ដោយ: លាងហួរ
ហ្សាការតា: ក្រសួងសាធារណការរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា បានស្នើសុំថវិកាបន្ថែមចំនួន១២,៧ពាន់ពាន់លានរូពៀ (ស្មើនឹង៨០៧,៦៨លានដុល្លារអាមេរិក) សម្រាប់រយៈពេល២ឆ្នាំខាងមុខ ដើម្បីពន្លឿនការសាងសង់ទីក្រុងរដ្ឋធានីថ្មីនៅលើកោះបរណេអូ។
ប្រសិនបើសំណើរខាងលើនេះត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុ នោះថវិកាដែលបានគ្រោងទុកសម្រាប់សាងសង់រដ្ឋធានីថ្មី Nusantara នឹងកើនឡើង៣០ភាគរយ ដល់៥៥,៧ពាន់ពាន់លានរូពៀ(ប្រហែល៣,៥៣ពាន់លានដុល្លារអាមេរិក)។
កាលពីដើមឡើយ រដ្ឋាភិបាលគ្រោងចំណាយថវិកាត្រឹមតែ៤៣ពាន់ពាន់លានរូពៀ (ប្រហែល២,៧៣ពាន់លានដុល្លារ) ក្នុងរយៈពេលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃគម្រោងតម្លៃ៣២ពាន់លានដុល្លារអាមេរិកនេះ។
រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងផ្តល់ហិរញ្ញប្បទានប្រហែលតែមួយភាគប្រាំ នៃការចំណាយសរុបប៉ុណ្ណោះ ហើយក្រុមវិនិយោគិននឹងបណ្តាក់ទុន៤ភាគទៀត ដែលនៅសេសសល់។
លោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋានសាធារណៈ បានថ្លែងក្នុងសវនាការសភាថា ការផ្តល់មូលនិធិថវិកាបន្ថែម មានភាពចាំបាច់ណាស់ ក្នុងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់រដ្ឋាភិបាលស្នូល រួមមាន ផ្លូវដែលត្រូវចំណាយប្រាក់ និងផ្ទះសម្រាប់មន្ត្រីរាជការ។
លោក Basuki បានមានប្រសាសន៍បន្តថា គម្រោងសាងសង់លើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រដ្ឋាភិបាលស្នូលគ្រោងចាប់ផ្តើម នៅក្នុងខែមករាខាងមុខ ខណៈប្រធានាធិបតីឥណ្ឌូណេស៊ី លោកJoko widodo គ្រោងអញ្ជើញក្រុមវិនិយោគិនមកទស្សនារដ្ឋធានីថ្មី នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៣។
តាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា បានឱ្យដឹងថា លោក Joko Widodo បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបើកចំហតំបន់វិនិយោគផ្សេងៗដទៃទៀត នៅក្នុងតំបន់រដ្ឋាភិបាលស្នូល ដើម្បីបំពេញតម្រូវការខ្ពស់ពីក្រុមវិនិយោគិន៕