តើសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកអាចជះផលប៉ះពាល់អ្វីខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សង្គ្រាម​ពាណិជ្ជកម្ម​រវាង​បណ្តាប្រទេស​មានសេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​របស់​ពិភពលោក​បាន​កើន​ឡើង​កំដៅ បន្ទាប់​ពី​ប្រទេស​ចិន​បាន​វាយ​បក​ប្រឆាំង​ទៅនឹង​ការ​ដំឡើងពន្ធ​ដោយ​សហរដ្ឋអាមេរិក​លើទំនិញចិន។

ដើម្បីជាការសងសឹក ទីក្រុងប៉េកាំងបានប្រកាសដាក់ពន្ធលើទំនិញមួយចំនួនរបស់អាមេរិក ដែលនាំចូលទៅកាន់ប្រទេសចិន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានដាក់ពន្ធថ្មីបន្ថែមចំនួន២០ភាគរយលើរាល់គ្រប់មុខទំនិញនាំចូលរបស់ចិនទៅកាន់សហរដ្ឋអាមេរិក។

លោក ត្រាំ បានអះអាងថា លោកគ្រោងនឹងពិភាក្សាជាមួយប្រធានាធិបតីចិនលោក សុី ជីនពីង ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមភាគីចិន។

ខាងក្រោមនេះជាវិធីសាស្ត្រចំនួន៥យ៉ាង ដែលប្រទេសចិនបានវាយបកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក៖

ទី១: ថាមពល

ចិនបានប្រកាសដាក់ពន្ធលើការនាំចូលធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) មកពីសហរដ្ឋអាមេរិកចំនួន១០ភាគរយ និងពន្ធចំនួន១៥ភាគរយលើប្រេងឆៅ។ដូច្នេះ បណ្តាក្រុមហ៊ុននានា ដែលគ្រោងនាំចូលឥន្ធនៈហ្វូស៊ីលពីសហរដ្ឋអាមេរិកនឹងត្រូវបង់ពន្ធក្នុងអត្រាដែលបានកំណត់។

ប្រទេសចិនជាប្រទេសនាំចូលធ្យូងថ្មធំជាងគេលើពិភពលោក។ ប៉ុន្តែ ប្រទេសចិនទិញធ្យូងថ្មភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី។ ប្រទេសចិនក៏បាននិងកំពុងបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG)ពីសហរដ្ឋអាមេរិកផងដែរ។

ដោយឡែក ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនមានចំណែកត្រឹមតែ១,៧ភាគរយប៉ុណ្ណោះនៃចំនួនប្រេងឆៅសរុប ដែលចិនបានបញ្ជាទិញពីបរទេសកាលពីឆ្នាំ២០២៣។

ការណ៍នេះបានបង្ហាញថា ប្រទេសចិនមិនពឹងផ្អែកខ្លាំងលើថាមពលរបស់សហរដ្ឋអាមេរិកនោះទេ។ ដូច្នេះ ការដាក់ពន្ធរបស់ចិនលើថាមពលអាមេរិក នឹងជះផលប៉ះពាល់តិចតួចបំផុតមកលើសេដ្ឋកិច្ចចិនខ្លួនឯង។

ផ្ទុយទៅវិញ សហរដ្ឋអាមេរិកជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG)ដ៏ធំបំផុតរបស់ពិភពលោក ហើយសហរដ្ឋអាមេរិកមានអតិថិជនជាច្រើនផ្សេងទៀតក្រៅពីចិន ជាពិសេសប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប។

ទី២: គ្រឿងចក្រកសិកម្ម

ប្រទេសចិនបានដំឡើងពន្ធ១០ភាគរយ លើការនាំចូលគ្រឿងចក្រកសិកម្ម រថយន្តប្រភេទ Pickup និងរថយន្តធុនធំមួយចំនួនរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែ ចិនមិនមែនជាប្រទេសនាំចូលដ៏ធំនូវរថយន្ត Pickup របស់សហរដ្ឋអាមេរិកនោះទេ ហើយចិនបានទិញរថយន្តប្រភេទនេះភាគច្រើនពីសហភាពអឺរ៉ុប និងប្រទេសជប៉ុន។ ដូច្នេះការយកពន្ធចំនួន១០ភាគរយលើការនាំចូលរថយន្ត Pickup មួយចំនួនតូចពីអាមេរិកនឹងមិនជះផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ក្នុងប្រទេសចិននោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនក៏បានបង្កើនការវិនិយោគលើការផលិតគ្រឿងចក្រកសិកម្ម ដើម្បីបង្កើនផលិតកម្ម និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន។

ដូច្នេះ​ ការ​ដាក់​ពន្ធ​លើ​ការនាំចូលគ្រឿងចក្រកសិកម្ម​ពីសហរដ្ឋអាមេរិកអាច​ជា​វិធានការ​មួយ​ទៀត​របស់ប្រទេសចិនដើម្បី​ព្យាយាម​ជំរុញ​ឧស្សាហកម្ម​ក្នុង​ស្រុក។

ទី៣: ការស៊ើបអង្កេត

អាជ្ញាធរចិនក៏បានប្រកាសអំពីវិធានការមិនមែនពន្ធមួយចំនួនផងដែរ ដែលវិធានការមួយក្នុងចំណោមវិធានការទាំងនោះ ជាការស៊ើបអង្កេតប្រឆាំងនឹងសិទ្ធិផ្តាច់មុខលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google របស់សហរដ្ឋអាមេរិក។

គេនៅមិនទាន់ដឹងច្បាស់ថាការស៊ើបអង្កេតនេះនឹងពាក់ព័ន្ធនឹងអ្វីខ្លះនោះទេ។ ប៉ុន្តែ សេវាកម្ម Search របស់បណ្តាញសង្គម Google ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ២០១០មក។

ក្រុមហ៊ុនយក្ស Google បានបន្តមានវត្តមាននៅក្នុងប្រទេសចិនតាមរយៈការផ្តល់កម្មវិធី និងហ្គេមទៅកាន់ទីផ្សាររបស់ប្រទេសចិន ដោយធ្វើការជាមួយក្រុមហ៊ុនចិនក្នុងស្រុក។

ប៉ុន្តែ អាជីវកម្មរបស់ក្រុមហ៊ុន Google នៅក្នុងប្រទេសចិនគ្របដណ្តប់ចំណែកប្រហែល១ភាគរយប៉ុណ្ណោះនៃការលក់ផលិតផលសេវាកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុន Google។ ដូច្នេះ ប្រសិនបើក្រុមហ៊ុន Google កាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយប្រទេសចិន នោះក្រុមហ៊ុនយក្សអាមេរិកមួយនេះក៏មិនខាតបង់អ្វីធំដុំនោះដែរ។

ទី៤: ការរឹតត្បិត

ប្រទេសចិនបានដាក់បញ្ចូលក្រុមហ៊ុនអាមេរិក PVH ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ម៉ាក Calvin Klein និងម៉ាក Tommy Hilfiger ទៅក្នុងបញ្ជីឈ្មោះ“អង្គភាពមិនគួរឱ្យទុកចិត្ត”របស់ខ្លួន និងចោទប្រកាន់ថា ក្រុមហ៊ុននេះបានដាក់ចេញវិធានការរើសអើងប្រឆាំងនឹងសហគ្រាសចិនក្នុងស្រុក។

ការជាប់ឈ្មោះក្នុងបញ្ជី“អង្គភាពមិនគួរឱ្យទុកចិត្ត”របស់ប្រទេសចិននឹងធ្វើឱ្យក្រុមហ៊ុនអាមេរិកជួបប្រទះផលពិបាកក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម រួមទាំងការផាកពិន័យ និងការដកហូតទិដ្ឋាការការងារពីបុគ្គលិកជាជនបរទេសនៅក្នុងក្រុមហ៊ុននេះ។

ក្រុមនិយតករចិនក៏នឹងចុះពិនិត្យរោងចក្ររបស់ក្រុមហ៊ុន PVH ដើម្បីស៊ើបអង្កេតប្រតិបត្តិការផលិតកម្ម។នេះបើយោងតាមលោក Andreas Schotter សាស្រ្តាចារ្យផ្នែកធុរកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ Western University នៅរដ្ឋ Ontario ក្នុងប្រទេសកាណាដា។

ទី៥: លោហៈធាតុកម្រ

ក្រៅពីប្រកាសដំឡើងពន្ធលើបណ្តាក្រុមហ៊ុននានា ដែលគ្រោងនាំចូលទំនិញពីសហរដ្ឋអាមេរិក ប្រទេសចិនក៏បានដាក់ការរឹតបន្តឹងលើការនាំចេញលោហៈធាតុកម្រចំនួន២៥ប្រភេទផងដែរ។

លោហៈធាតុមួយចំនួនជាសមាសធាតុសំខាន់សម្រាប់ការផលិតរថយន្តអគ្គិសនី និងឧបករណ៍សម្ភារៈយោធាជាច្រើន។

ប្រទេសចិនមានភាពស្ទាត់ជំនាញនៅក្នុងការចម្រាញ់លោហៈធាតុទាំងនោះ ហើយប្រទេសចិនផលិតបានចំនួនជិត៩០ភាគរយនៃទិន្នផលចម្រាញ់លោហៈធាតុកម្រសរុបនៅទូទាំងពិភពលោក៕ប្រភព: BBC៕

ក្រុមហ៊ុនប្រេងខ្នាតយក្សថៃ PTT Oil កំពុងបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅរាជធានីភ្នំពេញ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមកាសែត Bangkok Post បានចុះផ្សាយថា ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្ស PTT Oil និងក្រុមហ៊ុនលក់រាយ OR របស់ប្រទេសថៃ កំពុងបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុននេះបានបើកសាខាហាងកាហ្វេ អាម៉ាហ្សូន បន្ថែមទៀតនៅរាជធានីភ្នំពេញ។

ការសម្រេចចិត្តរបស់ក្រុមហ៊ុន PTT ក្នុងការបើកសាខាហាងកាហ្វេបន្ថែមទៀតមានគោលដៅធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានធុរកិច្ចសំខាន់បំផុតទី២ របស់ខ្លួន បន្ទាប់ពីប្រទេសថៃ។

ហាងកាហ្វេ ដែលទើបនឹងបើកដំណើរការថ្មីនេះជាសាខាទី២៥៤ របស់ហាង Cafe Amazon ដែលមានទីតាំងនៅស្ថានីយ៍ប្រេងឥន្ធនៈថ្មី PTT នៅស្តុបវត្តនាគវ័ន ស្ថិតនៅខណ្ឌទួលគោក ដែលជាតំបន់ធុរកិច្ចដ៏រស់រវើកនៃរាជធានីភ្នំពេញ។

លោក ML Peekthong Thongyai នាយកប្រតិបត្តិនៃក្រុមហ៊ុន OR បានអះអាងថា ការពង្រីកអាជីវកម្មនេះត្រូវបានគេរំពឹងថា នឹងពង្រឹងវត្តមាននៃអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជាស្ថិតក្រោមគោលគំនិត ពួកគេរីកចម្រើន យើងក៏រីកចម្រើន(They Grow-We Grow)។

ហាងកាហ្វេថ្មីនេះមានការរចនាប្លែក និងផ្តល់ជូនអ្នកទទួលទាននូវមុខម្ហូបពិសេសៗ និងភេសជ្ជៈចម្រុះ ដែលផលិតជាពិសេសសម្រាប់បម្រើដល់ទីផ្សារកម្ពុជា និងសម្របតាមវប្បធម៌ក្នុងស្រុក។

