ដោយ៖ សហការី
ក្រុងប៉ោយប៉ែត៖ ក្លឹបសហគ្រិនឆ្នើម (CBE) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានរៀបចំពិធីពិសារអាហារសាមគ្គីម្ចាស់អាជីវកម្ម និងការបិទបញ្ចប់អាណត្តិទី១ក្រោមការដឹកនាំរបស់លោកជំទាវ ចុង ជីងម៉ី ដែលជាប្រធាន ដោយមានការចូលរួមពីសមាជិកក្លឹប ម្ចាស់អាជីវកម្មអញ្ជើញមកពីប្រទេសថៃ សភាពាណិជ្ជកម្មប្រចាំខេត្តបាត់ដំបង ក្លឹបសហគ្រិនវ័យក្មេង(YEAC) និងមកពីបណ្ដាខេត្តផ្សេងៗទៀត។
កម្មវិធីនេះត្រូវបានជួបជុំគ្នានៅការិយាល័យកណ្តាលនៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន លី ហេង គ្រុប ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្មវិធីនេះរៀបចំឡើង ដោយមានក្នុងគោលបំណង (១) សម្ដែងការថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់របស់ក្លឹប (២) លទ្ធផលបូកសរុបសមទ្ធិផល ការអភិវឌ្ឍន៍ ការកសាងក្លឹបនិង កិច្ចការសង្គម-មនុស្សធម៌ (៣) ផ្ដល់ឱកាសជូនបងប្អូនម្ចាស់អាជីវកម្មចូលរួមជាសមាជិកក្លឹប CBE និង (៤) ពង្រីកបណ្ដាញពាណិជ្ជកម្ម ឧកាសវិនិយោគរួមគ្នា និងការចែរំលែកបទពិសោធន៍ធុរកិច្ចគ្នាទៅវិញទៅមក។
ក្នុងអំឡុងកម្មវិធីនេះដែរ លោកជំទាវ ចុងជីង ម៉ី ជាប្រធានក្លឹប CBE និងជាអគ្គនាយិកាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ លីហេង គ្រុប បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ភ្ញៀវកិត្តិយសទាំងអស់។
លោកជំទាវ បានមានប្រសាសន៍ថា “នាងខ្ញុំពិតជាមានកិត្តិយស និងនឹកស្មានមិនដល់ទេថាបងប្អូនសមាជិកក្លឹបទាំងអស់ផ្ដល់ទំនុកចិត្តបោះឆ្នោតឲ្យរូបនាងខ្ញុំជាប្រធានសម្រាប់អាណត្តិទី១នៃការបង្កើតក្លឹបនេះឡើង ដោយដំបូងឡើយខ្ញុំគ្រាន់តែផ្ដោតលើមុខរបរអចលនទ្រព្យខ្លួនឯងផ្ទាល់ និងតែងតែបានគិតថាចង់ធ្វើអ្វីមួយ សម្រាប់តបស្នងសងទៅសង្គមវិញ ដូចនេះ ខ្ញុំនិងស្ថាបនិកទាំងអស់បានផ្ដួចផ្ដើមបង្កើតក្លឹប CBE នេះឡើង សម្រាប់ការជួយបងប្អូនសហគ្រិន និងធ្វើកិច្ចការងារសង្គម”។
លោកជំទាវបានបន្ថែមទៀតថា ទិសដៅយុទ្ធសាស្រ្តចំពោះមុខនៃ ក្លឹបសហគ្រិនឆ្នើម មានចំនួន៣សំខាន់ៗ។ ទី១ បង្កើតជាកម្មវិធីបង្វឹក ជូនបងប្អូនសមាជិក ដោយមានគ្រូបណ្ដុះបណ្ដាលអាជីវកម្មប្រចាំក្លឹប និងអញ្ជើញគ្រូជំនាញល្បីៗមកបន្ថែមទៀត មកចូលរួមចែករំលែក ព្រោះក្នុងរយៈពេលមួយអាណត្តិនេះ យើងបានចុះទៅដល់ទីតាំងអាជីវកម្មផ្ទាល់របស់សមាជិក ហើយយើងយល់ច្បាស់ពីបញ្ហា និងចំនុចដែលត្រូវអភិវឌ្ឍន៍បន្ថែម។
លោកជំទាវបានបន្តថា ទី២ យើងនឹងសហការជាមួយសមាគមន៍ និងក្លឹបអាជីវកម្មផ្សេងៗ បើមានលទ្ធភាពយើងនឹងបោះជំហ៊ានទៅប្រទេសថៃ និងចិនទៀតដើម្បីពង្រីកបណ្ដាញ និងឱកាសវិនិយោគអាជីវកម្មជូនសមាជិក ដូចជាក់ស្ដែងក្នុងកម្មវិធីល្ងាចនេះក៏មានវត្តមានចូលរួមពីប្រធានសមាគមន៍សហគ្រិនវ័យក្មេងប្រចាំខេត្តបាត់ដំបង បន្ទាយមានជ័យ និងតំណាងសមាគមន៍សហគ្រិនស្រ្តីកម្ពុជាប្រចាំខេត្តសៀមរាប ចូលរួមផងដែរ ។
ចំនុចទី៣ CBE បានធ្វើសកម្មភាពសង្គមជាច្រើន ដោយចំណាយថវិការជាច្រើនម៉ឺនដុល្លា សម្រាប់ជួយជនចាស់ជរា ផ្ដល់សម្ភារៈសិក្សាឲ្យកុមារ ឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់ យើងនឹងបន្តសកម្មភាពសង្គមនេះ ដោយសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្រោមការដឹកនាំដោយលោក សោម សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាល និងសហការជាមួយនឹងមន្ទីរពេទ្យដទៃទៀត ធ្វើកម្មវិធីសង្គមបង្វឹកអាជីវកម្ម ដើម្បីប្រមូលថវិការទ្រទ្រង់ លើការចំណាយ ការថែទាំព្យាបាលទ្រទ្រង់សុខុមាលភាពដល់កុមារកម្ពុជា។
លោកជំទាវមានប្រសាសន៍ថា “កុមារគឺជាជំនាន់ក្រោយ នៃសសរទ្រូងរបស់ប្រទេសជាតិ ដែលរូបនាងខ្ញុំផ្ទាល់ឱ្យតម្លៃ និងយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះកាលណាអាយុជីវិត និងសុខភាពកុមារកម្ពុជា មានផលប៉ះពាល់មានបញ្ហា នោះនឹងមានការជះឥទ្ធិពលធ្ងន់ធ្ងរ ដល់ដំណើរការ នៃការអភិវឌ្ឍសង្គមជាតិយ៉ាងធ្ងន់ធ្ងរ និងឱ្យស្របជាមួយចក្ខុវិស័យ នៃការបង្កើតក្លឹបនេះឡើង ដើម្បីម្ចាស់អាជីវកម្មសហការរីកចម្រើន ជួយសេដ្ឋកិច្ចជាតិ”។
ក្លឹបសហគ្រិនឆ្នើមកម្ពុជា ជាភាសារអង់គ្លេស (CAMBODIA BRILLIANCE ENTREPRENEURS’ CLUB) ហៅកាត់ថា CBE ត្រូវបានមង្កើតឡើងដោយ ម្ចាស់អាជីវកម្មមួយក្រុចំនួន១៩រូប ដែលមានអាជីវកម្មជាង១០០ក្រុមហ៊ុន៕