ដោយ គង់ សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកំពុងរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពលើតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលការរៀបចំនេះនឹងត្រូវបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុលបានថ្លែងឲ្យដឹង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ដែលប្រារព្វធ្វើនៅសាលាពន្ធដារជាតិ ថ្ងៃទី១៨ ខែតុលាកន្លងមកថា អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហេតុនេះទើបអគ្គនាយកដ្ឋានពន្ធដារ បានកំពុងរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដោយមានការចូលរួមផ្តល់មតិពីអាជ្ញាធរមូលដ្ឋាន មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងវិស័យឯកជន ដោយការរៀបចំនោះ នឹងត្រូវបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ។
លោកបន្តថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកែសម្រួលយន្តការបង្វិលសងអាករ លើតម្លៃបន្ថែមឱ្យប្រសើរជាងនេះថែមទៀត សម្រាប់ស្ថានទូត ក៏ដូចជាសហគ្រាសអាជីវកម្ម ព្រមទាំងគិតគូរដល់ការស្នើសុំបង្វិលសងរបស់ភ្ញៀវទេសចរ ការសហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារ ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចការកៀរគរចំណូល និងការលើកទឹកចិត្តពន្ធចំពោះវិស័យធុរកិច្ចមួយចំនួន ការបន្តជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ នៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណាឱ្យរដ្ឋបាលពន្ធដារ ក្លាយជាស្ថាប័នរដ្ឋដែលទទួលបាននូវ ជំនឿទុកចិត្តខ្ពស់ពីសាធារណជនគ្រប់មជ្ឈដ្ឋាន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ការបន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន និងការបន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
លោក គង់ វិបុល បានបន្តថា អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងគោលដៅជម្រុញប្រកប ដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា ការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ ២០១៤-២០១៨ ការគ្រប់អង្គភាពទាំងអស់ក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ និងការត្រៀមរៀបចំនូវផែនការសកម្មភាពឆ្នាំ២០១៩ ការជម្រុញការអនុវត្តប្រមូលចំណូលពន្ធនៅតាមបណ្តាខេត្តនានា ដែលមានសក្តានុពលក្នុងនោះមានខេត្តព្រះសីហនុជាដើម៕