ដោយ: លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ ក្នុងទំហំទឹកប្រាក់ចំនួន៤៦០,៨លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ កើនឡើង១៨,៤ ភាគរយ ពី៣៨៩លានដុល្លារក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំ២០២១។
នេះបើងតាមព្រឹត្តិបត្រប្រចាំត្រីមាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា។
ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៥២ ក្នុងអំឡុងពេលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ដែលកើនឡើងពី៤៧គម្រោង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគម្រោងទាំងនោះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួន៤០.២៧៤កន្លែង។
គម្រោងវិនិយោគថ្មីទាំងនោះបានផ្តោតលើ វិស័យថាមពលពន្លឺព្រះអាទិត្យ សុខភាព ការដំឡើងរថយន្ត ការអភិវឌ្ឍកោះ និងផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងទាំងគម្រោងវិនិយោគ និងតម្លៃបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តយ៉ាងខ្លាំងរបស់វិនិយោគិនចំពោះសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយសុខភាពល្អរបស់កម្ពុជា។
លោកឧកញ៉ា បានថ្លែងប្រាប់សារពត៌មានអន្តរជាតិមួយថា គម្រោងវិនិយោគថ្មីទាំងនេះនឹងនាំមកនូវដើមទុនវិនិយោគ បច្ចេកវិទ្យាថ្មី និងបង្កើតឱកាសការងារបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។
លោក គី សេរីវឌ្ឍន៍ សេដ្ឋវិទូជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកត្តាស្រូបទាញក្រុមវិនិយោគិនបរទេសមកកម្ពុជា។
លោកបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះនឹងជួយដល់កម្ពុជា ក្នុងការពន្លឿនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតកូវីដ១៩៕