ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជាប់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះត្រូវបានគេព្យាករណ៍ថា នឹងបន្តសម្រេចបាននូវអត្រាកំណើនចន្លោះពី២ភាគរយទៅ៥ភាគរយក្នុងរយៈពេលចំនួន១២ខែខាងមុខ។
សម្រាប់ទីក្រុងសេអ៊ូល តម្លៃលំនៅដ្ឋាននឹងកើនឡើងចន្លោះពី១,៧ភាគរយទៅ៣ភាគរយចាប់ពីឆមាសទី២ ឆ្នាំ២០២៥រហូតដល់ពាក់កណ្តាលឆ្នាំ២០២៦ ដោយសារកំណើននៃតម្រូវការពីបណ្តាអតិថិជនក្នុងស្រុក និងអន្តរជាតិ។
យ៉ាងណាមិញ ទីក្រុងក្នុងតំបន់ជាប់រដ្ឋធានីកំពុងប្រឈមមុខនឹងផលលំបាក ខណៈតម្លៃលំនៅដ្ឋាននៅទីនោះត្រូវបានគេព្យាករណ៍ថា នឹងស្ថិតនៅទ្រឹង ឬធ្លាក់ចុះនៅឆ្នាំក្រោយ។ ទីក្រុងនានាដូចជា ទីក្រុងប៊ូសាន (Busan) និងទីក្រុង Daegu ខ្វះខាតនូវកាតាលីការសម្រាប់ជំរុញសេដ្ឋកិច្ច។
អគារអាផាតមុិននៅតំបន់កណ្តាលទីក្រុង ត្រូវបានគេរំពឹងថា នឹងមានតម្រូវការល្អប្រសើរជាងផ្ទះវីឡា និងផ្ទះទោល(Detached house)។ កាលពីឆមាសទី១ ឆ្នាំនេះ អាផាតមុិននៅទីក្រុងសេអ៊ូលមានតម្លៃជាមធ្យមចំនួន១៣,៤លានវ៉ុន(ប្រហែល៩.៦៥២ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។
ចំណែក អាផាតមុិននៅទីក្រុងកំពង់ផែ Busan មានតម្លៃជាមធ្យមចំនួន៦,៧លានវ៉ុន(ប្រហែល៤.៨២៧ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិននៅទីក្រុង Incheon មានតម្លៃជាមធ្យមចំនួន៥,៦លានវ៉ុន(ប្រហែល៤.០៣៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Bamboo Routes៕