ហាងកាហ្វេអាម៉ាហ្សូនថ្មីនេះនឹងក្លាយទៅជា Landmark ថ្មីមួយក្នុងទីក្រុងភ្នំពេញ ដែលជាផ្នែកមួយនៃផលិតផល និងសេវាកម្មរបស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT ដែលរួមមានហាងទំនិញ សេវាបោកអ៊ុត និងភោជនីយដ្ឋានមួយចំនួនផងដែរ។បច្ចុប្បន្ន​ ស្ថានីយ​ប្រេង​ឥន្ធនៈ PTT នៅ​ក្នុង​ប្រទេស​កម្ពុជាមានចំនួន១៨៦ទីតាំង។

គម្រោងវិនិយោគផ្សេងទៀតរបស់ក្រុមហ៊ុន PTT Oil នៅក្នុងប្រទេសកម្ពុជា រួមមានការពង្រីកឃ្លាំងស្តុកប្រេងរបស់ខ្លួនក្នុងទំហំទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក ដើម្បីទាញយកសក្តានុពលពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន OR ក៏បានបង្កើតភាពជាដៃគូដើម្បីបោះទុនវិនិយោគលើសេវាកម្មចាក់ប្រេងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

លើសពីនេះ ក្រុមហ៊ុន OR គ្រោងនឹងចាប់ផ្តើមអាជីវកម្មឧស្ម័នរាវសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជានាពេលអនាគត៕ប្រភព: Bangkok Post៕

តើកម្ពុជាមានភាពលេចធ្លោលើចំណុចអ្វីខ្លះ ក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច?

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ កំណើនសេដ្ឋកិច្ចកម្ពុជាជាង២ទសវត្សរ៍ចុងក្រោយ បានទាញកម្ពុជាចាកផុតពីទាសភាព និងកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា​​ លោកស្រី ចម និម្មល បាន​លើក​ឡើងកាលពីសប្តាហ៍មុន​ថា ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម​(TPR) គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការបង្ហាញពីវឌ្ឍនភាពចុងក្រោយ លើគោលនយោបាយ ​ការអនុវត្ត និងការប្តេជ្ញាចិត្តផ្សេងទៀត ដែលកម្ពុជា​បានធ្វើ​ក្នុងនាមជាសមាជិក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក(WTO)។

​លោកស្រីបានបញ្ជាក់បែបនេះ ក្នុង​កិច្ច​ប្រជុំស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី៣” នៅទីស្នាក់ការអង្គការ​ពា​ណិជ្ជកម្ម​ពិភពលោក​ ក្នុង​ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាល​ពី​ថ្ងៃ​ទី​២៧ ខែមីនា។​

ក្នុង​វីដេអូដែលបានបង្ហោះលើបណ្តាញសង្គម​facebook របស់ WTO នៅថ្ងៃទី ២៨ ខែមីនា លោកស្រី​​រដ្ឋមន្ត្រី​អះអាង​​ថា គោលនយោបាយពាណិជ្ជកម្ម​(TPR)របស់​កម្ពុជា ​ទទួល​បាន​​ចាប់អារម្មណ៍យ៉ាងខ្លាំងពីសមាជិក ជាមួយនឹងសំណួរជាលាយលក្ខណ៍អក្សរជាច្រើន ក៏ដូចជា ​សេចក្តីថ្លែងការណ៍ដែលកម្ពុជា​បានទទួល​។

ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម គឺជាវិធីផ្ទាល់​របស់កម្ពុជា ​ដែល​​ឆ្លុះបញ្ចាំងលើគោលនយោបាយ និងការអនុវត្តដែលកម្ពុជា​បានធ្វើ ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំកន្លង​មកនេះ ហើយក៏ដូចជាអ្វីដែលនឹង​ត្រូវធ្វើសម្រាប់ឆ្ពោះទៅមុខ។

លោកស្រីចម និម្មលបាន​​ថ្លែង​ថា គោលនយោបាយពាណិជ្ជកម្ម​​កម្ពុជា នឹងដើរតួជាកម្លាំងរុញច្រានខាងក្រៅ សម្រាប់យើងក្នុងការបន្តសម្លឹងមើលកំណែទម្រង់ ដោយសម្លឹងមើលមធ្យោបាយ ដែលអាចមានវឌ្ឍនភាព នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ក្នុងនាមជាប្រទេស​មាន​សេដ្ឋកិច្ចតូច វាមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហខ្លាំង​ផ្អែកលើច្បាប់។

អគ្គនាយក WTO លោកស្រី Ngozi-Iweala បានសាទរចំពោះកិច្ច​ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម ប្រកបដោយជោគជ័​យ​របស់​រដ្ឋាភិបាល​កម្ពុជា។

​ ​លោកស្រី​បានបញ្ជាក់ថា “សេដ្ឋកិច្ចកម្ពុជា​កំពុងដំណើរការល្អ​ជា​មួយនឹង​​ល្បឿន​លឿនបំផុតមួយ​ ក្នុងតំបន់​អាស៊ាន ជាមួយ​នឹង​ការ​រំពឹង​ទុក ​ក្នុង​អត្រា​កំណើន​៦ភាគរយ​ទៅមុខ”។

លោកស្រី​បានលើក​ទឹកចិត្ត ​ដល់​ប្រទេស​កម្ពុជាឱ្យ​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​សម្រេច​បំណង​ក្លាយ ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​រយៈពេល៥ឆ្នាំ​ខាង​មុខ​​។

លោកស្រីបានបន្ថែមថា “យើងអាចនិយាយបាន គឺសូមបន្តនៅលើផ្លូវល្អ ដោយ​បន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងរក្សាក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចរបស់អ្នកឱ្យរឹងមាំ”។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ខាង​លើ​ ក៏​មាន​ប្រទេស​ជា​សមាជិក អង្គការពាណិជ្ជកម្មពិភពលោកជាច្រើន បាន​ផ្តល់សេចក្តីថ្លែងការណ៍គាំទ្រ និងកោតសរសើរដល់វឌ្ឍនភាព ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល២០ឆ្នាំកន្លងមក ក្រោយពីកម្ពុជាបានចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក កាល​ពី​ឆ្នាំ២០០៤ ជាពិសេសអំពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេលនៃវិបត្តិកូវីដ​១៩ កន្លងទៅ។

