ទីក្រុងតូក្យូតម្រូវឱ្យលំនៅដ្ឋានសាងសង់ថ្មីៗត្រូវបំពាក់ដោយបន្ទះសូឡា

0

ដោយ: លាងហួរ

តូក្យូ: រដ្ឋបាលក្រុងតូក្យូ គ្រោងដាក់ចេញបទបញ្ញត្រិដោយតម្រូវឱ្យលំនៅដ្ឋាន ដែលទើបសាងសង់ថ្មីត្រូវបំពាក់ ដោយបន្ទះស្រូបពន្លឺព្រះអាទិ​ត្យ ឬបន្ទះសូឡា ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធ២០២៥។

ការ​សម្រេច​ចិត្ត​នេះ បាន​ធ្វើឡើង​ក្នុង​ចំណោម ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ពី​វិស័យ​គ្រួសារ។

យោងតាមសារពត៌មានជប៉ុន Kyodo News បានរាយការណ៍មកថា ច្បាប់សន្តិសុខបរិស្ថានថ្មីនេះ ត្រូវបានអនុម័ត ដោយការបោះឆ្នោតភាគច្រើននៅថ្ងៃចុងក្រោយ នៃសម័យប្រជុំសភាទីក្រុងតូក្យូធម្មតា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ក្រុមហ៊ុនសាងសង់លំនៅដ្ឋានធំៗ នឹងត្រូវតម្រូវឱ្យដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យលើអគារ  ដែលមានផ្ទៃក្រឡាសរុប តិចជាង២.០០០ម៉ែត្រការ៉េ។

អ្នកទិញផ្ទះក៏នឹងត្រូវតម្រូវឱ្យសហការគ្នាផងដែរ  ហើយអ្នកដែលចុះកិច្ចសន្យាឯកជន សាងសង់លំនៅដ្ឋានទំហំ២.០០០ម៉ែត្រការ៉េ ឬច្រើនជាងនេះ នឹងត្រូវមានកាតព្វកិច្ចបំពាក់លំនៅដ្ឋានរបស់ពួកគេ ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យ។

រដ្ឋាភិបាលក្រុងតូក្យូបានព្យាករណ៍ថា ថ្លៃដើមចំនួន៧.២០០ដុល្លារសម្រាប់ការដំឡើង បន្ទះសូឡាថាមពល៤គីឡូវ៉ាត់ អាចត្រូវបានរ៉ាប់រងក្នុងរយៈពេល១០ឆ្នាំ ពីប្រាក់ចំណូលនៃការលក់អគ្គិសនី ហើយថ្លៃដើមនេះអាចនឹងកាត់បន្ថយរហូតដល់៦ឆ្នាំបន្ថែមទៀត តាមរយៈការឧបតម្ថធន។

នៅឆ្នាំត្រឹមឆ្នាំ២០៣០ខាងមុខ ទីក្រុងតូក្យូគ្រោងកាត់បន្ថយការបំភាយកាបូនរបស់ខ្លួន ឱ្យបានពាក់កណ្តាលពីកម្រិតក្នុងឆ្នាំ២០០០។

ចំណែកថវិកាបន្ថែមប្រមាណ៨៥៣.៧១លានដុល្លារ  ដែលរាប់បញ្ចូ​លទាំងជំនួយឥតសំណង សម្រាប់ការដំឡើងបន្ទះសូឡា ក៏ត្រូវបានអនុម័តសម្រាប់កម្មវិធីនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here