្លាំងនៅក្នុងប្រទេសជប៉ុន។

💊 3. Healthtech, Elder Care & Biopharma

  • ហេតុអ្វី

ប្រជាជនវ័យចំណាស់របស់ប្រទេសជប៉ុន (ជាង 29% គឺមានអាយុលើសពី៦៥ឆ្នាំ ដែលបង្កើតតម្រូវការរយៈពេលវែង ជាប់លាប់ក្នុងសេវាកម្មថែទាំសុខភាព មនុស្សយន្តវេជ្ជសាស្រ្ត ការធ្វើរោគវិនិច្ឆ័យ បច្ចេកវិទ្យាថែទាំមនុស្សចាស់ និងឱសថ។

  • តំបន់ដែលមានការលូតលាស់ខ្ពស់៖ ឱសថបង្កើតឡើងវិញ ការវិនិច្ឆ័យ AI ឧបករណ៍សុខភាពដែលអាចពាក់បាន។
  • ក្រុមហ៊ុនដែលត្រូវមើល៖ Astellas, Eisai, Sysmex, Nipro ។
  1. Semiconductor & Tech Supply Chain
  • ហេតុអ្វី

ប្រទេសជប៉ុនគឺជាអ្នកលេងដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកសកល (សម្ភារៈ ឧបករណ៍ ឧបករណ៍ភាពជាក់លាក់) ហើយកំពុងទទួលបានអត្ថប្រយោជន៍ ពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុនឡើងវិញ។

  • គួរឱ្យកត់សម្គាល់៖ Tokyo Electron, Screen Holdings, Shin-Etsu Chemical, Sumco។
  • Policy Tailwinds៖ ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលជប៉ុន + កិច្ចសហការច្បាប់US CHIPS ។
  1. ទេសចរណ៍ បដិសណ្ឋារកិច្ច និងសេវាកម្មអតិថិជន
  • ហេតុអ្វី?

ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានកើនឡើងខ្លាំង ក្រោយជំងឺកូវីដបានផ្ទុះឡើង។ ប្រាក់យ៉េនទន់ខ្សោយ ធ្វើឱ្យប្រទេសជប៉ុនមានភាពទាក់ទាញចំពោះភ្ញៀវទេសចរចូល (បំបែកកំណត់ត្រាក្នុងឆ្នាំ 2024)។ កំណើនទេសចរណ៍ថ្នាក់កណ្តាលមកពីអាស៊ីអាគ្នេយ៍។

  • ឱកាស៖ សណ្ឋាគារ REITs ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ ផ្លូវរថភ្លើងប្រណិត បទពិសោធន៍ភាសា/វប្បធម៌ អេហ្វ&ប៊ីកម្រិតខ្ពស់។
  • ETFs៖ ពិចារណាលើREITs ទេសចរណ៍ជប៉ុន ឬបដិសណ្ឋារកិច្ច។
  1. AI & Digital Transformation (DX)
  • ហេតុអ្វី?

សាជីវកម្មជប៉ុន ស្ថិតនៅក្រោមសម្ពាធក្នុងការធ្វើឌីជីថល។ ការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការទទួលយកការងារពីចម្ងាយកំពុងជំរុញការវិនិយោគលើពពកSaaS និងAI។

  • ក្រុមហ៊ុនដែលត្រូវមើល៖ Rakuten, NTT Data, SoftBank, Digital Garage និង B2B SaaS ចាប់ផ្តើមឡើង៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៥៣,១១ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥ភាគរយដល់ត្រឹម៣៣៦៩,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម៣៣៥០,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,៧៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៧៤ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីសក្តានុពលអចលនទ្រព្យនៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ បើទោះបីព្រលានយន្តហោះបើកដំណើរការក្តី ប៉ុន្តែតម្លៃដីធ្លីនៅជុំវិញតំបន់នេះ នឹងមិនឡើងថ្លៃទេ តែសកម្មភាពទិញលក់មានច្រើនជាងមុន។ នេះបើតា​មការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកជំនាញ និងជាស្ថាបនិកបុរីវិមានសំណាង។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី៥ មិថុនាថា សកម្មភាពទិញ លក់នឹងកើនឡើង ប៉ុន្តែដីធ្លីមិនទាន់ឡើងថ្លៃទេ តែតាមបទពិសោធន៍ តម្លៃដីធ្លីជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ និងគំរោងព្រែកជីកហ្វូណនតេជោ កំពុងសាងសង់ដីអាចនឹងឡើងថ្លៃ ប៉ុន្តែការពិត តម្លៃដីបានកើនឡើងកាលពីមួយឆ្នាំមុន។ ចំណែកព្រលានយន្តហោះថ្មី ពីមុនអាចលក់មិនបាន ប៉ុន្តែនៅពេលព្រលានបើកដំណើរ​ការ អាចលក់ចេញបាន នៅពេលមានតម្រូវការពិតប្រាកដ។

