ដោយ រតនៈ
ភ្នំពេញ៖ ជាមួយនឹងការអភិវឌ្ឍន៍ផ្តោតលើផាសុខភាព និងគោរពស្តង់ដាបរិស្ថានស្អាត ក្រុមហ៊ុនបុរីប៉េង ហួតគ្រុបត្រូវបានអ្នករៀបចំកម្មវិធីពានរង្វាន់ អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក បានសម្រេចប្រគល់ពានរង្វាន់ដល់បុរីនេះនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។
កម្មវិធីប្រគល់ពានរង្វាន់នេះ បានធ្វើឡើងកាលពីនារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលជាដំណាក់កាលចុងក្រោយ នៃកម្មវិធីប្រកាសពានរង្វាន់ថ្នាក់តំបន់ និងពិភពលោករបស់កម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ រៀបចំឡើងនៅសណ្ឋាគារ The Savoy Hotel នៅទីក្រុងឡុងដ៍ ដែលមានការចូលរួមពីម្ចាស់ជ័យលាភីតំណាងប្រទេស និងតំបន់ទូទាំងពិភពលោកពី កម្មវិធីពានរង្វាន់អចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប តំបន់អាមេរិក តំបន់អាហ្វ្រិក តំបន់អារ៉ាប់ និងពីចក្រភពអង់គ្លេស។
ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាងជ័យលាភីពីប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិកមានកិត្តិយស ដែលទទួលបានជ័យលាភីពានរង្វាន់លំដាប់អន្តរជាតិ គឺ”ពានរង្វាន់អភិវឌ្ឍន៍សេវាកម្មសាធារណៈ ល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គម្រោងសាលសន្និបាត យូរ៉ូវីល / Best Public Service Development Asia Pacific for Euroville Convention Hall.”។
លោកឧកញ៉ាថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ ពីទីក្រុងឡុងដ៍ប្រទេសអង់គ្លេសថា “នេះជាជោគជ័យថ្មីមួយទៀតរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានធ្វើឲ្យទង់ជាតិកម្ពុជានិងស្លាកយីហោ ក្រុមហ៊ុន បង្ហាញខ្លួន លើវេទិការអន្តរជាតិ នៅកណ្ដាលទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។លោកបន្តថា “នេះមិនមែនជាការចៃដន្យទេដែល ក្រុមហ៊ុន ប៉េង ហួត គ្រុប យើងទទួលបានពានរង្វាន់អ្នកអភិវឌ្ឍសេវាកម្មសាធារណៈ ដែលល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការចូលរួមពីបណ្ដាលប្រទេសនានា ពី៥ទ្វីបលើពិភពលោក។
លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា នេះជាសមិទ្ធផល នៃការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្នុងក្រុមហ៊ុន ប៉េង ហួត គ្រុបយើងដែលបានសាមគ្គីគ្នាសំរេចចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីឈានមុខគេទាំងគុណភាព សោភ័ណភាព សេវាកម្ម ល្អជាងគេ ដូច្នេះខ្ញុំតំណាងឲ្យ ក្រុមហ៊ុន សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់នឹងសូមឲ្យថ្នាក់ដឹកនាំទាំងអស់ខិតខំបន្ថែមទៀតដើម្បីសំរេចគោលដៅក្រុមហ៊ុនឈានទៅទទួលពានលំដាប់ពិភពលោកបន្តទៀត។ ជាចុងក្រោយ ក្រុមហ៊ុនសូមថ្លែងអំណរគុណផងដែរដល់អតិថិជន ដែលបន្តផ្តល់ទំនុកចិត្តនិងគាំទ្រក្រុមហ៊ុនយើងខ្ញុំកន្លងមក”
ជារៀងរាល់ឆ្នាំក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស តែងតែរៀបចំការប្រកួតប្រជែងយកពានរង្វាន់ អចលនទ្រព្យអន្តរជាតិតាមតំបន់នីមួយៗ ដូចជា អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក អារ៉ាប់ អាមេរិក អឺរ៉ុប និងចក្រភពអង់គ្លេស ដើម្បីជ្រើសរើសរកក្រុមហ៊ុនដែលល្អជាងគេ មកប្រកួតប្រជែងដើម្បីសម្រិតសម្រាំងរកម្ចាស់ជ័យលាភីចុងក្រោយប្រចាំតំបន់នីមួយៗនិងពិភពលោក។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់លំដាប់ផ្កាយប្រាំចំនួន៣ និងពានរង្វាន់ផ្សេងៗសរុប១៣ពានរង្វាន់ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើងនៅសណ្ឋាគារThe Marriott Marquis Queen’s Park នៅទីក្រុងបាងកក ប្រទេសថៃផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានទទួលជ័យលាភី ជាក្រុមហ៊ុនអភិវឌ្ឍល្អជាងគេប្រចាំប្រទេសកម្ពុជាចំនួន៣ឆ្នាំជាប់គ្នាផងដែរ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា រៀបចំឡើងដោយក្រុមហ៊ុនProperty Guru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី៕