បន្ថែម​លើ​នេះ សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តនូវកាតព្វកិច្ចរបស់កម្ពុជា ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏បានផ្តល់អនុសាសន៍ចូលរួមដល់ការបន្តធ្វើកំណែទម្រង់ច្បាប់ និងស្ថាប័ន និងការអភិវឌ្ឍន៍វិស័យសំខាន់ៗ​ តាមរយៈការបន្តធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសធុរកិច្ច វិនិយោគ ការធ្វើពិពិធកម្មពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិនានា ដែលបានដាក់ចេញ។

កម្ពុជាធ្លាប់បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ គោលនយោបាយកម្ពុជាចំនួន ២ លើករួចមកហើយ ចាប់តាំងពីក្លាយជាសមាជិកពេញសិទិ្ធនៃអង្គការ ពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០០៤មក គឺ លើកទី១ ក្នុងឆ្នាំ២០១១ និងលើកទី២ ក្នុងឆ្នាំ ២០១៧។

ឯកសារ​សង្ខេប​អំពី​ការត្រួតពិនិត្យ គោលនយោបាយពាណិជ្ជកម្ម (TPR) នៅអង្គការពាណិជ្ជកម្មពិភពលោក​(WTO) បានបង្ហាញថា កម្ពុជា គឺជាប្រទេស LDC ដែលបានលេចចេញនូវ​ជោគជ័យគួរឱ្យកត់សម្គាល់ អំពីរបៀបនៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និងជាសមាជិក​ភាព WTO ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងកាត់បន្ថយភាពក្រីក្រ។

ចាប់តាំងពីការពិនិត្យឡើងវិញ​ក្នុងឆ្នាំ ២០១៧ មក​កម្ពុជា គឺជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត នៅក្នុងតំបន់ ដោយពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់។

ឯកសារដដែលបាន​ឱ្យ​ដឹង​ទៀត​ថា ក្នុងអំឡុងពេលនេះ កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការធ្វើបច្ចុប្បន្នភាព និងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិរបស់ខ្លួន តាមរយៈកំណែទម្រង់ជាបន្តបន្ទា​ប់ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ​។

កិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងបន្ត ហើយបានផ្តោតទៅលើការទាក់ទាញវិនិយោគិនបរទេស ឱ្យ​ចូល​មក​បណ្តាក់​ទុន​ដោយផ្ទាល់(FDI) ការ​លើកកម្ពស់​បរិយាកាសធុរកិច្ច ការធ្វើពិពិធកម្មការនាំចេញ និងការអភិវឌ្ឍ​វិស័យឧស្សាហកម្ម ​ក្នុងចំណោមវិស័យផ្សេងៗទៀត​។

ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកការបញ្ចប់ការសិក្សាពីស្ថានភាពLDC ដោយមានផែនការបញ្ចប់ដំណើរការ នៅឆ្នាំ ២០២៩ ហើយថែមទាំងបានកំណត់គោលដៅ ក្នុងការសម្រេចបាននូវឋានៈប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

តើប្រទេសកម្ពុជា អាចគេចផុតពីគ្រោះរញ្ជួយដីដូចការផ្សព្វផ្សាយ ចន្លោះថ្ងៃទី28មីនា ដល់ថ្ងៃទី12មេសាដែរ រឺ ទេ?

0

ប្រទេសកម្ពុជាខ្ញុំហ៊ានធានាថា សុខសប្បាយ រួចចាកផុតពីហានិភ័យជារៀងរហូត កុំបារម្មហ៏ រំញ័របន្តិចបន្តួចគ្រាន់តែជារលកនៃរំញ័រសម្ពាធខាងក្រៅទេមិនអាចបង្កជាវិនាសកម្មអ្វីធំដុំបានឡើយ ព្រោះដែនដីខ្មែរមានស្រទាប់ការពារដ៏រឹងម៉ាំកើតចេញពីបន្ទុះភ្នំភ្លើងនៅខាងក្រោមដី។ អ្នកជំនាញខាងភូគ្គសាស្រ្ត ប្រទេសជប៉ុនធ្លាប់បានធ្វើបទបង្ហាញនៅក្រសួងរៀបចំដែនដី ដោយបញ្ជាក់ច្បាស់ៗថា គ្រោះរញ្ជួយដីនៅលើពិភពលោកកើតឡើងតាមរយះគន្លងខ្សែរបស់វា ដែលបានកើតមានរាប់ពាន់ឆ្នាំកន្លងមកហើយ បើធ្លាប់រញ្ជួយនៅកន្លែងណា វានិងកើតម្តងទៀតតាមជួរគន្លងខ្សែនោះឡើងវិញដដែល (មើលរូបភាពទី1) ។ ក្នុងចំណុចដែលគូសរង្វង់ មានផ្ទៃពណ៌សគឺជាប្រទេសកម្ពុជារួចចាកផុតពីគ្រោះរញ្ជួយដី ចំណែកឯរង្វង់ពណ៌ក្រហមពាសពេញ គឺជាប្រទេសជប៉ុនពោពេញទៅដោយគ្រោះរញ្ជួយដីរាប់មិនអស់ (មើលរូបភាពទី2)។ សូមមើលគ្រោះរញ្ជួយដីកើតឡើងម្សិលមិញថ្ងៃទី28 មិនា ឆ្នាំ2025 វាកើតក្នុង គន្លងចាស់ទេ (មើលរូបភាពទី3) មានគន្លងដូចរូបទី2។

 

ដូចម្តេចហៅថារញ្ជួយដី ?
សំបកផែនដីកើតឡើងពីសីលា នៅពេលសីលាខាងក្រោមរលាយ វានិងធ្វើអោយផ្ទៃដីខាងលើមានចលនា អាចអង្រួន រឺ រំញ័រផ្ទៃដីលើ នេះហើយហៅថា《 រញ្ជួយដី 》។ រញ្ជួយដី គឺជារំញ័រកើតឡើងពីចលនាក្នុងទិសដៅ និងល្បឿនផ្សេងគ្នា ចលនានេះហើយដែលធ្វើអោយផ្លាក (Flate) ពីរ រុញផ្ទប់គ្នា ទាញចេញពីគ្នា រឺអាចរអិលប៉ះគ្នា ក្នុងទិសដៅផ្ទុយគ្នា ធ្វើអោយបាក់ស្រុត រឺ ពុំនើងផ្នត់ជាច្រើននៅលើសំបកផែនដី ។

ហេតុអ្វីធ្វើអោយកើតមានគ្រោះរញ្ជួយដី?
មូលហេតុដែលនាំឲ្យកើតមានរញ្ជួយដីគឺ ដោយសារកម្លាំងធ្វើឲ្យផ្លាកតិចតូនិច (Tectonic Flates) មានចលនាដូចជា រុញ ទាញ និងកកិតគ្នា បណ្តាលឲ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង ។

មាត្រដ្ឋាននៃរលករញ្ជួយដី ៖
គិតជារិចឆ្ទ័រ (Richtre) សម្រាប់ទំហំថាមពល ឬកម្លាំងនៃការរញ្ជួយដី ដោយបានកំណត់ពី លេខ១ រហូតដល់លេខ១០ ។ បើគ្រោះមហន្តរាយនៃការរញ្ជួយដីមានកំលាំងចាប់ពី៦ដល់៨ រិចឆ្ទ័រឡើងទៅ និងបណ្តោយឲ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរហើយ ។

តែទោះយ៉ាងណា ម្ចាស់គម្រោងក៏ដូចជាអ្នកគណនាគ្រឿងបង្គុំត្រូវយកចិត្តទុកគោរពតាមបទដ្ឋានបច្ចេកទេសអោយបានល្អ ដោយរក្សាបន្ទុកអោយសល់យ៉ាងតិចលើស30%ឡើងទៅ។ ជាពិសេសត្រូវស្វែងយល់រៀនសូត្រពីបច្ចេកវិទ្យាការពារថ្មីៗបន្ថែមដើម្បីទប់ទល់និងគ្រោះមហន្តរាយក្នុងពេលអនាគត់នេះទៀត។

បណ្ឌិត សាស្រ្តាចារ្យ ទូស សាភឿន

លោកមហាសេដ្ឋី Elon Musk ប្រកាសមហិច្ឆិតាកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិកចំនួន១ទ្រីលានដុល្លារនៅត្រឹមចុងខែឧសភា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកកំពូលមហាសេដ្ឋី Elon Musk ដែលកំពុងដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហើបថា លោកគ្រោងនឹងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលឱ្យបានចំនួន១ទ្រីលានដុល្លារ នៅត្រឹមចុងខែឧសភា ឆ្នាំ២០២៥នេះ។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla រូបនេះ បានគូសបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News ថា “ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) អាចនឹងសន្សំថវិកាជាតិបានយ៉ាងច្រើនក្នុងរយៈពេល១៣០ថ្ងៃ រាប់ចាប់ពីពេលដែលលោក ត្រាំ ត្រឡប់ចូលសេតវិមានកាលពីថ្ងៃទី២០ ខែមករា។

នេះជាគោលដៅប្រកបដោយមហិច្ឆិតា ដែលនឹងតម្រូវឱ្យលោក Elon Musk កាត់បន្ថយការចំណាយជាងពាក់កណ្តាលនៃទំហំទឹកប្រាក់ចំនួន១,៨ទ្រីលានដុល្លារអាមេរិក ដែលរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ចូ បៃដិន បានវិនិយោគលើកម្មវិធីមិនមែនការពារជាតិនៅក្នុងឆ្នាំ២០២៤។

លោក Musk បានថ្លែងប្រាប់សារព័ត៌មាន Fox News ដែលមានភាពជិតស្និទ្ធជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ថា “ខ្ញុំគិតថា យើងនឹងសម្រេចបាននូវការងារជាច្រើន ដែលតម្រូវឱ្យកាត់បន្ថយឱនភាពថវិកាចំនួន១ទ្រីលានដុល្លារក្នុងអំឡុងរយៈពេលនោះ”។

លើសពីនេះ លោក Musk គ្រោងកាត់បន្ថយការចំណាយចំនួន១៥ភាគរយនៃការចំណាយសរុបប្រចាំឆ្នាំរបស់រដ្ឋាភិបាលអាមេរិក ដែលស្មើនឹងទំហំទឹកប្រាក់ចំនួន៦,៧៥ទ្រីលានដុល្លារអាមេរិក។

លោកកំពូលមហាសេដ្ឋី Elon Musk បានបង្ហាញទំនុកចិត្តថា លោកអាចធ្វើការងារនេះបាន ដោយមិនជះផលប៉ះពាល់ដល់ការផ្តល់សេវាកម្មសំខាន់ៗណាមួយរបស់រដ្ឋាភិបាលសហព័ន្ធឡើយ៕ប្រភព:Bloomberg៕

ទីក្រុងហ្សាការតាដាក់ចេញវិធានការលើកទឹកចិត្តអ្នកទិញផ្ទះលើកដំបូងដើម្បីជំរុញសន្ទុះទីផ្សារលំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីបានដាក់ចេញវិធានការលើកទឹកចិត្តក្នុងគោលបំណងដើម្បីជំរុញទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយនេះ ស្របពេលមានភាពមិនប្រាកដប្រជាជាសកល។

