ដោយ: លាងហួរ
តូក្យូ: រដ្ឋបាលក្រុងតូក្យូ គ្រោងដាក់ចេញបទបញ្ញត្រិដោយតម្រូវឱ្យលំនៅដ្ឋាន ដែលទើបសាងសង់ថ្មីត្រូវបំពាក់ ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធ២០២៥។
ការសម្រេចចិត្តនេះ បានធ្វើឡើងក្នុងចំណោម កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការកាត់បន្ថយការបញ្ចេញកាបូនពីវិស័យគ្រួសារ។
យោងតាមសារពត៌មានជប៉ុន Kyodo News បានរាយការណ៍មកថា ច្បាប់សន្តិសុខបរិស្ថានថ្មីនេះ ត្រូវបានអនុម័ត ដោយការបោះឆ្នោតភាគច្រើននៅថ្ងៃចុងក្រោយ នៃសម័យប្រជុំសភាទីក្រុងតូក្យូធម្មតា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រុមហ៊ុនសាងសង់លំនៅដ្ឋានធំៗ នឹងត្រូវតម្រូវឱ្យដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យលើអគារ ដែលមានផ្ទៃក្រឡាសរុប តិចជាង២.០០០ម៉ែត្រការ៉េ។
អ្នកទិញផ្ទះក៏នឹងត្រូវតម្រូវឱ្យសហការគ្នាផងដែរ ហើយអ្នកដែលចុះកិច្ចសន្យាឯកជន សាងសង់លំនៅដ្ឋានទំហំ២.០០០ម៉ែត្រការ៉េ ឬច្រើនជាងនេះ នឹងត្រូវមានកាតព្វកិច្ចបំពាក់លំនៅដ្ឋានរបស់ពួកគេ ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យ។
រដ្ឋាភិបាលក្រុងតូក្យូបានព្យាករណ៍ថា ថ្លៃដើមចំនួន៧.២០០ដុល្លារសម្រាប់ការដំឡើង បន្ទះសូឡាថាមពល៤គីឡូវ៉ាត់ អាចត្រូវបានរ៉ាប់រងក្នុងរយៈពេល១០ឆ្នាំ ពីប្រាក់ចំណូលនៃការលក់អគ្គិសនី ហើយថ្លៃដើមនេះអាចនឹងកាត់បន្ថយរហូតដល់៦ឆ្នាំបន្ថែមទៀត តាមរយៈការឧបតម្ថធន។
នៅឆ្នាំត្រឹមឆ្នាំ២០៣០ខាងមុខ ទីក្រុងតូក្យូគ្រោងកាត់បន្ថយការបំភាយកាបូនរបស់ខ្លួន ឱ្យបានពាក់កណ្តាលពីកម្រិតក្នុងឆ្នាំ២០០០។
ចំណែកថវិកាបន្ថែមប្រមាណ៨៥៣.៧១លានដុល្លារ ដែលរាប់បញ្ចូលទាំងជំនួយឥតសំណង សម្រាប់ការដំឡើងបន្ទះសូឡា ក៏ត្រូវបានអនុម័តសម្រាប់កម្មវិធីនេះផងដែរ៕