លោក ថាន់ ចាន់ណា៖ ពីយុវជនកំសត់អត់ធ្មត់តស៊ូរហូតសម្រេចក្ដីសុបិនក្លាយជាម្ចាស់បុរីដ៏ល្បីមួយ

0

ដោយ៖ សហការី

ភ្នំពេញ៖ លោក ថាន់ ចាន់ណា ម្ចាស់បុរីចាន់ណាលែន បានរៀបរាប់ខ្សែរជីវិតតស៊ូរៀនសូត្រឆ្លងកាត់ព្យុះភ្លៀងរយៈពេល០៥ឆ្នាំ ដើម្បីផ្លាស់ប្ដូរខ្សែរជីវិតពីកូនអ្នកស្រែជនបទម្នាក់ រហូតសម្រេចក្ដីសុបិនក្លាយជាម្ចាស់បុរីដ៏ល្បីឈ្មោះ។

លោក ថាន់ ចាន់ណា មានស្រុកកំណើតជាកូនអ្នកខេត្តក្រចេះ ជានិស្សិតបញ្ចប់បរិញ្ញាប័ត្រវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យបៀលប្រាយ។ កាលពីមុន លោកជានិស្សិតមកពីជនបទមករៀននៅភ្នំពេញ ដោយសារចង់ផ្លាស់ប្តូរខ្សែរជីវិត កាលនោះមានក្តីស្រមៃចង់ក្លាយជាអ្នកម្ចាស់អចលនទ្រព្យមួយ ក្នុងការសាងសង់ ម្ចាស់បុរី ឬម្ចាស់ក្រុមហ៊ុនសាងសងផ្ទះល្វែងលក់។

ដោយមានក្តីសុបិន្តដ៏ធំមួយនេះ លោកក៏សម្រេចចិត្តលាឱពុកម្តាយមកភ្នំពេញ ដើម្បីរៀនបន្តនៅក្នុងភ្នំពេញ។ លោកមានប្រសាសន៍ថា “ដំណើរជីវិតនិស្សិតស្រុកស្រែជួបព្យុះភ្លៀងមិនស្ទើរនោះទេ។ តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៥ ក្រោយបានបញ្ចប់បរិញ្ញាប័ត្រ៥ឆ្នាំមក ខ្ញុំក៏បន្តគោលដៅ និងក្តីស្រមៃរបស់ខ្លួន ដោយសិក្សា និងរៀនបន្ថែមលើជំនាញអចលនៈទ្រព្យ”។

លោកបានរៀបរាប់បន្តថា ក្រោយពីលោកបានចាប់ផ្តើមដើរលើវិស័យអចលនទ្រព្យ អស់រយៈពេល៣ឆ្នាំរហូតដល់ឆ្នាំ២០២០ លោកក៏មានលទ្ធភាពបើកក្រុមហ៊ុនផ្ទាល់ខ្លួន ព្រមទាំងបើកសាងសង់បុរីដ៏ធំមួយលក់ ដែលមានឈ្មោះថា​ “បុរី ចាន់ណា លែន”។

លោករៀបរាប់បន្តថា “ពិតជាអស្ចារ្យណាស់! ក្តីស្រមៃខ្ញុំបានដូចបំណងហើយ។ វាដូចជាទើបភ្ញាក់ពីសុបិន្តចឹងពេលយកដៃមកក្តិចសាច់ខ្លួនឯង ទើបដឹងថាវាជាការពិតមែន ខ្ញុំពិតជាមានមោទភាពខ្លាំងណាស់ ប៉ាម៉ាកកូនធ្វើបានហើយ”។

លោកបានលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ ដែលមកពីជនបទ ដើម្បីរៀនបន្តនៅទីក្រុង សូមសួរទៅខ្លួនឯងថាខ្លួនចង់ក្លាយទៅជាអ្វី ហើយយើងត្រូវតែធ្វើអ្វីខ្លះ ដើម្បីសម្រេចក្តីប្រាថ្នារបស់ខ្លួន។

លោកបញ្ជាក់ថា “បច្ចុប្បន្ន យើងជានរណាមិនសំខាន់ សំខាន់ក្តីស្រមៃយើងចង់ក្លាយទៅជាអ្វី ហើយបន្តធ្វើសកម្មភាពរបស់យើងថ្ងៃនេះ ដើម្បីសម្រេចគោលដៅ និងក្តីស្រមៃដែលបានដៅទុកនៅថ្ងៃអនាគត”។

ក្រោយពីខិតខំប្រឹងប្រែងតស៊ូអស់រយៈពេល០៥ឆ្នាំ ក្នុងការបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យបៀលប្រាយ លោកថាន់ ចាន់ណា មានក្ដីស្រមៃរបស់ខ្លួន ក្នុងការសិក្សាបន្ថែមផ្នែកជំនាញអចលទ្រព្យ។

ក្រោយពីដើរលើវិថីអចលនទ្រព្យរយៈពេល៣ឆ្នាំ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោក ថាន់ ចាន់ណា សម្រេចចិត្តចុះបញ្ចីក្រុមហ៊ុន ចាន់ណាលែន ដែលមានទីតាំងបុរីស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សព្វថ្ងៃ លោកកំពុងបន្តអាជីវកម្មដំណើរការយ៉ាងរលូន នៅលើវិស័យអចលនទ្រព្យ នៅក្នុងគម្រោងបុរីដីឡូតិ៍ “ចាន់ណា លែន” ដែលមានបុគ្គលិកប្រឹក្សាយោបល់ផ្នែកលក់ជាច្រើននាក់។ មកដល់បច្ចុប្បន្ននេះ លោកថាន់ ចាន់ណាមានគោលបំណងរួមចំណែក ដល់សេដ្ឋកិច្ចជាតិ និងជួយឱ្យកូនខ្មែរទទួលនូវចំណេះដឹងលើវិស័យអចនទ្រព្យ និងទទួលបានប្រាក់ចំណូលសមរម្យ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here