ការសិក្សាបង្កើតទីក្រុងល្វាឯមកំពុងធ្វើ ស្របបុរីធំមួយទំហំជាង៧០ហិកតាកំពុងលើកកំពស់សក្តានុពលតំបន់អរិយក្សត្រ

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ បុរីធំមួយបាននិងកំពុងបង្ហាញខ្លួន និងពង្រីកឆ្ពោះទៅមុខយ៉ាងសកម្ម ដែលគំរោងនេះបាន និងកំពុងរួមចំណែកលើកកំពស់សក្តានុពលតំបន់អរិយក្សត្រ។

ប្រធានផ្នែកទីផ្សារនៃបុរីវីឡាទួលសង្កែ លោកធី វណ្ណាបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ កញ្ញានេះថា ក្រុមហ៊ុនបាននិងកំពុង​សាងសង់បុរី បានបញ្ចប់ពីរដំណាក់កាលរួចហើយ ដោយដំណាក់កាលទី១ស្ថិតនៅលើដីទំហំជាង១០ហិកតា ដំណាក់កាលទី២ ស្ថិតនៅលើដីធំទំហំជាង១០ហិកតា និងដំណាក់កាលទី៣ បាននិងកំពុងរៀបចំនៅលើផ្ទៃដីសរុបនៃគំរោងទាំងមូល។

លោកបន្តថា “បុរីវីឡាទួលសង្កែបាននិងកំពុង លើកកំពស់មុខមាត់តំបន់អរិយក្សត្រ ដែលបច្ចុប្បន្នយើងបានបញ្ចប់ ការសាងសង់ផ្ទះជាង២០០០យូនីតរួចហើយ”។ លោកបន្តថា “ជាមួយនឹងការផ្តោតលើទស្សនទាននៃការអភិវឌ្ឍទាន់សម័យ បុរីបានផ្តោតលើសហគមន៍បៃតង មានដើមឈើខៀវស្រងាត់ ផ្លូវភ្លោះធំៗ មានផ្សារទំនើបបែបសហគមន៍ និងគ្រោងសា​ងសង់សាលារៀនផងដែរ”។

បុរីវីឡាទួលសង្កែ ស្ថិតនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកធី វណ្ណាបានបន្តទៀតថា បុរីវីឡាទួលសង្កែបាននិងកំពុងផ្តោតការសាងសង់ផ្ទះបីប្រភេទ គឺវីឡាភ្លោះ ផ្ទះអាជីវកម្ម និងវីឡាកូនកាត់បែបផ្ទះល្វែង ដែលការឌីសាញគំរោងនិមួយៗ ផ្តោតលើទស្សនទាននៃការអភិវឌ្ឍថ្មី និងសមស្របតាមចំណង់ចំណូលចិត្ត របស់ប្រជាពលរដ្ឋខ្មែរ។

លោកបន្តថា លើសពីនេះ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនបាននិងកំពុងត្រៀម បើកដំណើរការផ្សារទំនើបបែបសហគមន៍ រៀបចំប្រព័ន្ឋអុបទិក ដើម្បីតភ្ជាប់អ៉ឺនធើណេតតាមប្រព័ន្ឋស្តង់ដា និងសេវាកម្មចាំបាច់ជាច្រើនទៀត ដើម្បីផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល និងសុខដុមរមនា។

លោកបានបន្តទៀតថា អ្នកវិនិយោគឬទិញបុរីនេះសម្រាប់រស់នៅភាគច្រើន ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលពួកគាត់ចាប់អារម្មណ៍តំបន់នេះ ដោយសារជាតំបន់អភិវឌ្ឍន៍ថ្មី និងមានលក្ខខ័ណ្ឌអាកាសធាតុត្រជាក់មនោរម្យ ដោយសារទីតាំងនេះមានទន្លេនៅសងខាង និងបឹងធំៗ ដែលផ្តល់ឲ្យនូវបរិយាកាសរស់នៅប្រកបដោយផាសុខភាព។

កាលពីពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រ​កា​សពីការសិក្សាបង្កើតទីក្រុងល្វាឯម នៅក្នុងខេត្តកណ្តាល ដែលទីក្រុងថ្មីនេះ នឹងជួយលើកកំពស់អចលនទ្រព្យនៅក្នុងតំបន់ ពិសេសគម្រោងសាងសង់ស្ពានតភ្ចាប់ ពីផ្សាររាត្រីទៅកាន់តំបន់អរិយក្សត្រ នឹងធ្វើឲ្យការធ្វើដំណើរទៅកាន់តំបន់នេះមានភាពងាយស្រួល និងទាក់ទាញគំរោងវវិនិយោគពីអ្នកធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនទៀតនាពេលអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here