អភិបាលទីក្រុងហ្សាការតាលោក Pramono Anung បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយ ដែលលើកលែងពន្ធលើការទិញផ្ទះមានតម្លៃក្រោម២ពាន់លានរូពៀ (ប្រមាណ១២០.៣៧៥ដុល្លារ)។

គោលការណ៍នេះក៏អនុវត្តន៍ផងដែរចំពោះអាផាតមុិនដែលមានតម្លៃក្រោម៦៥០លានរូពៀ (ប្រមាណ៣៩.១២២ដុល្លារ)។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Jakarta Globe។

ទោះបីជាយ៉ាងណាក្តី ការលើកលែងពន្ធនេះអនុវត្តន៍ចំពោះតែអ្នកទិញផ្ទះលើកដំបូងប៉ុណ្ណោះ។

លោក Pramono បានលើកឡើងថា “អ្នកទិញផ្ទះលើកដំបូងនឹងទទួលបានការលើកលែងពន្ធទាំងស្រុង។ ចំណែក អ្នកទិញផ្ទះទីពីរនឹងទទួលបានការលើកលែងពន្ធ៥០ភាគរយ។ប៉ុន្តែ យើងមិនមានការលើកទឹកចិត្តសម្រាប់អ្នកទិញផ្ទះទី៣ ឬលើសពីនេះទេ”។

លោកជឿជាក់ថា “អាផាតមុិនភាគច្រើននៅក្នុងទីក្រុងហ្សាការតាមានតម្លៃក្រោម៦៥០លានរូពៀក្នុងមួយយូនីត។ ដូច្នេះ ការលើកទឹកចិត្តផ្នែកពន្ធនឹងជះផលវិជ្ជមានយ៉ាងខ្លាំងដល់ការលក់អាផាតមុិន”។

ការលើកលែងពន្ធសម្រាប់អ្នកទិញផ្ទះលើកដំបូងត្រូវបានផ្តួចផ្តើមឡើងដំបូងដោយអតីតអភិបាលក្រុងហ្សាកាតា លោក Anies Baswedan នៅក្នុងឆ្នាំ២០២២។

លោក Pramono ក៏​បាន​គូសបញ្ជាក់​ផងដែរថា​ រដ្ឋបាលទីក្រុងហ្សាការតានឹង​មិន​មាន​ការ​បន្ធូរបន្ថយ​ពន្ធ​ស្រដៀង​គ្នា​នេះចំពោះ​ការ​ទិញ​រថយន្ត​នោះ​ទេ។

លោក​បាន​បន្ថែមថា​ “បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ យើង​បាន​រក​ឃើញ​ថា​ ប្រជាជន​ក្នុងទីក្រុងមាន​យានជំនិះ​ជាច្រើន​គ្រឿង។ប៉ុន្តែ​ ពួកគេមិន​បាន​បង់​ពន្ធ​ទេ​។ ដូច្នេះ​ ម្ចាស់​យានយន្ត​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​មិន​ថា​ រថយន្ត​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ”៕ប្រភព: Jakarta Globe៕

ធនាគារ ហត្ថា ធ្វើបច្ចុប្បន្នភាពលើការរចនាអគារ សាខាចោមចៅថ្មីបែបទំនើប ជាបន្តបន្តាប់ និងកំពុងស្វែងរកទីតាំងថ្មី ដែលមានសក្តានុសម្រាប់ការបើកសាខាបម្រើសេវាជូនអតិថិជននៅចំកណ្តាលនៃរាជធានីភ្នំពេញ

0

ធនាគារ ហត្ថា បានបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ!

ក្នុងរយៈពេលជាង 30 ឆ្នាំមកនេះ ធនាគារ ហត្ថា បានប្តេជ្ញាចិត្តផ្តល់សេវាកម្មហិរញ្ញវត្ថុដែលអាចទុកចិត្តបានដល់អតិថិជន និងនៅតែបន្តឈានមុខក្នុងការអភិវឌ្ឍន៍ដើម្បីធានាថាសេវាកម្មមានគុណភាពកាន់តែប្រសើរឡើង។ ជាពិសេសថ្មីៗនេះ ធនាគារ ហត្ថា បានបញ្ចប់ការសាងសង់ការិយាល័យកណ្តាលថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់បទពិសោធន៍ល្អបំផុតដល់អតិថិជន។

ធនាគារ ហត្ថា បានបើកដំណើរការិយាល័យ ហត្ថា ថៅវើ ដ៏ស្គឹមស្កៃនៅលើផ្លូវ  ៦០ម៉ែត្រ ដែលមានកម្ពស់ ២២ជាន់បំពាក់ដោយបរិក្ខារទំនើបៗ និងមានសេវាហិរញ្ញវត្ថុដ៏សម្បូរសម្បូរបែបព្រមទាំងសេវាកម្មធនាគារពិសេស(Exclusive Banking) និងសេវាកម្មផ្សេងៗទៀតដែលអាច​បម្រើ​អតិថិជន​បាន​កាន់តែ​ប្រើសើរបានគ្រប់ពេលវេលា​ ​និងគ្រប់​ទីកន្លែង ។

ធនាគារ ហត្ថា មិនត្រឹមតែបើកដំណើរការិយាល័យថ្មីតែប៉ុណ្ណោះទេ ថែមទាំងបានធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាចោមចៅថ្មីបែបទំនើប នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើនរបស់អាជីវកម្ម និងប្រជាពលរដ្ឋនៅខាង សាខាចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង​សាខាផ្សេងៗទៀតជាបន្តបន្តាប់ដើម្បីលើកកម្ពស់សេវាកម្មអោយកាន់តែប្រសើរ និងមានភាពងាយស្រួល ដើម្បីស្របទៅតាមទន្សនវិស័យរបស់យើងផងដែរ។

គូរំលឹកផងដែរថា  ធនាគារ ហត្ថា គឺជាបុត្រសម្ព័នរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃឡង់ន៍និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសជប៉ុន និងក្នុងពិភពលោក។