លោកឧកញ៉ាបណ្ឌិតបានបន្តថា តាមបទពិសោធន៍របស់លោក នៅពេលអ្នកវិនិយោគខ្មែរ និងបរទេស មុនសម្រេចចិត្តទិញដីចាប់ពី១លានដុល្លារឡើង ពួកគេបានជួលក្រុមហ៊ុនចុះវាយតម្លៃ ដែលមានទិន្នន័យច្បាស់លាស់ ពួកគេអាចសម្រេចចិត្តទិញ ដោយគ្រាន់តែចំណា​យលើថ្លៃសេវាកម្ម​ចន្លោះពី៥០០​ ទៅ១០០០ដុល្លារ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “អ្នកវិនិយោគ ពួកគេហ៊ានចំណាយតម្លៃខាងលើ ដើម្បីមានមូលដ្ឋានសម្រេចចិត្ត ច្បាស់លា​ស់ មុនសម្រេចចិត្តទិញ”។

លោកបន្តទៀតថា “អ្នកទិញដី ចំណេញលឿន លក់ចេញលឿន ប៉ុន្តែអ្នកទិញហើយលោភលន់ ពួកគេអាចជាប់គាំងក្នុងរឿងដីធ្លី”។ លោកបន្ថែមថា “ប៉ុន្តែបើអ្នកទិញយកចំណេញលឿន លក់ចេញលឿន ពួកគេនឹងមិនប្រឈមការជាប់គាំងនោះទេ”៕

តើការជួលការិយាល័យនៅទីក្រុងធំៗក្នុងតំបន់អាសុីមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ តម្លៃជួលការិយាល័យកម្រិត A នៅតាមបណ្តាទីក្រុងធំៗទូទាំងតំបន់អាសុីប៉ាសុីហ្វិកមានការប្រែប្រួលខុសៗគ្នា អាស្រ័យតាមបរិបទទីផ្សារ ការផ្គត់ផ្គត់ និងតម្រូវការនៅក្នុងទីក្រុងនីមួយៗ។

ទី១: ទីក្រុងសេអ៊ូល

ការជួលការិយាល័យកម្រិត A នៅរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងមានតម្លៃជាមធ្យមចំនួន៣៨.៧០៩វ៉ុន(ប្រមាណ២៨,៤៤ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ អត្រាការិយាល័យទំនេរកម្រិត A ស្ថិតក្នុងរង្វង់ត្រឹមតែ២,៦ភាគរយ។

ទី២: ទីក្រុងហុងកុង

ការជួលការិយាល័យកម្រិត A នៅទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិនមានតម្លៃជាមធ្យមចំនួន៤៣ដុល្លារហុងកុង(ប្រមាណ៥,៤៨ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ ឬប្រមាណ៥៩ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៣: ទីក្រុងតូក្យូ

ការជួលការិយាល័យកម្រិត A នៅទីក្រុងតូក្យូ ដែលជារាជធានីរបស់ប្រទេសជប៉ុនមានតម្លៃជាមធ្យមចំនួន៣៣.៩៤៧យ៉េន(ប្រមាណ២៣៧,៣៤ដុល្លារអាមេរិក)ក្នុងមួយ Tsubo ឬប្រមាណ៧១,៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៤: ទីក្រុងសុីដនី

ការជួលការិយាល័យកម្រិត A នៅទីក្រុងសុីដនី ដែលជាទីក្រុងដ៏ធំមួយរបស់ប្រទេសអូស្ត្រាលីមានតម្លៃជាមធ្យមចំនួន១២៥,០៨ដុល្លារអូស្ត្រាលី(ប្រមាណ៨១,១៧ដុល្លារអាមេរិ
ក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៥: ទីក្រុងប៉េកាំង

