ប្រធានាធិបតីអាមេរិកគ្រោងដាក់ចេញវិធានការលើកទឹកចិត្តក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋានរបស់ខ្លួន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋបាលរបស់លោកកំពុងពិចារណាលុបចោលពន្ធលើចំណេញមូលធនចំពោះការលក់លំនៅដ្ឋាន។នេះបើយោងតាមការចុះផ្សាយដោយកាសែត Reuters។

លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី Oval Office ថា “ប្រសិនបើធនាគារកណ្តាលអាមេរិក (Fed) កាត់បន្ថយអត្រាការប្រាក់ នោះយើងក៏មិនចាំបាច់ធ្វើដូច្នោះដែរ។ ប៉ុន្តែ យើងកំពុងគិតពិចារណាអំពីការមិនយកពន្ធលើចំណេញមូលធនសម្រាប់ការលក់ផ្ទះ”។

បច្ចុប្បន្ន ប្រាក់ចំណេញពីការលក់ផ្ទះនៅសហរដ្ឋអាមេរិកត្រូវជាប់កាតព្វកិច្ចបង់ពន្ធលើចំណេញមូលធន(Capital gain tax)។ទោះជាយ៉ាងណា ការលើកទឹកចិត្តនៅតែមានចំពោះអ្នក ដែលបានរស់នៅក្នុងផ្ទះនោះច្រើនឆ្នាំ មុនពេលសម្រេចលក់ផ្ទះនោះចេញវិញ។

ដោយឡែក បណ្តាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅសហរដ្ឋអាមេរិកកំពុងជួបប្រទះបញ្ហាជាច្រើន ដូចជាការកើនឡើងថ្លៃដើមនៃសម្ភារៈសំណង់ កម្រិតអត្រាការប្រាក់ខ្ពស់ និងការព្រួយបារម្ភថា ផែនការនិរទេសជនអន្តោប្រវេសន៍ក្នុងទ្រង់ទ្រាយធំរបស់លោក ដូណាល់ ត្រាំ អាចជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មសំណង់។

ទីផ្សារលំនៅដ្ឋានអាមេរិកកំពុងជួប​ប្រទះការ​លំបាក​ ដោយ​សារ​ទំនុក​ចិត្តរបស់អតិថិជន​ធ្លាក់ចុះ​។ បណ្តាអ្នកអភិវឌ្ឍន៍បានផ្តល់នូវការលើកទឹកចិត្តនានា ដូចជាការបញ្ចុះអត្រាការប្រាក់លើប្រាក់កម្ចី និងការបង្រួមការសាងសង់ផ្ទះឱ្យមានទំហំយូនីតតូចជាងមុន និងមានតម្លៃថោក។

ទោះជាយ៉ាងណា ការប្រកាសដាក់ពន្ធគយចំនួន៥០ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ក្រោមរដ្ឋបាលរបស់លោក ត្រាំ ត្រូវបានគេព្យាករណ៍ថា នឹងជះផលប៉ះពាល់ដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here