ដោយ គង់ សូរិយា
ភ្នំពេញ៖ ផ្លួវជាតិលេខ៥បាននិងកំពុងចាប់ផ្តើមពង្រីក ខណៈខ្សែរថភ្លើងពីក្រុងប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញត្រូវបានតភ្ជាប់ ដែលធ្វើឲ្យតំបន់ភាគពាយ័ព្យកាន់តែសមាហរណកម្មមកផ្ទៃក្នុងប្រទេស។
ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋនេះ ជាផ្នែកមួយនៃការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងគោលនយោបាយផ្លួវសូត្រ(ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ)នៃមហាយក្សចិន ហើយប្រទេសកម្ពុជា និងប្រទេសថៃកំពុងចាប់ផ្តើមធ្វើការជាមួយគ្នាកាន់តែសកម្មជាងមុន ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាធ្វើឲ្យសហគមន៍សេដ្ឋកិច្ច សង្គម វប្បធ៌មអាស៊ានកាន់តែរសរវើក។
អ្នកវិនិយោគអចលនទ្រព្យនៅតំបន់នេះ ពិសេសក្រុងពោធិសាត់និងបាត់ដំបងលោកឧកញ៉ាភួ ពុយប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តពោធិសាត់ បាត់ដំបងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ ដោយសារជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ ពិសេសខេត្តពោធិសាត់ជាខេត្តមានការរីកចម្រើន និងមានប្រជាជនមានជីវភាពថ្នាក់កណ្តាលភាគច្រើន ជាហេតុធ្វើឲ្យលោកវិនិយោគសាងសង់ផ្សារ និងបុរីនៅក្នុងទីក្រុងនេះ។
លោកបន្តថា “គំរោងស្ថាបនាផ្លួវពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ទៅកាន់ ខេត្តកោះកុងនឹងធ្វើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខេត្ត ពិសេសការដឹកជញ្ជូនកសិផលកាន់តែប្រសើរ។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកហេង សុខគង់បានថ្លែងថា រដ្ឋាភិបាលគ្រោងរៀបចំតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីទទួលបានផលប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមបណ្តោយផ្លូវនេះ ព្រោះកម្ពុជាស្ថិតនៅចំណុចកណ្តាលរវាងប្រទេសធំពីរក្នុងតំបន់គប្រទេសវៀតណាម និងប្រទេសថៃ។
ថ្នាក់ដឹកនាំខេត្តនៅតាមបណ្តោយផ្លូវ ស្ថិតនៅតំបន់ភូមិភាគពាយ័ព្យនេះកំពុងរីករាយនឹងមនុញ្ញផលនេះ។
លោកងួន រតនៈអភិបាលខេត្តបាត់ដំបងបានថ្លែងថា ការតភ្ជាប់ផ្លូវដែកនេះ បានផលប្រយោជន៍ច្រើនណាស់ ព្រោះបណ្តាញផ្លូវនេះនឹងជួយសម្រាលការដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៥ និងអាចដឹកជញ្ជូនកម្រិតធ្ងន់បានច្រើន កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងអាចជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោកបន្តថា កាលពីជំនាន់ទសវត្សរ៍ទី៨០ បើធ្វើដំណើរពីក្រុងបាត់ដំបង មកកាន់រាជធានីភ្នំពេញត្រូវដេកផ្លូវរហូតដល់ពីរយប់។
លោកបន្តថា “ប្រសិនជារថភ្លើងដាក់ដំណើរការ អាចរត់ក្នុងល្បឿនលឿន នឹងមានមនុស្សធ្វើដំនើរច្រើន ហើយខេត្តនឹងទទួលបានផលប្រយោជន៍ច្រើនពីការឆ្លងកាត់នេះនាពេលអនាគត។
លោកសន សៀបស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានថ្លែងថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ នាតំបន់ភូមិភាគពាយ័ព្យគឺក្រុងបាត់ដំបង និងក្រុងប៉ោយប៉ែត ជាតំបន់មានសក្តានុពលនិងទាក់ទាញជាងគេ។ ចំណែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ។លោកបន្តថា ក្រុងបាត់ដំបង ជាក្រុងមានសក្តានុពល និងជាតំបន់មានការអភិវឌ្ឍលំដាប់ទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដូច្នេះប្រសិនជាមានខ្សែរថភ្លើងភ្ជាប់ជាមួយភូមិភាគនេះ វាជួយសម្រួលការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃកាន់តែរសរវើកថែមទៀត។
លោកបន្តថា “តំបន់ភូមិភាគពាយ័ព្យនឹងមានការរីកចំរើនខ្លាំង ខណៈតំលៃដីធ្លីបានឡើងថ្លៃបន្តិចម្តងៗ ប្រកបដោយភាពលំនឹងរួចហើយ វាមិនហក់ឡើងខ្ពស់ខ្លាំងនោះទេ។លោកបន្តថា “ខ្ញុំមិននិយាយថា វានឹងក្លាយជាតារារះឡើងនៅភូមិភាគពាយ័ព្យឬយ៉ាងណានោះទេ ព្រោះតំបន់នេះមានសក្តានុពលលើកសិឧស្សាហកម្ម។វាមិនមានសក្តានុពលលើវិស័យទេសចរណ៍ ដូចក្រុងព្រះសីហនុ និងខេត្តសៀមរាបនោះទេ”៕