ប្រទេសកម្ពុជា​ទាក់ទាញ​លំហូរវិនិយោគ​ជាង​៤៦០​លាន​ដុល្លារអាមេរិក​ក្នុង​ត្រីមាស​ទី​៣​

0

ដោយ: លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ ក្នុងទំហំទឹកប្រាក់ចំនួន៤៦០,៨លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ កើនឡើង១៨,៤ ភាគរយ ពី៣៨៩លានដុល្លារក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំ២០២១។

នេះបើងតាមព្រឹត្តិបត្រប្រចាំត្រីមាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា។

ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៥២ ក្នុងអំឡុងពេលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ដែលកើនឡើងពី៤៧គម្រោង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគម្រោងទាំងនោះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួន៤០.២៧៤កន្លែង។

គម្រោង​វិនិយោគ​ថ្មី​ទាំង​នោះ​បាន​ផ្តោត​លើ ​វិស័យថាមពល​ពន្លឺ​ព្រះអាទិត្យ សុខភាព ការ​ដំឡើង​រថយន្ត ការ​អភិវឌ្ឍ​កោះ និង​​ផលិតកម្ម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងទាំងគម្រោងវិនិយោគ និងតម្លៃបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តយ៉ាងខ្លាំងរបស់វិនិយោគិនចំពោះសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយសុខភាពល្អរបស់កម្ពុជា។

លោកឧកញ៉ា បានថ្លែងប្រាប់សារពត៌មានអន្តរជាតិមួយថា គម្រោងវិនិយោគថ្មីទាំងនេះនឹងនាំមកនូវដើមទុនវិនិយោគ បច្ចេកវិទ្យាថ្មី និងបង្កើតឱកាសការងារបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។

លោក គី សេរីវឌ្ឍន៍ សេដ្ឋវិទូជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកត្តាស្រូបទាញក្រុមវិនិយោគិនបរទេសមកកម្ពុជា។

លោក​បាន​បន្ត​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ពីរ​នេះនឹង​ជួយ​ដល់កម្ពុជា ​ក្នុងការពន្លឿន​ការ​ស្ទុះ​ងើប​ឡើងវិញនៃសេដ្ឋកិច្ច ​ក្រោយជំងឺរាតត្បាតកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here