គិតត្រឹមខែឧសភា ឆ្នាំ២០២៥ ការជួលការិយាល័យកម្រិត A ក្នុងទីក្រុងប៉េកាំងមានតម្លៃជាមធ្យមប្រហែល២៤៧យ័ន(ប្រហែល៣៤,២៩ដុល្លារ) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំមុន។

ការធ្លាក់ចុះនេះត្រូវបានគេវាយតម្លៃថា បណ្តាលមកពីការកើនឡើងនៃអត្រាការិយាល័យទំនេរ និងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងចំណោមម្ចាស់អគារការិយាល័យដើម្បីទាក់ទាញអតិថិជន៕

តើអ្នកណាជាមហាសេដ្ឋីអចលនទ្រព្យជាប់លំដាប់ទី១នៅ អាមេរិកក្នុងឆ្នាំនេះ?

0

ដោយៈ សម័យ

    អាមេរិកៈ មានមហាសេដ្ឋីជាច្រើនក្នុងវិស័យនេះ ប៉ុន្តែលោក Donald Bren ជាមហាសេដ្ឋីអចលមានទ្រព្យ ជាប់លំដាប់លេខ១នៅអាមេរិក ដែលមានសម្បត្តិសរុបប្រមាណ៣០.៥ ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២៣។

ឈ្មោះពេញរបស់គាត់គឺ Donald Leroy Bren

កើត៖ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៣២ ទីក្រុង Los Angeles រដ្ឋ California លោកបានបញ្ចប់អប់រំ៖ បរិញ្ញាបត្រពីសាកលវិទ្យាល័យវ៉ាស៊ីនតោន។

លោកDonald Brenធមានតួនាទីជាប្រធាន និងជាម្ចាស់ក្រុមហ៊ុន អ៊ីវវីន។

លំនៅដ្ឋាន៖ Newport Beach, California ។

Donald Bren គឺជាប្រធាន និងជាម្ចាស់តែមួយគត់នៃក្រុមហ៊ុន Irvine ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យឯកជន ដ៏ល្បីល្បាញសម្រាប់ការកាន់កាប់យ៉ាងទូលំទូលាយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ផលប័ត្ររបស់ក្រុមហ៊ុន មានផ្ទៃដីប្រមាណ129 លានហ្វីតការ៉េ នៃអចលនទ្រព្យ រួមទាំងអគារការិយាល័យ អាផាតម៉ិន មជ្ឈមណ្ឌលផ្សារទំនើប និងរមណីយដ្ឋាន។

លោកDonald  Bren កាន់កាប់ភាគហ៊ុន 97.5% នៅក្នុងអគារ MetLife ដ៏ល្បីល្បាញនៅ Manhattan ដោយបញ្ជាក់ពីឥទ្ធិពលរបស់គាត់ហួសពីឆ្នេរខាងលិច។

មហាសេដ្ឋីរូបនព ក៏បានបម្រើការជាមន្ត្រី នៅកងម៉ារីនសហរដ្ឋអាមេរិកផងដែរ។

ចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ Donald Bren ក្នុងការអភិវឌ្ឍន៍រយៈពេលវែង បានពង្រឹងឋានៈរបស់គាត់ជាទីតាន នៅក្នុងឧស្សាហកម្មអចលនទ្រព្យ។ ឥទ្ធិពលរបស់គាត់ បានពង្រីកលើសពីការអភិវឌ្ឍន៍អចលនទ្រព្យ ប៉ះពាល់ដល់ការធ្វើផែនការទីក្រុង ការអភិរក្សបរិស្ថាន និងការអប់រំតាមរយៈកិច្ចខិតខំប្រឹងប្រែង សប្បុរសធម៌របស់គាត់៕

អភិបាលខេត្តព្រះសីហនុស្វាគមន៍និងធានាសុវត្ថិភាពអ្នកវិនិយោគ ដល់សមាជិកមកពីRECEP

0

ដោយៈ គង់ សូរិយា

ប្រទេសចិនៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានស្វាគមន៍ និងធានាសុវត្ថិភាពអ្នកវិនិយោគដល់អ្នកធុរកិច្ចមកពីបណ្តាប្រទេសជាសមាជិកRCEP។

លោកបានថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី៥ មិថុនា ក្នុងឱកាសលោកអភិបាល បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា រវាងអ្នកវិនិយោ​គចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

