ដោយ: លាងហួរ
បាងកក: តម្លៃដីទំនេរនៅទីក្រុងបាងកក នៅតែបន្តហក់ឡើង១០,៣ភាគរយនៅក្នុងត្រីមាសទី៣ ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៥ត្រីមាសកន្លងមក ទោះបីជាមានការកើនឡើងនៃការប្រមូលពន្ធលើដី និងអគារយ៉ាងណាក្តី។
លោក Tritecha Tangmatitham នាយកគ្រប់គ្រងក្រុមហ៊ុន Supalai ដែលបានចុះបញ្ជីSETបានមានប្រសាសន៍ថា តម្លៃដាក់លក់សម្រាប់ដីទំនេរ នៅទីក្រុងបាងកក មិនបានធ្លាក់ចុះនោះទេ ទោះបីជាអត្រាពន្ធដី និងអគារត្រូវប្រមូលពេញលេញនៅឆ្នាំនេះក៏ដោយ ហើយម្ចាស់ដីមិនមានបញ្ហាក្នុងការបង់ពន្ធទេ ប៉ុន្តែអ្នកដែលបានគិតថា ការកាន់កាប់ដីជាបន្ទុក ឬមិនចង់បង់ពន្ធបានលក់ដី របស់ពួកគេរួចទៅហើយកាលពី១ ឬ២ឆ្នាំមុន។
លោក Boon Choon Kiat នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍ដែលចុះបញ្ជីនៅMAIបានមានប្រសាសន៍ថា ការចរចាលើកិច្ចព្រមព្រៀងដីធ្លីមានភាពលំបាកជាងមុន ចំពេលមានជំងឺរាតត្បាត និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារវិនិយោគិន កាន់តែច្រើនកំពុងទិញដីទុកជាទ្រព្យសកម្ម។
ជាធម្មតា អ្នកអភិវឌ្ឍន៍ត្រូវបង់១០ភាគរយ នៃតម្លៃដីជាមុនសិនដល់ម្ចាស់ដី ហើយនឹងបង់បង្ហើយក្នុងរយៈពេល៦ខែបន្ទាប់ ដើម្បីទទួលការផ្ទេរកម្មសិទ្ធិដី។
បច្ចុប្បន្ននេះក្រុមអ្នកអភិវឌ្ឍន៍ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីអ្នកវិនិយោគដី ដែលបង់លុយដែលនៅសល់ ក្នុងរយៈពេលបីខែ ឬបង់ចំនួនពេញតាមកាលបរិច្ឆេទនៃកិច្ចព្រមព្រៀង។
ការប្រមូលពន្ធលើដី និងអគារត្រូវបានកាត់បន្ថយចំនួន៩០ភាគរយក្នុងឆ្នាំ២០១៩និង២០២០ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ នៃជំងឺរាតត្បាត។
លោកបន្តថា ចំនួនប្រតិបត្តិការដីធ្លីប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះ ដោយសារតែអ្នកអភិវឌ្ឍន៍កម្រទិញដីថ្មីណាស់។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា ក្រុមអ្នកអភិវឌ្ឍន៍បានពន្យឺតការទិញដីរបស់ពួកគេ ដោយសារពួកគេចង់គ្រប់គ្រងថ្លៃចំណាយ ទាក់ទងនឹងពន្ធដីធ្លី។
លោកបានបន្តថា តម្លៃដីទំនេរនៅតែបន្តកើនឡើង ប៉ុន្តែជាមួយនឹងអត្រាកំណើនទាបជាងមុនពេលមានជំងឺរាតត្បាត។
យោងតាមREIC បានឱ្យដឹងថា សន្ទស្សន៍តម្លៃដីទំនេរនៅទីក្រុងបាងកក ក្នុងត្រីមាសទី៣ឆ្នាំ២០២២ កើនឡើង១០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