OCIC បោះទុនជាង ២០០លានដុល្លារសាងសង់បុរីថ្មីមួយនៅខេត្តសៀមរាប

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: ក្រុមហ៊ុនOCICបានបោះទុនជាង២០០លានដុល្លារអាមេរិក ដើម្បីសាងសង់បុរីថ្មីមួយនៅក្រុងសៀមរាប ខេត្តសៀមរាបជាខេត្ត ដែលកំពុងទាក់ទាញការវិនិយោគកាន់តែច្រើន។

ប្រធានគំរោងបុរីទេសចរណ៍នៃក្រុមហ៊ុន OCIC លោកឈាង មករាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣០ តុលានេះថា ក្រុមហ៊ុនបាននិងកំពុងវិនិយោគបុរីលំនៅដ្ឋាន សាលារៀន ផ្សារលើផ្ទៃដី៦៦ហិកតា នៅក្នុងក្រុងសៀមរាប ដែលបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងចាប់ផ្តើមសាងសង់គំរោងទី៣ និងទី៤ នៃគំរោងបុរីដែលមានផ្ទះសរុបប្រមាណ២០០០ផ្ទះ។លោកបន្តថា លំនៅដ្ឋានក្នុងគំរោងនេះ លក់ចាប់ពីតម្លៃចាប់ពីជាង៦០,០០០ដល់ជាង១៣០០០០ដុល្លារអាមេរិក។

លោកបន្តថា “ការលក់លំនៅដ្ឋានក្នុងគំរោងនេះ ទទួលបានជោគជ័យ ដោយមានអតិថិជនចម្រុះ ពិសេសអតិថិជនមកពីរាជធានីភ្នំពេញ និងក្រុងសៀមរាប”។លោកបន្តថា “ខេត្តសៀមរាបកំពុងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ពិសេសកំនើននៃការវិនិយោគរបស់ចិន បាននិងកំពុងជួយធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យមានភាពរីកចម្រើនខ្លាំង”។

បុរីទេសចរណ៍មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៦ និងស្ថិតនៅជាប់គ្នាជាមួយផ្សារMAKRO ដែលអាចបើកដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខនេះ។

លោកឈាង មករាបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការចចាជាមួយអ្នកវិនិយោគផ្សារ MAKRO ដើម្បីតភ្ជាប់ផ្លូវជាមួយគ្នា ដែលនឹងជួយធ្វើឲ្យអ្នករស់នៅបុរីនេះងាយស្រួលចេញចូល និងជាអ្វីដែលយើងគិតថា ជាការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

លោកចៅ សេងថៃអគ្គនាយកក្រុមហ៊ុន Goal Property Service Co, Ltdបានមានប្រសាសន៍ថា ជាមួយនឹងគំរោងសាងសង់ព្រលានយន្តហោះថ្មី បានធ្វើឲ្យខេត្តសៀមរាបទាក់ទាញការវិនិយោគកាន់តែច្រើន ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើងទ្វេរដងក្នុងឆ្នាំនេះ ធៀបនឹងបណ្តាឆ្នាំមុនៗ។

លោកបន្តថា “វាដល់ពេលដែលខេត្តនេះ រីកចម្រើនកាន់តែខ្លាំងក្រៅពីវិស័យទេសចរណ៍ហើយ ព្រោះសកម្មភាពវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យកំពុងកើនឡើង”។លោកបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងសាងសង់ ដូចជាផ្សារ MAKRO និងផ្សារមួយចំនួនទៀត ដែលធ្វើឲ្យខេត្តនេះកាន់តែមានភាពរសរវើក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here