ដោយ៖ លាងហួរ
ឥណ្ឌូនេស៊ី៖ គម្រោងសាងសង់រដ្ឋធានីថ្មីក្នុងទីក្រុង Nusantara របស់ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើម នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ ជាមួយនឹងគោលដៅនឹងបញ្ចប់ដំណាក់កាលទីមួយនៅឆ្នាំ២០២៤ និងត្រូវបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០៤៥។
លោកសាស្រ្តាចារ្យ Mohammed Ali Berawi ប្រធានអាជ្ញាធរសម្រាប់ការសម្របសម្រួលនៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងការច្នៃប្រឌិត បានប្រាប់សារពត៌មាន CNA នៅក្នុងបទសម្ភាសន៍មួយថា គម្រោងរដ្ឋធានីថ្មីនេះត្រូវបានអនុម័តដោយច្បាប់នៃប្រទេសឥណ្ឌូណេស៊ី ដែលនឹងក្លាយជាអាទិភាពដ៏ចម្បងមួយ។
សេចក្តីព្រាងច្បាប់ស្តីពីការផ្លាស់ប្តូរទីតាំងរដ្ឋធានីត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២២នេះ។ Nusantara ដែលជារាជធានីថ្មី នឹងត្រូវបានសាងសង់នៅក្នុងស្រុកចំនួនពីរនៅ Kalimantan ខាងកើត លើផ្ទៃដីប្រហែល២៥៦.០០០ហិចតា។ ដំណាក់កាលចុងក្រោយ នៃការសាងសង់របស់ទីក្រុង Nusantara ត្រូវបានកំណត់ថានឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០៤៥ ដែលនឹងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសជឿនលឿន។
លោកសាស្ត្រាចារ្យ Berawi បានបន្តថា មន្ត្រីរាជការប្រហែល៦០.០០០នាក់នឹងត្រូវផ្លាស់ទីលំនៅពីទីក្រុងហ្សាកាតាទៅកាន់ទីក្រុង Nusantara ហើយកម្មករចំនួន២០០.០០០នាក់ នឹងត្រូវចូលរួមក្នុងការសាងសង់នេះរដ្ឋធានីថ្មីនេះ។
លោកបានបន្ថែមថា ការសាងសង់នឹងចាប់ផ្តើមនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ ជាមួយនឹងគោលដៅនឹងបញ្ចប់ដំណាក់កាលទីមួយនៅឆ្នាំ២០២៤។
ឆ្លើយតបនឹងសំណួរថា តើលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៤អាចប៉ះពាល់ដល់ការអភិវឌ្ឍគម្រោងរដ្ឋធានីថ្មី Nusantara ឬទេ លោកសាស្រ្តាចារ្យ Berawi បានបញ្ជាក់ថា ដំណើរការសាងសង់ត្រូវបានគ្រោងទុករហូតដល់ឆ្នាំ២០៤៥ ដែលគម្រោងនេះមិនមែនជាគោលដៅតែមួយ រយៈពេលខ្លីនោះទេ តែជាគោលដៅរយៈពេលវែង។
លោកបានបន្តថា ដោយសារតែភាពចាំបាច់នៃរដ្ឋធានីថ្មីនេះ គម្រាងនេះនឹងត្រូវបន្តរហូតដល់យើងសម្រេចបាននូវគោលដៅ ដែលបានជ្រើសរើស ដែលជាគោលដៅចុងក្រោយ គឺការកសាងទីក្រុងប្រកបដោយនិរន្តរភាព និងការរួមបញ្ចូលគ្នា មិនមែនសម្រាប់តែប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល និងពិភពលោកផងដែរ។ នោះហើយជាមូលហេតុដែលយើងជឿជាក់ថា គម្រោងរដ្ឋធានីថ្មី Nusantara នឹងក្លាយជាទីក្រុងសកលសម្រាប់ទាំងអស់គ្នា ។
ក្នុងឆ្នាំ២០១៩ លោកប្រធានាធិបតី Joko Widodo បានប្រកាសថា រដ្ឋធានីរបស់ប្រទេសនេះនឹងផ្លាស់ប្តូរពីទីក្រុងហ្សាកាតាទៅកាន់កោះ Borneo។ ការផ្លាស់ប្តូរនេះត្រូវបានចាត់ទុកថាភាពចាំបាច់ ដើម្បីជួយសង្គ្រោះការលិចលង់ និងការកកស្ទះនៅទីក្រុងហ្សាកាតា និងដើម្បីអភិវឌ្ឍកោះ Kalimantan ក៏ដូចជាផ្នែកខាងកើតនៃប្រទេសឥណ្ឌូនេស៊ី៕