ឥណ្ឌូណេស៊ី​បោះទុនបន្ថែមជាង៨០០លានដុល្លារដើម្បីពន្លឿនការសាងសង់​រដ្ឋធានី​ថ្មីតម្លៃជាង៣២ពាន់លានដុល្លារអាមេរិក

0

ដោយ: លាងហួរ

ហ្សាការតា: ក្រសួងសាធារណការរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា បានស្នើសុំថវិកាបន្ថែមចំនួន១២,៧ពាន់ពាន់លានរូពៀ (ស្មើនឹង៨០៧,៦៨លានដុល្លារអាមេរិក) សម្រាប់រយៈពេល២ឆ្នាំខាងមុខ ដើម្បីពន្លឿនការសាងសង់ទីក្រុងរដ្ឋធានីថ្មីនៅលើកោះបរណេអូ។

ប្រសិនបើសំណើរខាងលើនេះត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុ នោះថវិកាដែលបានគ្រោងទុកសម្រាប់សាងសង់រដ្ឋធានីថ្មី Nusantara នឹងកើនឡើង៣០ភាគរយ ដល់៥៥,៧ពាន់ពាន់លានរូពៀ(ប្រហែល៣,៥៣ពាន់លានដុល្លារអាមេរិក)។

កាលពីដើមឡើយ រដ្ឋាភិបាលគ្រោងចំណាយថវិកាត្រឹមតែ៤៣ពាន់ពាន់លានរូពៀ (ប្រហែល២,៧៣ពាន់លានដុល្លារ) ក្នុងរយៈពេលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃគម្រោងតម្លៃ៣២ពាន់លានដុល្លារអាមេរិកនេះ។

រដ្ឋាភិបាល​បាន​ប្រកាសថា ខ្លួន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រហែល​តែ​មួយ​ភាគ​ប្រាំ ​នៃ​ការ​ចំណាយ​សរុប​ប៉ុណ្ណោះ ហើយ​ក្រុមវិនិយោគិននឹង​បណ្តាក់ទុន៤ភាគទៀត ដែលនៅ​សេសសល់។

លោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋានសាធារណៈ បានថ្លែងក្នុងសវនាការសភាថា ការផ្តល់មូលនិធិថវិកាបន្ថែម មានភាពចាំបាច់ណាស់ ក្នុងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់រដ្ឋាភិបាលស្នូល រួមមាន ផ្លូវដែលត្រូវចំណាយប្រាក់ និងផ្ទះសម្រាប់មន្ត្រីរាជការ។

លោក Basuki បានមានប្រសាសន៍បន្តថា គម្រោងសាងសង់លើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រដ្ឋាភិបាលស្នូលគ្រោងចាប់ផ្តើម នៅក្នុងខែមករាខាងមុខ ខណៈប្រធានាធិបតីឥណ្ឌូណេស៊ី លោកJoko widodo គ្រោងអញ្ជើញក្រុមវិនិយោគិនមកទស្សនារដ្ឋធានីថ្មី នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៣។

តាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា បានឱ្យដឹងថា លោក Joko Widodo បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបើកចំហតំបន់វិនិយោគផ្សេងៗដទៃទៀត នៅក្នុងតំបន់រដ្ឋាភិបាលស្នូល  ដើម្បីបំពេញតម្រូវការខ្ពស់ពីក្រុមវិនិយោគិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here