ចង់វិនិយោគដីឡូត៏លំហែត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដីឡូត៏ និងផ្ទះលំហែកាយគឺជាផ្នែកមួយនេះ នៃវិស័យអច​ល​នទ្រព្យកម្ពុជា និងមានការវិនិយោគជាបន្តបន្ទាប់ ពីវិនិយោគិនក្នុងនិងក្រៅប្រទេស តែអ្នកអភិវឌ្ឍន៍ខ្លះក៏ជោគជ័យ ខ្លះទៀតក៏មិនជោគជ័យ ។

តើហតុអ្វីត្រូវវិនិយោគលើដីឡូត៏លំហែកាយ និងផ្ទះលំហែកាយនៅក្នុងប្រទេសកម្ពុជា និងត្រូវត្រៀមលក្ខណៈយ៉ាងណា ដើម្បីទទួលបានជោគ​ជ័យ ? ។

លោក Cooler Tan ម្ចាស់គម្រោងវិនិយោគលើដីឡូត៏លំហែកាយបូកគោលែននៅក្នុងខេត្តកំពតបានលើកឡើងថា តាមពិតទៅលោកគឺជាអ្នកវិនិយោគលើវិស័យផ្សេងទេ កាលពីមុននេះបន្តិច ប៉ុន្តែដោយសំលឹងមើលឃើញថា វិស័យអចលនទ្រព្យ កំពុងតែមានការពេញនិយម និងមានតម្រូវការខ្ពស់ ហើយវិស័យនេះដែរ ក៏បានចូលរួមចំណែកធំក្នុងសេដ្ឋកិច្ច លោកក៏បានសម្រេចចិត្ត ក្នុងការបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យនិងបានជ្រើសរើស យកការអភិវឌ្ឍលើដីឡូត៏លំហែកាយនៅក្នុងខេត្តកំពត។

លោកបន្តថា “អ្នកដែលចង់វិនិយោគដីឡូត៏ផ្នែកលំហែនេះ គឺត្រូវមានទុនគ្រប់គ្រាន់ ដោយមួយចំណែកត្រូវរកទិញដីឱ្យបានសិន ពេលដែលទិញបានហើយ គឺត្រូវការទុនមួយចំណែកទៀត សម្រាប់ទុកអភិវឌ្ឍន៍ និងត្រូវមានទុនមួយកញ្ចប់ទៀត សម្រាប់ទុកទិញដីអភិវឌ្ឍន៍គម្រោងបន្តបន្ទាប់”។

លោកបន្តថា “ទោះបីជាយើងមានទុនទាំងអស់នេះហើយ ក៏មិនប្រាកដថាអាចទទួលបានជោគជ័យនោះទេ ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាអ្នកមានធនធាន និងមានដីច្រើនណាស់ ដោយអ្នកខ្លះមិនធ្វើខាងផ្នែកលំហែនេះទេ ហើយអ្នកខ្លះទៀត ធ្វើដែរតែក៏មិនទទួលបានជោគជ័យ អ្វីដែលសំខាន់គឺផ្នត់គំនិត ពោលគឺត្រូវមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍ”។

លោក Cooler Tan បានបន្តទៀតថា សម្រាប់គម្រោងបូកគោលែនដ៏របស់លោក ដែលទទួលបានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជា គឺបានសិក្សាស្វែងយល់ ពីតម្រូវការទីផ្សាររបស់អតិថិជន ធ្វើយ៉ាងណាឱ្យអតិថិជនស្រលាញ់ពេញចិត្តនូវគម្រោងនីមួយៗ ដូចជា ការគូប្លង់ រចនាគម្រោង ទាក់ទាញអតិថិជន ។ ក្រៅពីនេះ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ ត្រូវអ្នកដែលមានទីផ្សារ រកអ្នកដែលមានចំណេះដឹងផ្នែកទីផ្សារ មកលក់គម្រោងរបស់យើង ។