លើលពីនេះ​ ធនាគារ ហត្ថា មានបណ្ដាញ​សាខាទូទាំងប្រទេសកម្ពុជាបាននឹងកំពុងបម្រើសេវាកម្មជូនអតិថិជនជាងកន្លះលាននាក់ចំនួនជាង​ ១៦០ ការិយាល័យ ហើយ​មានម៉ាស៊ីនអេធីអឹមជាង ១១០ ទីទាំង និងសេវា​ធនាគារ​ចល័តតាម​ទូរស័ព្ទ​ដ៏​ទំនើបសម្រាប់បម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលានិងទីកន្លែងជាមួយនឹងសុវត្ថិភាពខ្ពស់។

ក្នុងដើមឆ្នាំ២០២៥ នេះ​!​ ធនាគារ ហត្ថា នៅតែបន្តការរីកចម្រើនដើម្បីបំពេញតម្រូវការអតិថិជន ឱ្យកាន់តែប្រសើរ ជាពិសេសក្នុងចំណោមការបំពេញតម្រូវការទាំងនោះ ធនាគារ ហត្ថា កំពុងស្វែងរកទីតាំងថ្មីដើម្បីពង្រីកសេវាកម្មរួមមាន ច្បារអំពៅ ផ្សារធំថ្មី ផ្លូវម៉ៅសេងទុង ឬផ្លូវព្រះនរោតម្ភ និងទីតាំងសក្តានុពលផ្សេងៗទៀត ​​​ ដើម្បីចូលឱ្យជិតអតិថិជន និងផ្ដល់ជូនឱ្យកាន់តែទូលំទូលាយ ព្រមទាំងមានប្រសិទ្ធភាព។ សម្រាប់ព័ត៌មានបន្ថែម និងការផ្តល់ព័ត៌មានពីទីតាំងជូលអគារ សូមទាក់ទងលេខ ០៦៩ ៥៥៥ ៥៣៨ ឬ ១៨០០ ២១២ ២២២

បណ្តាអ្នកវិនិយោគបរទេសធំៗមួយចំនួនសម្រេចដើរចេញពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មខ្នាតយក្សរបស់ពិភពលោក BlackRock គ្រោងដាក់លក់ទ្រព្យសកម្មដែលនៅសេសសល់ចុងក្រោយរបស់ខ្លួននៅទីក្រុងសៀងហៃរបស់ប្រទេសចិនក្នុងអត្រាបញ្ចុះតម្លៃចំនួន៣៤ភាគរយ។

ក្រុមហ៊ុនយក្សអាមេរិកមួយនេះគ្រោងដាក់លក់អគារការិយាល័យ Trinity Place កម្ពស់២៧ជាន់ស្ថិតនៅលើផ្លូវ Changshou ក្នុងសង្កាត់ Putuo នៃទីក្រុងសៀងហៃក្នុងតម្លៃ៩០០លានយ័ន(ប្រហែល១២៤លានដុល្លារអាមេរិក)។

តម្លៃដាក់លក់ខាងលើនេះដាំក្បាលចុះ៣៤ភាគរយ បើប្រៀបធៀបនឹងតម្លៃអគារ Trinity Place ដែលក្រុមហ៊ុន BlackRock បានទិញយកពីក្រុមហ៊ុន Hong Kong Shanghai Alliance Holdings ក្នុងឆ្នាំ២០១៧។នេះបើយោងតាមការគណនារបស់កាសែត South China Morning Post។

កាលពីមុននេះ ក្រុមហ៊ុន BlackRock បានដាក់លក់អគារការិយាល័យចំនួន២ នៅក្នុងតំបន់ Waterfront Place របស់ទីក្រុងសៀងហៃ បន្ទាប់ពីបានខកខានទូទាត់សងប្រាក់កម្ចីចំនួន៧៨០លានយ័ន។

បច្ចុប្បន្ន អគារការិយាល័យទាំង២នោះត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន DCL Investments ក្នុងតម្លៃ៧០០លានយ័ន។តួលេខនេះតំណាងឱ្យការបញ្ចុះតម្លៃជាង៤០ភាគរយបើធៀបនឹងតម្លៃ ដែលក្រុមហ៊ុន BlackRock បានទិញយកនៅឆ្នាំ២០១៨។នេះបើយោងតាមរបាយការណ៍ពីកាសែត Bloomberg។

ស្របពេលដែលវិបត្តិអចលនទ្រព្យទូទាំងប្រទេសចិននៅតែបន្តជះផលប៉ះពាល់លើផលចំណេញត្រឡប់មកវិញពីការវិនិយោគ ក្រុមហ៊ុន BlackRock និងបណ្តាអ្នកវិនិយោគបរទេសផ្សេងទៀតកំពុងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន។

ជាក់ស្តែង ការទិញយកអគារការិយាល័យ សណ្ឋាគារ អចលនទ្រព្យឧស្សាហកម្ម និងអចលនទ្រព្យលក់រាយនៅប្រទេសចិនដោយជនបរទេស មានទំហំទឹកប្រាក់សរុបបញ្ចូលគ្នាត្រឹមតែ៥,៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះកាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤។

ក្រុមហ៊ុន BlackRock មិនបានទិញអចលនទ្រព្យនៅក្នុងប្រទេសចិនក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ផ្ទុយទៅវិញ នាពេលថ្មីៗនេះ ក្រុមហ៊ុន BlackRock បានចុះកិច្ចព្រមព្រៀង ដើម្បីទិញកំពង់ផែចំនួន២ របស់ក្រុមហ៊ុនហុងកុង CK Hutchison Holdings ក្នុងតម្លៃ២៣ពាន់លានដុល្លារអាមេរិក៕ប្រភព: SCMP៕

