[:km]ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិនបានបើកសម្ពោធឆ្នាំទេសចរណ៍ និងវប្បធម៌ជាលើកដំបូង ដែលបានប្រព្រឹត្តទៅសាលសន្និសីទចតុមុខ កាលពីរាត្រីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ ក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពស់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជននៃប្រទេសទាំងពីរ។
តាមរយៈការរៀបចំបើកសម្ពោធឆ្នាំទេសចរណ៍ និងវប្បធម៌ កម្ពុជា-ចិន លើកដំបូងនេះ នឹងជួយជម្រុញដ់ការស្រូបទាញកំណើនទេសចរ និងវិនិយោគិនចិនមកកម្ពុជាកាន់តែច្រើនថែមទៀត ពិសេសនឹងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានទំនាក់ទំនង និងកិច្ចសហការផ្នែកទេសចរណ៍ និងវប្បធម៌ កាន់តែរឹងមាំ ជិតស្និទ្ធ និងផ្សារភ្ជាប់បេះដូង ដួងចិត្តនិងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ សំដៅចូលរួមចំណែកដល់ការបង្កើតសហគមន៍រួមដែលមានវាសនាតែមួយ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ក្នុងពិធីខាងលើថា ឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិននាឆ្នាំ២០១៩នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន កាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀតនាពេលអនាគត ចាប់ពីពេលនេះ។
លោកបន្ថែមទៀតថា «តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីសម្ពោធទិវា ឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន ដែលជាកម្មវិធីដ៏អធិកអធម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យវប្បធម៌ និងទេសចរណ៍។
លោកហោ ណាំហុងបានបន្តថា នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជានិងចិន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានសកម្មភាពវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ»។
ប្រទេសចិន និងកម្ពុជាមានប្រវត្តិទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ តាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត បានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនចិន និងកម្ពុជាតាំងពី ១ពាន់ឆ្នាំមុន។ ប្រទេសទាំងពីរ ជាប្រទេសជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ បានពីការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ពីរដ្ឋាភិបាល និងប្រជាជនចិន។អនាគតនៃវិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានទេ។
កម្ពុជាពិតជាមានសុទិដ្ឋិនិយម និងគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញនូវយុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់ និងវិថីរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលនឹងធ្វើអោយប្រទេសតាមបណ្តោយផ្លូវសូត្រ រួមទាំង អាស៊ាន និងកម្ពុជា ទទួលបាននូវវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យ៕
[:]