ដោយៈសុខុម
បាងកក: ក្រសួងហិរញ្ញវត្ថុថៃ កំពុងពិចារណាលើសំណើរបស់វិស័យឯកជនដែលស្នើសុំពន្យារពេលប្រមូល និងបញ្ចុះពន្ធលើដីធ្លី និងពន្ធលើសំណង់អគារ ពីព្រោះអាជីវកម្មនានាកំពុងជួបទ្វេគ្រោះ។
អ្វីជាទ្វេរគ្រោះ? ចម្លើយគឺ ទី១ គឺវិបត្តិកូវីដ-១៩ ហើយទី២ គឺសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៣០ ខែឧសភា។
ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលថៃ បានចេញវិធានការបញ្ចុះពន្ធលើដីធ្លី និងពន្ធលើសំណង់អគាររហូតដល់ទៅ៩០% ដើម្បីជួយសម្រាលបន្ទុករបស់ម្ចាស់ដី និងម្ចាស់សំណង់អគារ ដោយសារពួកគេបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។
ការបញ្ចុះអត្រាពន្ធនេះ បានចូលជាធរមានចាប់ពីឆ្នាំ២០២០-២០២១ ប៉ុន្តែក្រសួងហិរញ្ញវត្ថុថៃ បានបដិសេធមិនព្រមបន្តវាឱ្យហួសពីឆ្នាំ២០២១។
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បញ្ជាក់ថា លោកបានចាត់តាំងឱ្យការិយាល័យ គោលនយោបាយសារពើពន្ធ ធ្វើការវិភាគលើការប្រមូលពន្ធរួចហើយ បន្ទាប់ពីវិស័យឯកជនបានស្នើសុំពន្យារពេលប្រមូល និងបញ្ចុះអត្រាពន្ធ។
ជាធម្មតា ម្ចាស់ដីត្រូវបង់ពន្ធនេះក្នុងខែមេសា។ រដ្ឋបាលក្រុងមួយចំនួនដូចជា ក្រុងបាងកក ជាដើមបានពន្យារពេលប្រមូលពន្ធ ពីខែមេសា មកដល់ខែកក្កដា ដើម្បីបន្ធូរបន្ថយការលំបាករបស់ប្រជាជន។
ប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុបារម្ភខ្លាចការពន្យារពេល ឬការបញ្ចុះអត្រាពន្ធនេះ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ចំណូលរបស់រដ្ឋបាលមូលដ្ឋាន។
ទិន្នន័យបង្ហាញថា ការបញ្ចុះពន្ធនេះចំនួន៩០ អំឡុងឆ្នាំ២០២០-២០២១ បានធ្វើឱ្យរដ្ឋបាលមូលដ្ឋាន ខាតបង់សរុបជិត១.០០០ពាន់លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលគ្មានលទ្ធភាពរកប្រាក់ចំណូលថ្មី ដើម្បីទូទាត់ការខាតបង់ទាំងនេះបានឡើយ៕ Bangkok Post៕