ដោយ: លាងហួរ
សៀងហៃ: ក្រុមហ្វូងបាតុករបានប្រមូលផ្តុំគ្នា លើដងផ្លូវក្នុងទីក្រុងសៀងហៃ នៅព្រឹកថ្ងៃអាទិត្យនេះ និងមានការបង្ហោះជាវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានបង្ហាញពីការផ្ទុះការតវ៉ា នៅក្នុងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសចិន។
បាតុកម្មដ៏កម្រនេះ ធ្វើឡើងខណៈពលរដ្ឋចិនបានងើបឡើងប្រឆាំងជាសាធារណៈ ចំពោះគោលនយោបាយសូន្យកូវីដ ដ៏រឹងរូសដែលដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ គ្រោះថ្នាក់អគ្គិភ័យមួយ បានឆាបឆេះយ៉ាងសាហាវនៅក្នុងទីក្រុង Urumqi ក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេសចិន ដែលបានបង្កឱ្យពលរដ្ឋមានការផ្ទុះកំហឹងយ៉ាងពុះកញ្ជ្រោល ដោយក្រុមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បាននាំគ្នាដាក់ការស្តីបន្ទោស លើការបិទខ្ទប់ជំងឺកូវីដ១៩ ដែលបានរារាំង ដល់ការពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា។
ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដ៏ធំបំផុតមួយចុងក្រោយគេដែលបន្តមានជំនឿយ៉ាងមុតមាំ លើយុទ្ធសាស្ត្រសូន្យកូវីដរបស់ខ្លួន ដោយអាជ្ញាធរចិន បានអនុវត្តវិធានការជាច្រើន ដូចជា ការបិទខ្ទប់ភ្លាមៗ ការធ្វើចត្តាឡីស័ករយៈពេលវែង និងការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីលុបបំបាត់ចោលឱ្យបានទាំងស្រុង នៃការផ្ទុះជំងឺកូវីដ១៩ឡើងវិញជាថ្មី។
យោងតាមវីដេអូដែលត្រូវបានចែកចាយពាសពេញ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងថតយកបានដោយសារពត៌មានបារាំង AFP បានឱ្យដឹងថា ក្រុមអ្នកតវ៉ាមួយចំនួន ហ៊ានដល់ថ្នាក់ស្រែកថា “ស៊ី ជីនពីងចុះចេញពីតំណែង! បក្សកម្មុយនីស្តចិនចុះចេញទៅ!”នៅតាមដងផ្លូវក្នុងទីក្រុងសៀងហៃ
យោងតាមវីដេអូដែលថត បានដោយសាក្សីម្នាក់បានបង្ហាញថា ក្រុមហ្វូងបាតុករដ៏ធំមួយបានស្រែក និងលើកបដាពណ៌ “ស” ទទេ ដែលជានិមិត្តរូបប្រឆាំងនឹងការចាប់ពិរុទ្ធ នៅពេលដែលពួកគេប្រឈមមុខនឹងប៉ូលីសជាច្រើន។
ក្រុមអ្នកចូលរួមបាននិយាយថា មានការប៉ះទង្គិចគ្នាបន្តិចបន្តួច ប៉ុន្តែសរុបជារួមក្រុមប៉ូលិសចិនមានសុជីវធម៌ និងមានហេតុផល។
ពួកគេបាននិយាយថា “វាជារឿងដ៏គួរឲ្យរំជើបរំជួល ដែលមនុស្សជាច្រើនមានគំនិតដូចគ្នា និងចេះរួបរួមសាមគ្គីគ្នា ហើយវាក៏ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលថាស្ថិតក្រោមកាលៈទេសៈបច្ចុប្បន្ននេះ នៅមានមនុស្សក្លាហានជាច្រើន ដែលហ៊ានក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាល”។
ចំណែកឯសាក្សីជាច្រើននាក់ផ្សេងទៀតបាននិយាយថា មនុស្សពីរបីនាក់ ត្រូវបានប៉ូលិសនាំខ្លួនចេញទៅបាត់។
អាជ្ញាធរចិនបានប្រញាប់ ក្នុងការទប់ស្កាត់ការពិភាក្សាគ្នា លើបណ្តាញសង្គមអ៉ីនធឺណេតលើបញ្ហាដ៏រសើបនេះ ដោយឃ្លាប្រយោគដែលជាប់ពាក់ព័ន្ធនឹងបាតុកម្មផ្សេងៗ ត្រូវបានលុបចេញពីវេទិកាសង្គមWeiboរបស់ប្រទេសចិន៕