ឆ្នេរកោះរ៉ុងរបស់កម្ពុជាជាប់ឈ្មោះក្នុងបញ្ជីឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង៧របស់តំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មានដ៏ល្បីល្បាញរបស់ឥណ្ឌា NDTV បានវាយតម្លៃខ្ពស់ចំពោះឆ្នេរ​សមុទ្រចំនួន៧ ក្នុងតំបន់អាស៊ាន ​ដែល​ភ្ញៀវទេសចរណ៍អន្តរជាតិគួរទៅ​ទស្សនា​ និងសក្ដិសម​ក្នុងការដាក់បញ្ចូលទៅក្នុងបញ្ជីឬផែនការដំណើរកំសាន្ត។

ក្នុងចំណោមឆ្នេរសមុទ្រទាំង៧នោះ សារព័ត៌មានឥណ្ឌា NDTV ក៏បានដាក់បញ្ចូលឆ្នេរកោះរ៉ុង របស់ប្រទេសកម្ពុជាផងដែរ។

សារព័ត៌មាន NDTV បានសរសេរថា ឆ្នេរកោះរ៉ុងជាឆ្នេរសមុទ្រដ៏ស្អាតបំផុតមួយនៅតំបន់អាស៊ាន។ ឆ្នេរខ្សាច់កោះរ៉ុងមានពណ៌សក្បុស ទឹកថ្លាឆ្វង់ ហើយនៅពេលយប់ បាតុភូតរស្មីសុខុមប្រាណបានធ្វើឱ្យឆ្នេរសមុទ្រមានសភាពភ្លឺស្រស់ស្អាតដូចឈុតឆាកក្នុងភាពយន្តបែបវិទ្យាសាស្ត្រ។

សារព័ត៌មាន NDTV បានបន្ថែមថា “មិន​ថា​ លោកអ្នក​មានបំណងមកកំសាន្ត​លើឆ្នេរ​ខ្សាច់​ក្នុងបរិយាកាសស្ងប់ស្ងាត់ ឬ​រៀបចំពិធីជប់លៀង​ក្រោម​ពន្លឺផ្កាយ​នោះទេ កោះរ៉ុង​មាន​អ្វី​ៗពិសេសជាច្រើនសម្រាប់​អ្នក​រាល់​គ្នា ដូចជា ឆ្នេរខ្សាច់ ព្រមទាំងតុល្យភាពរវាងភាពស្ងប់ស្ងាត់ និងទិដ្ឋភាពពេលរាត្រី។

ចំណែក ឆ្នេរ Railay នៅកោះKrabi របស់ប្រទេសថៃ ត្រូវបានសារព័ត៌មានខាងលើចាត់ទុកថា ជាគោលដៅសម្រាប់ដំណើរកំសាន្តបែបផ្សងព្រេង ព្រោះភ្ញៀវទេសចរណ៍មិនអាចធ្វើដំណើរតាមមធ្យោបាយផ្សេងបាន ក្រៅពីទូកនោះទេ។

ជាមួយគ្នានេះ ឆ្នេរ Long Beach នៅកោះ Phu Quoc ក្នុងប្រទសវៀតណាម
លាតសន្ធឹងជាង២០គីឡូម៉ែត្រ ដែលគ្របដណ្តប់ដោយខ្សាច់ពណ៌មាស បរិយាកាសស្ងប់ស្ងាត់ និងមានទឹកថ្លាឆ្វង់។ ឆ្នេរមួយនេះមានដើមដូងដុះតម្រង់ជួរនៅតាមមាត់ច្រាំង និងមានកន្លែងសម្រាប់សម្រាកលំហែកាយ។

ឆ្នេរសមុទ្រចំនួន៤ ផ្សេងទៀតដែលជាប់ឈ្មោះក្នុងបញ្ជីរបស់សារព័ត៌មាន NDTV រួមមាន ឆ្នេរ White Beach និងឆ្នេរ Nacpan Beach ក្នុងប្រទេសហ្វីលីពីន ឆ្នេរ Pink Beach ក្នុងប្រទេសឥណ្ឌូនេសុី និងឆ្នេរ Ngapali Beach ក្នុងប្រទេសមីយ៉ាន់ម៉ា៕ប្រភព: NDTV៕

ដំណឹងល្អៈ អគ្គកុងស៊ុលកិត្តិយសប្រទេសចំនួន៨ ចូលរួមសហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអនុញ្ញាតជូនអគ្គកុងស៊ុលកិត្តិយសចំនួន៨រូប ចូលជួបពិភាក្សាការងារដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

អគ្គកុងស៊ុលទាំងនោះរួមមាន៖លោក Salah ESSA។ កុងស៊ុលកិត្តិយសប្រទេសស៊ីប លោកMarkus GRINDLING កុងស៊ុលកិត្តិ​យសប្រទេសអូទ្រីស លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី លោក Torsten MUNTHER កុងស៊ុលកិត្តិយសប្រទេសអាល្លឺម៉ង់ លោកស្រី SENG Takakneary កុងស៊ុលប្រទេសមិចស៊ិចកូ លោក Gerhard Jan Lennips កុងស៊ុលកិត្តិយសប្រទេសហូឡង់ លោកស្រី KIM Tol Tan កុងស៊ុលកិត្តិយសប្រទេសស៊ុយអែត និងលោកAndrew J. Booth Obe កុងស៊ុលកិត្តិយសប្រទេសអង់គ្លេស។

កិច្ចពិភាក្សានេះ មានការផ្លាស់ប្តូរទស្សនៈគ្នា លើការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសទាំង៨ រួមទាំងបញ្ហាប្រឈម ផលិតផលទេសចរណ៍ថ្មីៗ និងការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រលើវិស័យទេសចរណ៍។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ កុងស៊ុលកិត្តិយស បានកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីកត្តាសុខសន្តិភាពនៅកម្ពុជា និងសុវត្ថិភាពល្អប្រសើរ ដែលបានផ្តល់ជូនអ្នកទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដោយបានចាត់ទុកថាកម្ពុជា ជាប្រទេសមានសុវត្ថិភាពដ៏ល្អសម្រាប់ទស្សនា៕