ដោយ៖ សុខុម
ហាណូយ: ក្រសួងសំណង់ (MoC) នៃប្រទេសវៀតណាម បានស្នើឱ្យមានការគ្រប់គ្រងសកម្មភាពបោះផ្សាយមូលបត្របំណុលរបស់បណ្ដាក្រុមហ៊ុនសហគ្រាសអចលនទ្រព្យ ប៉ុន្តែមិនរឹតបន្តឹងការវិនិយោគលើមូលបត្របំណុលអចលនទ្រព្យនោះទេ។
លោក Nguyễn Mạnh Khởi អនុប្រធាននាយកដ្ឋានគ្រប់គ្រងលំនៅដ្ឋាន និងទីផ្សារនៃក្រសួងសំណង់វៀតណាម បានទម្លាយឱ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មានប្រចាំខែ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា។
មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីផ្សារហិរញ្ញវត្ថុ។ ថ្មីៗនេះទីផ្សារហិរញ្ញវត្ថុបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយទីផ្សារអចលនទ្រព្យក៏មានការអភិវឌ្ឍខ្លាំងផងដែរ។ ដូច្នេះហើយ ក្រសួងជឿជាក់ថា វិធានគ្រប់គ្រងចាំបាច់ត្រូវតែមានសម្រាប់ការអភិវឌ្ឍដ៏រឹងមាំ នៃមូលធនដែលប្រមូលកៀរគរបានពីសកម្មភាពបោះផ្សាយមូលបត្របំណុល”។
ក្រសួងបានស្នើធ្វើវិសោធនកម្មសេចក្តីសម្រេច 153/2020 ជាមួយនឹងគោលដៅគ្រប់គ្រងសកម្មភាពបោះផ្សាយមូលបត្របំណុលសាជីវកម្ម ដើម្បីជៀសវាងធ្វើយ៉ាងណា កុំឱ្យទីផ្សារមូលបត្របំណុលមានសន្ទុះលឿនខ្លាំងពេក។
លោក Nguyễn Mạnh Khởi បញ្ជាក់ថា ធនាគាររដ្ឋ និងក្រសួងហិរញ្ញវត្ថុជាអ្នកទទួលបន្ទុកគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពបោះផ្សាយមូលបត្របំណុល។ ហើយទន្ទឹមនឹងនេះ ក្រសួងសំណង់នឹងស្នើសុំដំណោះស្រាយ នៅក្នុងការគ្រប់គ្រងសកម្មភាពបោះផ្សាយមូលបត្របំណុលរបស់បណ្ដាក្រុមហ៊ុនសហគ្រាសអចលនទ្រព្យ៕