លោកអភិបាលខេត្ត បានធ្វើបទអន្តរាគមន៍ អំពីស្ថានភាពភូមិសា​ស្រ្ត ប្រជាសាស្ត្រ សក្តានុពល និងឱកាសវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ជូនទៅដល់អ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមា​ជិក RCEP ក្នុងវេទិកា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកម៉ាង ស៊ីណេតសូមស្វា​គមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសការវិនិយោគនៅខេត្តព្រះសីហនុ។

លោកក៏បានអញ្ជើញ ធុរជន និងវិនិយោគិន នៃប្រទេសជាសមាជិកRCEP និងបណ្តាប្រទេសផ្សេងៗទៀត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា “រដ្ឋបាលខេត្តធានាជូនអ្នកវិនិយោគនូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាមច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង”។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានលើកពីទស្សនៈ និងគោលដៅរបស់ខេត្តគឺ “ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ”។

លោកបានបង្ហាញសុទិដ្ឋិនិយមថា វេទិកានេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន និងប្រទេសជាសមាជិកRCEP ទាំងអស់ក្នុងការសម្រេចចិត្ត មកបណ្ដាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា៕

លំនៅដ្ឋានឯកជនជិត៨.០០០យូនីតនឹងចាក់បញ្ចូលទៅក្នុងទីផ្សារសិង្ហបុរីនៅឆមាសទី២ រួមជាមួយផែនការមេរបស់រដ្ឋាភិបាល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លំនៅដ្ឋានឯកជនថ្មីចំនួនជិត៨.០០០យូនីត គ្រោងនឹងចាក់បញ្ចូលទៅកាន់ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនៅឆមាសទី២ ឆ្នាំ២០២៥នេះ ដែលនឹងដើរទន្ទឹមគ្នាជាមួយការស្ទុះងើបឡើងវិញនៃទំនុកចិត្តរបស់អ្នកទិញនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។

យោងតាមទិន្នន័យបានបង្ហាញឱ្យដឹងថា ចំនួនលំនៅដ្ឋានឯកជន ដែលលក់មិនដាច់នៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះក្នុងអត្រា១១,៩ភាគរយពីចំនួន២០.៥៦៦យូនីតក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មកនៅត្រឹមចំនួន១៨.១២៥យូនីតក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

លោក Mohan Sandrasegeran ប្រធានផ្នែកស្រាវជ្រាវ និងវិភាគទិន្នន័យនៅក្រុមហ៊ុន Singapore Realtors Inc (SRI) អះអាងថា “ការធ្លាក់ចុះនៃចំនួនលំនៅដ្ឋានលក់មិនដាច់បានឆ្លុះបញ្ចាំងឱ្យឃើញថា តម្រូវការលំនៅដ្ឋានមានសុខភាពល្អ និងតុល្យភាពល្អប្រសើរជាងមុនរវាងការផ្គត់ផ្គង់ និងតម្រូវការ”។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីចំនួន៩ នៅតំបន់កណ្តាលក្រុងសិង្ហបុរី (CCR) ត្រូវបានគេរំពឹងថា នឹងបើកដាក់ឱ្យដំណើរការក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ដោយឡែក លោក Chee Hong Tat រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) គ្រោងនឹងបង្ហាញសេចក្តីព្រាងស្តីពីផែនការមេ សម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែមិថុនា។

ផែនការមេនឹងរៀបរាប់លម្អិតអំពីការប្រើប្រាស់ដីរបស់ប្រទេសសិង្ហបុរីក្នុងរយៈពេលពី១០ឆ្នាំទៅ១៥ឆ្នាំខាងមុខ។ លំនៅដ្ឋានថ្មីជាច្រើននឹងត្រូវបានសាងសង់នៅលើទីតាំងដីផ្សេងៗគ្នាក្នុងតំបន់កណ្តាលក្រុងដូចជា តំបន់ Bukit Timah Turf Cit តំបន់ Mount Pleasant អតីតទីលានវាយកូនហ្គោល Keppel និងតំបន់ Marina South ។

ផែនការមេនេះក៏នឹងផ្តោតលើការបង្កើនសួនឧទ្យាន ទីធ្លាសាធារណៈ ក៏ដូចជាគម្រោងសាងសង់កោះសិប្បនិម្មិត “Long Island” ដែលនឹងលាតសន្ធឹងលើផ្ទៃដីចាក់បំពេញទៅក្នុងសមុទ្រទំហំ៨០០ហិកតាស្ថិតនៅតាមឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសសិង្ហបុរី៕