លោកបន្ថែមថា សម្រាប់រូបលោកដែលជាអ្នកអភិវឌ្ឍន៍ គម្រោងលំហែបូកគោលែនដ៍ មិនត្រឹមតែគូសប្លង់ រចនាគម្រោងបានស្អាត និងរកទីផ្សារហើយ គ្រប់គ្រាន់ទេ តែលោកត្រូវអភិវឌ្ឍន៍គម្រោងនោះ ឱ្យបានស្អាតជាងគេ ទាក់ទាញជាងគេ ។ គម្រោងដែលជោគជ័យ មិនមែនជាគម្រោងដែលលក់ឱ្យអតិថិជនដាច់អស់លឿន ហើយគ្រប់គ្រាន់តែទេ តែធ្វើយ៉ាងណាទាក់ទាញឱ្យអតិថិជនមកអភិវឌ្ឍន៍ មកសង់ផ្ទះ និងមករស់នៅ ។

លោកថា “យើងមានផែនការអភិវឌ្ឍឱ្យស្អាត ល្អទាក់ទាញ និងធ្វើឱ្យ​លឿន ដើម្បិឱ្យអតិថិជនដែលចង់សង់ផ្ទះ នៅក្នុងគម្រោងដែលបានទិញអាចសង់បានភ្លាមៗលឿនរហ័ស”។ លោកបន្តថា “គម្រោងខ្លះអភិវឌ្ឍន៍ពីរបីឆ្នាំហើយ តែទោះចង់មកអភិវឌ្ឍន៍ក៏មិនអាចធ្វើទៅបាន ខ្វះប្រព័ន្ធទឹក ភ្លើង ផ្លូវជាដើម តែសម្រាប់គម្រោងរបស់យើង អតិថិជនទិញហើយ មិនឱ្យរង់ចាំយូរនោះទេ ”។

លោកបញ្ជាក់ថា ដីដែលដែលមានគុណតម្លៃគឺដី ដែលមានមនុស្សរស់នៅច្រើន ហើយដីដែលកាន់តែមានគុណតម្លៃទៅទៀតនោះ គឺគម្រោងដែលទាក់ទាញអ្នកមានៗ កាន់តែច្រើនទៅរស់នៅ។ ជាក់ស្ដែងដីនៅតំបន់បឹងកេងកងមួយម៉ែត្រការ៉េ ឡើងដល់៥០០០ដុល្លារអាមេរិក និងខ្ពស់ជាងនេះទៅទៀត ពីព្រោះតំបន់បឹងកេងកង១ ជាតំបន់ដែលសំបូរទៅដោយអ្នកមានរស់នៅ។

លោក Cooler បានបញ្ជាក់ថា សម្រាប់វិស័យដីឡូត៏លំហែ លោកមើលឃើញថា មិនទាន់មានការប្រកួតប្រជែងគ្នាខ្លាំងនោះទេ បើធៀបជា​មួយនឹងការអភិវឌ្ឍលំនៅឋាន។ ប៉ុន្តែលោកជឿថា ចាប់ពីឆ្នាំ២០២៣ឡើងវិញ ទីផ្សារដីឡូត៏លំហែ នឹងកាន់តែមានការប្រកួតប្រជែងគ្នាខ្លាំងឡើង ។ អ្វីដែលអ្នកទិញដីឡូត៏ត្រូវប្រយ័ត្ន និងពិចារណាមុននឹងទិញដីឡូត៏លំហែ គឺត្រូវមើលថា តើគម្រោងនោះធ្វើពិតប្រាកដឬអត់ គម្រោងអភិវឌ្ឍន៍ពិតដែរទេ ។បើសិនជាត្រឹមទិញហើយទុកចោល ឬត្រូវប្រើពេលវេលាបួនដប់ឆ្នាំក្រោយ​ទើបអាចមកចូលនៅបាន វាអត់ន័យនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here