ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ការវិនិយោគដីធ្លី ក៏ដូចជាអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅបន្តហុចផលដល់អ្នកវិនិយោគនានា ប៉ុន្តែដើម្បីឱ្យការវិនិយោគនោះកាន់តែឆាប់ទទួលបានផលចំណេញ ដោយប្រើពេលខ្លីនោះ អ្នកជំនាញ បានបង្ហើបតិចនិកមួយចំនួនដល់វិនិយោគិនដីធ្លី។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាក់គេហទំព័រ Property area កាលពីពេលថ្មីៗ ថា ការវិនិយោគអចលនទ្រព្យមានច្រើនផ្នែក មានដូចជាផ្នែកអគារខ្ពស់ លំនៅឋាននិងដីធ្លី ហើយពេលនេះ យើងនឹងលើកពីប្រធានបទដីធ្លី ថាតើត្រូវធ្វើដូចម្ដេចដើម្បីវិនិយោគទទួលបាននូវប្រាក់ចំនេញខ្ពស់ ។
លោកបន្តថា “អ្វីដែលប្រជាពលរដ្ឋ វិនិយោគិនដីធ្លីត្រូវធ្វើមុនពេលវិនិយោគដីធ្លីនោះគឺ ត្រូវតាមដានពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ថាតើរាជរដ្ឋាភិបាលមានយន្តការក្នុងការអភិវឌ្ឍទៅទិសខាងណា”។ លោកបន្តថា “ការអភិវឌ្ឍនេះដែរ គឺធ្វើឡើងតាមរយៈការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ទី៤ ឬមួយក៏តំបន់នោះ រដ្ឋាភិបាលនឹងត្រូវសាងសង់អ្វី ធ្វើផ្លូវថ្មី ការបង្កើតរដ្ឋបាលសង្កាត់ ឬខណ្ឌថ្មីជាដើម ។ នៅពេលដែលមានការអភិវឌ្ឍទាំងអស់នោះ ទៅកាន់តំបន់ណាមួយនឹងធ្វើឱ្យដីធ្លីមានកំណើនឡើង”។
លោកច្រឹក សុខនីមបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមានផែនការអភិវឌ្ឍន៍របស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំម្ដង ដូច្នេះអ្នកវិនិយោគដីធ្លីគួរតែតាមដានពីព័ត៌មាននេះជាប់ផងដែរ ហើយរដ្ឋាភិបាលក៏មិនមានអ្វីជាអាថ៌កំបាំងដែរ ដោយលោកតែងតែធ្វើទៅតាមផែនរបស់ខ្លួនជានិច្ច លើកលែងតែមានការប្រែប្រួល ទៅតាមលក្ខខណ្ឌចាំបាច់គឺកែតម្រូវ។
លោកបន្តថា “បងប្អូនអាចអញ្ជើញទៅមើលផែនការ ការអភិវឌ្ឍ១០ឆ្នាំម្ដងរបស់ខេត្តស្រុក ឃុំឬក៏ភូមិតំបន់ណាមួយ”។ លោកបន្ថែមថា “បើសិនជាបងប្អូនចង់អភិវឌ្ឍន៍ នៅក្នុងរាជធានីភ្នំពេញ ក៏អាចទៅមើលផែនការអភិវឌ្ឍទីក្រុង១០ឆ្នាំថា តើគេធ្វើអ្វីខ្លះក្នុងអំឡុងពេល១០ឆ្នាំនោះ ហើយក្នុងផែនការលម្អិតគឹនឹងសរសេរ ពីការអភិវឌ្ឍដែលធ្វើឱ្យតម្លៃដីធ្លីនៅជាយៗក្រុងឡើងថ្លៃ”។
ជាមួយគ្នានេះ លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុន Lucky ក៏បានលើកឡើងផងដែរ ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុង នឹងមានឱកាសក្នុងការឡើងថ្លៃបន្តទៀត និងទទួលបានប្រាក់ចំណេញលឿន ។ បើសិនជាទិញដីនៅតំបន់ជាយក្រុងហើយ នៅពេលគម្រោងណាមួយរបស់រដ្ឋ បានទៅដល់នោះ ម្ចាស់ទ្រព្យនឹងអាចលក់ដីនោះចេញ ដោយទទួលបានផលចំណេញខ្ពស់ ឬក៏អាចអភិវឌ្ឍន៍ខ្លួនគាត់ផ្ទាល់ក៏បាន។
លោកបន្តថា “ជាទូទៅការអភិវឌ្ឍអ្វីមួយរបស់រដ្ឋ តែងតែនាំមកនូវផលចំណេញទៅលើដីធ្លី ដូច្នេះទើបយើងឃើញរដ្ឋាភិបាល បានបន្តការអភិវឌ្ឍជាបន្តបន្ទាប់ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាជាដើម ក្នុងនោះក៏មានការចូលរួមពីវិស័យឯកជនមួយចំនួនផងដែរ”៕