កម្ពុជាកំពុងពន្លឿនការកែលម្អផ្លូវដែកល្បឿនលឿនភ្នំពេញ -ខេត្តព្រះសីហនុ

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ កម្ពុជា​កំពុង​ដំណើរ​ការកែលម្អ ​ផ្លូវដែក​ភាគខាងត្បូង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ពី​ល្បឿន​យឺត​ឱ្យទៅ​ល្បឿន​លឿន ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​កើន​ឡើង ​នៃ​តម្រូវការ​អ្នកដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​ពេលបច្ចុប្បន្ន​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សា​ធារ​ណ​ការ និង​ដឹកជញ្ជូន​។​

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ក្នុង​កម្មវិធី​មួយ​កាលពី​សប្តាហ៍​មុន នៅ​ផ្សារ​អ៊ី​អន​មានជ័យថា បន្ទាប់ពី​បញ្ចប់​ការសិក្សា ​លើ​ការធ្វើឱ្យ​ប្រសើរឡើង​ខ្សែ​រថភ្លើង​ ភាគ​ខាងជើង​រវាង​ភ្នំពេញ​-​ប៉ោយប៉ែត បច្ចុប្បន្ន​ក្រសួង​កំពុងធ្វើការ​សិក្សា​ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ខ្សែ​រថភ្លើង​ខាងត្បូង ​ទៅជា​រថភ្លើង​ល្បឿន​លឿន​ផងដែរ​។​លោក​ថ្លែងថា​ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ​-​ប៉ោយប៉ែត​ យើង​ក៏បាន​បញ្ចប់​ការសិក្សា​ផងដែរ ​ដែល​អាចរ​ត់បា​ន​១៦០ ​គីឡូម៉ែត្រ​ក្នុង ​១​ ម៉ោង​។ សព្វថ្ងៃនេះ ផ្លូវ​រថភ្លើង​អាច​រត់​បាន​ក្នុង​ល្បឿន​ពី៣០ ឬ៤០ ​គីឡូម៉ែត្រ​ក្នុង​១ម៉ោង ឬ​ច្រើន​បំផុត៨០​គីឡូម៉ែត្រ​ក្នុង១​ម៉ោង​ប៉ុណ្ណោះ​នៅ​ខ្សែ​ភាគខាងត្បូង​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។ បើ​យើង​អាច​កសាង​ផ្លូវ​រថភ្លើង​នេះ​បាន​១៦០ ​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង វា​នឹង​ក្លាយជា​រឿង​ដ៏​ល្អ​

លោកបញ្ជាក់ថា “ឥឡូវ​យើង​កំពុង​សិក្សា​ផ្លូវ​រថភ្លើង ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ក៏បាន​ដំឡើង​ល្បឿន​ដល់១៦០គីឡូម៉ែត្រ ​ក្នុង​១​ម៉ោង”។​

លទ្ធផល​បឋម​នៃ​ការសិក្សា​ពី​លទ្ធភាព ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ប៉ោយ​​ប៉ែត ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​របស់​កម្ពុជាបង្ហាញថា ​គម្រោង​នេះ​នឹងត្រូវ​ចំណាយ​ជាង៤​ពាន់​លាន​ដុល្លារ ហើយនឹង​ចំណាយ​ពេលវេលា ​ប្រហែល៤​ឆ្នាំ​ដើម្បី​បញ្ចប់​ការសាងសង់។​

ការសិក្សា​នេះ ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន ​(CRBC)​ ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។ នៅពេល​សាងសង់​រួច​ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ​នឹង​ផ្តោតលើ​ការធ្វើដំណើរ​របស់​អ្នកដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក ស៊ុន ចាន់ថុល​។​

រថភ្លើង​នេះ​នឹង​អាចធ្វើ​ដំណើរ ​ក្នុង​ល្បឿន​អតិបរមា១៦០​គីឡូ​​ម៉ែត្រ​ក្នុង​១​ម៉ោង ដោយមាន​ស្ថានីយ​សរុបចំនួន៣៣ទីតាំង ​នៅតាម​ដង​ផ្លូវ​។ ស្ពាន​អាកាស​ជាង៣០០ នឹងត្រូវ​សាងសង់​ដើម្បី​ចៀសវាង​ការប៉ះទង្គិច​គ្នា​រវាង​រថភ្លើង និង​យានជំនិះ​នៅលើ​ផ្លូវ​ប្រសព្វ ​ជា​មួយ​ផ្លូវដែក​។ តួ​រថភ្លើង​នឹងត្រូវ​បែង​ចែកជា​ផ្នែកៗ​មួយ​ សម្រាប់​អ្នកដំណើរ និង​ទំនិញ​។​

លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា ​(CLA)បានមានប្រសាសន៍ថា ការតភ្ជាប់​ផ្លូវដែក​ទាំង​២ មាន​សារៈសំខាន់​ណាស់​ក្នុងការ​ផ្តល់នូវ​ជម្រើស​ដឹកជញ្ជូន​បន្ថែមទៀត​ សម្រាប់​អ្នកជំនួញ​ព្រោះ​វា​នឹង​រួមចំណែក ​ជួយ​កាត់​បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​។

លោក​បន្តថា ផ្លូវដែក​ល្បឿន​លឿន​ នឹង​កាន់​តែមាន​សារៈសំខាន់​គឺ​មិន​ត្រឹមតែ​ដឹកជញ្ជូន​ទំនិញ ​ជាមួយ​ប្រទេសជិតខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើកកម្ពស់​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ផងដែរ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here