ដោយ៖ សហការី
ភ្នំពេញ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន១៤.៦៧៦ក្រុមហ៊ុន មានទុនវិនិយោគសរុប៤.៦៧០លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យការសាងសង់ មាន២១,៦ភាគរយ ឬប្រមាណ១ពាន់លានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។
ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប៦៨១លានដុល្លារ ឬស្នើនឹង១៤,៦ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។
សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យ សកម្មភាពអចលនទ្រព្យ មានប្រមាណ ៨.៧ភាគរយ នៃចំនួនក្រុមហ៊ុនចុះបញ្ជីសរុប ១៤,៦៧៦ ក្រុមហ៊ុន។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលពីទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១៕