ដោយ: លាងហួរ
វៀតណាម: ក្រុមហ៊ុនលក់រាយរបស់ជប៉ុនAeon គ្រោងនឹងបង្កើនចំនួនផ្សារទំនើប នៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២៥ ដែលជាផ្នែកនៃយុទ្ធសាស្រ្តពង្រីករបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនវណ្ណៈក ណ្តាល ដែលបាននិងកំពុងកើនឡើង។
របាយការណ៍របស់សារពត៌មានNikkei Asia បានបង្ហាញថា ចំនួនផ្សារទំនើប Aeon នឹងកើនឡើងជិតបីដង នៅទូទាំងប្រទេសវៀតណាម។
ក្រុមហ៊ុន Aeon មានហាងចំនួន២០០ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន រួមទាំងផ្សារទំនើបធំៗចំនួន៦។ ហាងទាំងនេះមានទីតាំងផ្តុំគ្នានៅក្នុងទីក្រុងហូជីមិញ និងហាណូយ ដែលជាទីក្រុងធំជាងគេរបស់វៀតណាម។
ផ្សារទំនើបមួយ នឹងត្រូវបានបើកនៅកណ្តាលទីក្រុង Hue ក្នុងឆ្នាំ២០២៤ហើយក្រុមហ៊ុននេះ ក៏កំពុងពិចារណាបង្កើនផ្សារទំនើបរបស់ខ្លួននៅទីក្រុងហាណូយដល់១០០ នៅឆ្នាំ២០២៥ដែលប្រហែល១០ដងនៃចំនួនបច្ចុប្បន្ន។
របាយការណ៍បានដកស្រង់ សម្តីនាយកប្រតិបត្តិជាន់ខ្ពស់ Aeon ដែលនិយាយថា ប្រទេសវៀតណាមគឺជា ទីផ្សារដ៏សំខាន់បំផុតក្នុងយុទ្ធសាស្ត្រនៅបរទេសរបស់យើង។
ប្រទេសនេះមានប្រជាជនចំនួន១០០លាននាក់ ដែលមានអាយុជាមធ្យម៣៣ឆ្នាំ និងកំណើនសេដ្ឋកិច្ចជាង៧ភាគរយ ត្រូវបានរំពឹងនៅឆ្នាំនេះ។
ក្រុមហ៊ុនAeon បានឈានជើងចូលប្រទេសវៀតណាម ក្នុងឆ្នាំ២០១៤ ក្រោមទុនវិនិយោគជាង១,១៨ពាន់លានដុល្លារ នៅក្នុងប្រទេសរហូតមកដល់បច្ចុប្បន្ន៕