តម្លៃដីនៅក្នុងទីក្រុងបាងកកហក់ឡើង១០,៣ភាគរយក្នុងត្រីមាសទី៣

0

ដោយ: លាងហួរ

បាងកក: តម្លៃដីទំនេរនៅទីក្រុងបាងកក នៅតែបន្តហក់ឡើង១០,៣ភាគរយនៅក្នុងត្រីមាសទី៣ ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៥ត្រីមាសកន្លងមក ទោះបីជាមានការកើនឡើងនៃការប្រមូលពន្ធលើដី និងអគារយ៉ាងណាក្តី។

លោក Tritecha Tangmatitham នាយកគ្រប់គ្រងក្រុមហ៊ុន Supalai ដែលបានចុះបញ្ជីSETបានមានប្រសាសន៍ថា តម្លៃដាក់លក់សម្រាប់ដីទំនេរ នៅទីក្រុងបាងកក មិនបានធ្លាក់ចុះនោះទេ ទោះបីជាអត្រាពន្ធដី និងអគារត្រូវប្រមូលពេញលេញនៅឆ្នាំនេះក៏ដោយ ហើយម្ចាស់​ដី​មិន​មាន​បញ្ហា​ក្នុង​ការ​បង់​ពន្ធ​ទេ ប៉ុន្តែអ្នក​ដែល​បានគិត​ថា ​ការ​កាន់​កាប់​ដី​ជា​បន្ទុក ឬ​មិន​ចង់​បង់​ពន្ធ​បាន​លក់​ដី ​របស់ពួកគេរួច​ទៅហើយ​កាល​ពី​១ ឬ២ឆ្នាំ​មុន។

លោក Boon Choon Kiat នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍ដែលចុះបញ្ជីនៅMAIបានមានប្រសាសន៍ថា ការចរចាលើកិច្ចព្រមព្រៀងដីធ្លីមានភាពលំបាកជាងមុន ចំពេលមានជំងឺរាតត្បាត និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារវិនិយោគិន កាន់តែច្រើនកំពុងទិញដីទុកជាទ្រព្យសកម្ម។

ជាធម្មតា អ្នកអភិវឌ្ឍន៍ត្រូវបង់១០ភាគរយ នៃតម្លៃដីជាមុនសិនដល់ម្ចាស់ដី ហើយនឹងបង់បង្ហើយក្នុងរយៈពេល៦ខែបន្ទាប់ ដើម្បីទទួលការផ្ទេរកម្មសិទ្ធិដី។

បច្ចុប្បន្ននេះក្រុមអ្នកអភិវឌ្ឍន៍ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីអ្នកវិនិយោគដី ដែលបង់លុយដែលនៅសល់ ក្នុងរយៈពេលបីខែ ឬបង់ចំនួនពេញតាមកាលបរិច្ឆេទនៃកិច្ចព្រមព្រៀង។

ការប្រមូលពន្ធលើដី និងអគារត្រូវបានកាត់បន្ថយចំនួន៩០ភាគរយក្នុងឆ្នាំ២០១៩និង២០២០ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ នៃជំងឺរាតត្បាត។

លោក​បន្ត​ថា ចំនួន​ប្រតិបត្តិការ​ដីធ្លី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​ធ្លាក់​ចុះ ដោយ​សារ​តែ​អ្នក​អភិវឌ្ឍន៍​កម្រ​ទិញ​ដី​ថ្មី​ណាស់។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា ក្រុមអ្នកអភិវឌ្ឍន៍បានពន្យឺតការទិញដីរបស់ពួកគេ ដោយសារពួកគេចង់គ្រប់គ្រងថ្លៃចំណាយ ទាក់ទងនឹងពន្ធដីធ្លី។

លោកបានបន្តថា តម្លៃដីទំនេរនៅតែបន្តកើនឡើង ប៉ុន្តែជាមួយនឹងអត្រាកំណើនទាបជាងមុនពេលមានជំងឺរាតត្បាត។

យោងតាមREIC បានឱ្យដឹងថា សន្ទស្សន៍តម្លៃដីទំនេរនៅទីក្រុងបាងកក ក្នុងត្រីមាសទី៣ឆ្នាំ២០២២ កើនឡើង១០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here