ប្រជាពលរដ្ឋចិនផ្ទុះបាតុកម្មរាលដាលស្ទើរទូទាំងប្រទេសជុំវិញនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាល

0

ដោយ: លាងហួរ

សៀងហៃ: ក្រុមហ្វូងបាតុករបានប្រមូលផ្តុំគ្នា លើដងផ្លូវក្នុងទីក្រុងសៀងហៃ នៅព្រឹកថ្ងៃអាទិត្យនេះ និងមានការបង្ហោះជាវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានបង្ហាញពីការផ្ទុះការតវ៉ា នៅក្នុងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសចិន។

បាតុកម្មដ៏កម្រនេះ ធ្វើឡើងខណៈពលរដ្ឋចិនបានងើបឡើងប្រឆាំងជាសាធារណៈ ចំពោះគោលនយោបាយសូន្យកូវីដ ដ៏រឹងរូសដែលដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ គ្រោះថ្នាក់អគ្គិភ័យមួយ បានឆាបឆេះយ៉ាងសាហាវនៅក្នុងទីក្រុង Urumqi ក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេសចិន ដែលបានបង្កឱ្យពលរដ្ឋមានការផ្ទុះកំហឹងយ៉ាងពុះកញ្ជ្រោល ដោយក្រុមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បាននាំគ្នាដាក់ការស្តីបន្ទោស លើការបិទខ្ទប់ជំងឺកូវីដ១៩ ដែលបានរារាំង ដល់ការពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា។

ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដ៏ធំបំផុតមួយចុងក្រោយគេដែលបន្តមានជំនឿយ៉ាងមុតមាំ លើយុទ្ធសាស្ត្រសូន្យកូវីដរបស់ខ្លួន ដោយអាជ្ញាធរចិន បានអនុវត្តវិធានការជាច្រើន ដូចជា ការបិទខ្ទប់ភ្លាមៗ ការធ្វើចត្តាឡីស័ករយៈពេលវែង និងការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីលុបបំបាត់ចោលឱ្យបានទាំងស្រុង នៃការផ្ទុះជំងឺកូវីដ១៩ឡើងវិញជាថ្មី។

យោងតាមវីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយពាសពេញ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ថតយកបានដោយសារពត៌មានបារាំង AFP បានឱ្យដឹងថា ក្រុមអ្នក​តវ៉ា​មួយចំនួន ហ៊ានដល់ថ្នាក់ស្រែកថា “ស៊ី ជីនពីងចុះ​ចេញ​ពី​តំណែង! បក្សកម្មុយនីស្តចិនចុះចេញទៅ!”នៅតាមដងផ្លូវក្នុងទីក្រុងសៀងហៃ

យោងតាមវីដេអូដែលថត បានដោយសាក្សីម្នាក់បានបង្ហាញថា ក្រុមហ្វូងបាតុករដ៏ធំមួយបានស្រែក និងលើកបដាពណ៌ “ស” ទទេ ដែលជានិមិត្តរូបប្រឆាំងនឹងការចាប់ពិរុទ្ធ នៅពេលដែលពួកគេប្រឈមមុខនឹងប៉ូលីសជាច្រើន។

ក្រុមអ្នក​ចូល​រួម​បាន​និយាយ​ថា ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច ប៉ុន្តែ​សរុបជា​រួម​ក្រុមប៉ូលិសចិនមានសុជីវធម៌ និងមានហេតុផល។

ពួកគេ​បាន​និយាយ​ថា​ “វា​ជា​រឿង​ដ៏​គួរ​ឲ្យ​រំជើបរំជួល ដែល​មនុស្ស​ជាច្រើនមាន​គំនិត​ដូច​គ្នា និងចេះរួបរួមសាមគ្គីគ្នា ហើយវា​ក៏ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ថាស្ថិតក្រោមកាលៈទេសៈ​បច្ចុប្បន្ន​នេះ នៅ​មាន​មនុស្ស​ក្លាហាន​ជាច្រើន​ ដែល​ហ៊ានក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាល”។

ចំណែកឯសាក្សី​ជា​ច្រើន​នាក់​ផ្សេងទៀតបាន​និយាយ​ថា មនុស្ស​ពីរ​បី​នាក់ ​ត្រូវ​បាន​ប៉ូលិស​នាំខ្លួនចេញទៅ​បាត់។

អាជ្ញាធរចិនបានប្រញាប់ ក្នុងការទប់ស្កាត់ការពិភាក្សាគ្នា លើបណ្តាញសង្គមអ៉ីនធឺណេតលើបញ្ហាដ៏រសើបនេះ ដោយឃ្លាប្រយោគដែលជាប់ពាក់ព័ន្ធនឹងបាតុកម្មផ្សេងៗ ត្រូវបានលុបចេញពីវេទិកាសង្គមWeiboរបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here