ដោយៈ សុខុម
អន្តរជាតិៈ លោក Manas Bhatia ដែលជាស្ថាបត្យករដ៏លេចធ្លោមួយរូប ពិតជាមានចក្ខុវិស័យដ៏មោះមុតចំពោះអនាគត ដោយលោកបានឌីហ្សាញប្លង់អគារកប់ពពក (Skyscraper) បែបធម្មជាតិដែលគ្របដណ្ដប់ជុំជិតដោយដើមឈើ រុក្ខជាតិ និងស្លែដែលជាប្រភេទរុក្ខជាតិស្មៅ សម្រាប់បន្សុទ្ធខ្យល់ចេញចូលអគារយ៉ាងអស្ចារ្យ។
ទោះជាយ៉ាងណា រូបភាពនៃការឌីហ្សាញ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងផ្សារភ្ជាប់ជាមួយធម្មជាតិដ៏អស្ចារ្យនេះ មិនមែនកើតចេញពីស្រមើស្រមៃរបស់ស្ថាបត្យករ ដែលមានមូលដ្ឋាននៅក្រុងញូវដេលី ប្រទេសឥណ្ឌា រូបនេះទាំងស្រុងនោះឡើយ។
សម្រាប់គម្រោងដែលគ្រាន់តែជាខន់សិប ដែលមានឈ្មោះថា “AI x Future Cities” ខាងលើនេះ លោក Manas Bhatia បានប្រើប្រាស់កម្មវិធីផលិតរូបភាព ដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិមិត្ត) ដែលមានឈ្មោះថា Midjourney ដើម្បីបង្កើតរូបភាពលម្អិត ដោយផ្អែកលើអ្វីដែលគាត់បានសរសេរ និងគូសវាស។
កម្មវិធី Midjourney បង្កើតរូបភាពឌីជីថលបានជាច្រើន ទៅតាមអ្វីដែលវិស្វកររូនេះបានសរសេរ និងគូសវាស ហើយគាត់ក៏បានកែសម្រួលបន្ថែមទៅលើរូបភាពទាំងនោះ ឱ្យកាន់តែល្អប្រសើរ និងដូចអ្វីដែលគាត់ចង់បាន។
ក្រៅពីគម្រោង “AI x Future Cities” លោក Manas Bhatia ក៏បានឌីហ្សាញ គម្រោងដ៏អស្ចារ្យមួយទៀតផងដែរ ដែលមានឈ្មោះថា “Symbiotic Architecture” ដែលមានរូបរាងជាសណ្ឋានឈើក្រហមគួរ ឱ្យស្ញើចសរសើរមែនទែន។
អ៊ីចឹងតោះ! ដើម្បីជ្រាបកាន់តែច្បាស់ថា តើប្លង់ឌីហ្សាញអគារបែបថ្ងៃអនាគតទាំង២ ខាងលើនេះអស្ចារ្យកម្រិតណា សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕ CNN៕